រថយន្ត បុក​ម៉ូតូ​, ​អ្នកបើកបរ​ម៉ូតូ​រងរបួស​ធ្ងន់​, ​រថយន្ត​ធ្លាក់​ប្រឡាយ​របួស​ជនបរទេស ​៣​ នាក់

    សៀមរាប ៖ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​រវាង​រថយន្ត​និង​ម៉ូតូ​កាលពី​វេលា​ម៉ោង២ ​និង​៣០​នាទី​ថ្ងៃទី​០៤ ខែធ្នូ ឆ្នាំ​២០១៦ នៅ​ចំណុច​គីឡូម៉ែត្រ លេខ​៨ និង​៩ ផ្លូវជាតិ​លេខ​៦៨ ស្ថិតនៅ​ភូមិ​តា​មាឃ ឃុំ​ច​ន្លា​ស់​ដៃ ស្រុក​ក្រឡាញ់ ខេត្តសៀមរាប។​

    ប៉ូលិស​និយាយថា គ្រោះថ្នាក់​ចរាចរណ៍​នេះ​រវាង​ម៉ូតូ​ម៉ាក WAVE ​ពណ៌​ក្រហម​លាយ​ខ្មៅ បើកបរ​ដោយ​ឈ្មោះ កែវ បើក​មិន​ប្រកាន់​ស្តាំ​រេ​ចង្កូត​ទៅបុក​រថយន្ត​១៥ ​កៅអី ម៉ាក​ SANG YONG ITANA ពាក់​ស្លាក​លេខ​ភ្នំពេញ 2V-3783 ដឹក​ភ្ញៀវ​ទេសចរណ៍​ជនជាតិ​បារាំង​ចំនួន​៦​នាក់ បណ្ដាលឱ្យ​រថយន្ត​ដឹក​ភ្ញៀវ​ទេសចរណ៍​ធ្លាក់ចូល​ប្រ​ឡាញ​ទឹក និង​បណ្ដាលឱ្យ​ជនជាតិ​បារាំង​ចំនួន​៣​នាក់​រងរបួស​ធ្ងន់ និង​ស្រាល រួមទាំង​អ្នកបើកបរ​ម៉ូតូ​ម្នាក់​រងរបួស​ធ្ងន់ ក្រោយពេល​កើតហេតុ​ម្ចាស់​រថយន្ត​បាន​រត់​គេចខ្លួនបាត់​។​

    លោក​វរៈសេនីយ៍ត្រី ជី បេង​ជន អធិការ​ប៉ូលិស​ស្តីទី​ស្រុក​ក្រឡាញ់​បានឱ្យដឹងថា ករណី​គ្រោះថ្នាក់​ខាងលើ​បណ្តាលមកពី​ម៉ូតូ​បើក​លឿន ហើយ​រេ​ចង្កូត​ទៅ​ឆ្វេង​ដៃ​បណ្ដាល​ឱ្យ​បុក​រថយន្ត​ដឹក​ភ្ញៀវ ធ្លាក់​ប្រឡាយទឹក ហើយ​ម្ចាស់​រថយន្ត​បាន​គេចខ្លួនបាត់​ពី​កន្លែងកើតហេតុ រីឯ​អ្នកបើកបរ​ម៉ូតូ​រងរបួស​ធ្ងន់​។​

    លោក​អធិការ​បន្តថា រថយន្ត និង​ម៉ូតូ​បើក​បញ្ច្រាស់ទិស​គ្នា​ពី​ជើង​ទៅ​ត្បូង តាម​ការមើល​ទិដ្ឋភាព​ជាក់ស្តែង​បណ្ដាលមកពី អ្នកបើកបរ​ម៉ូតូ​មិន​ប្រកាន់​ស្តាំ​ក៏​រេ​ចង្កូត​ចូល​ខាងស្តាំ​រថយន្ត ទើប​បណ្ដាលឱ្យមាន​ករ​ណី​គ្រោះថ្នាក់​ចរាចរណ៍​នេះ​កើតឡើង​។​

    បច្ចុប្បន្ន​អ្នកបើកបរ​ម៉ូតូ និង​ជនជាតិ​បារាំង ត្រូវបាន​ដឹក​យកទៅជួយ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ភ្លាមៗ​ផងដែរ រីឯ​ម៉ូតូ និង​រថយន្ត​ត្រូវបាន​ប៉ូលិស​ស្រុក​យកមក​រក្សាទុក​ដើម្បី​កសាង​សំណុំរឿង​ទៅតាម​នីតិវិធី​ច្បាប់​៕

adverise with khmeread