ថ្ងៃ​ចុង​សប្តាហ៍​អាវុធហត្ថ​រាជធានី​បញ្ជូន​កំពូលមនុស្ស​ ១៧ ​នាក់​បញ្ជូនទៅ​តុលាការ

    ភ្នំពេញ ៖ ជនសង្ស័យ​ពាក់ព័ន្ធ​បទល្មើស​ករណី​កាច់​សោ​-​ក លួច​យក​ម៉ូតូ​ចំនួន​០៤​នាក់​, ករណី​ឆក់​កាបូប​ចំនួន​០២​នាក់​, ករណី​ជួញដូរ​និង​ប្រើប្រាស់​គ្រឿងញៀន​ចំនួន​ ១១​ នាក់​ត្រូវបាន​កម្លាំង​អាវុធហត្ថ​បង្ក្រាប ហើយ​បញ្ជូនទៅ​តុលាការ​កាលពី​ចុង​សប្តាហ៍​នេះ​តាម​នីតិវិធី។​

    មន្ត្រី​អាវុធហត្ថ​បាន​ឱ្យដឹង​ថា ពាក់ព័ន្ធ​នឹង​ករណី​កាច់​សោ​-​ក លួច​យក​ម៉ូតូ​ដែល​ជនសង្ស័យ​មាន​បក្ខពួក​០៤​នាក់ គឺ​ត្រូវ​អាវុធហត្ថ​រាជធានី​ភ្នំពេញ ក្នុង​ខណ្ឌ​ពោធិ​សែន​ជ័យ សហការ​ជាមួយ​អាវុធហត្ថ​ខណ្ឌមានជ័យ និង​កម្លាំង​ជំនាញ​ការិយាល័យ​ព្រហ្មទណ្ឌ ឃាត់ខ្លួន​បានជា​បន្តបន្ទាប់​នៅ​ថ្ងៃទី​០២ ​ខែធ្នូ​ឆ្នាំ​២០១៦ និង​បញ្ជូនទៅ​តុលាការ​នៅ​ថ្ងៃទី​០៤ ​ខែធ្នូ ឆ្នាំ​២០១៦។​

    ជនសង្ស័យ​ទាំង​០៤​នាក់​នេះ គឺជា​ក្រុមចោរ​ជើងចាស់ ដែលមាន​បទពិសោធន៍​ខាង​លួច​ជាច្រើនលើក​រាប់មិនអស់​។ ​ក្នុងនោះ​មាន​ម្នាក់​ឈ្មោះ ចាន់ តា​រ៉ា ហៅ​ណា​ង ធ្លាប់​ជាប់គុក​៤​ឆ្នាំ​ ទើបតែ​ចេញ​ក្នុង​ខែតុលា ឆ្នាំ​២០១៦ ដោយ​ចេញពី​គុក​មក​ភ្លាម​បន្ត​មុខរបរ​ចាស់​លួចបាន​ពីរ​ករណី​។​

    លើក​ទី​១ ក្នុង​ខែតុលា​ ឆ្នាំ​២០១៦ លួចបាន​ម៉ូតូ​គុប​សេ​៥០​មួយគ្រឿង​នៅ​ចំណុច​ក្នុង​ផ្សារ​សាំ​ហាន់ សង្កាត់​ទួល​សង្កែ ខណ្ឌ​ឬ​ស្សី​កែវ និង​លើក​ទី​២ នៅ​ថ្ងៃទី​៣០ ​ខែវិច្ឆិកា​ ឆ្នាំ​២០១៦ លួចបាន​ម៉ូតូ​មួយគ្រឿង​ម៉ាក​ស្កូ​ប​ពី​បិទ​ស្កុ​ត​ខ្មៅ នៅ​ចំណុច​ភូមិ​ថ្មគោល សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ​សែន​ជ័យ​។​

    ម្នាក់ទៀត​ឈ្មោះ ចាន់ វ៉ាន់​ថេ​ង ហៅ​ត្រេង ក៏​ធ្លាប់​ជាប់គុក​៤​ខែ​កន្លះ​ផងដែរ ចេញ​មកវិញ​ក្នុងអំឡុង​ឆ្នាំ​២០១៥ ហើយក៏​ជួល​ផ្ទះ​ដើម្បី​រកស៊ី​កែ​លេខ​ម៉ូតូ​ដែល​ចោរលួច​បាន និង​ជា​អ្នក​ផលិត​សោ សម្រាប់​កាច់​-​ក ម៉ូតូ​ឱ្យបក្ខពួក​ខ្លួន​ដើរ​លួច​។​

    ចំណែក​ឯក​បក្ខពួក​ពីរ​នាក់​ទៀត ឈ្មោះ ពឹង ចាន់​ហុង ហៅ​ផុង និង​ឈ្មោះ ជា សុខ​ញ៉ា​ញ់ ហៅ ជា សុខ​ហេង ក៏បាន​សារភាពថា ពួកខ្លួន​កន្លងមក​គឺ​តែង​ធ្វើ​សកម្មភាព​លួច​ម៉ូតូ​គ្រប់​ប្រភេទ​ក្នុងភូមិ​សាស្ត្រ​រាជធានី​ភ្នំពេញ​ជាច្រើនលើក​ជាមួយ​បក្ខពួក​ខ្លួន​ផងដែរ ដោយ​ពួកខ្លួន​ស្គាល់គ្នា​តាមរយៈ​ការជក់​គ្រឿងញៀន​ជាមួយគ្នា​។​

    មន្ត្រី​អាវុធហត្ថ​បន្តថា ពាក់ព័ន្ធ​ករណី​ឆក់​កាបូប​ដែលមាន​គ្នា​២​នាក់ គឺ​ជនសង្ស័យ​បានធ្វើ​សកម្មភាព​ឆក់​កាបូប​ពី​ជនបរទេស​ពីរ​នាក់ កំពុង​ជិះ​រ៉ឺម៉ក​កង់​បី កាលពី​ថ្ងៃទី​០២ ខែធ្នូ ឆ្នាំ​២០១៦ នៅ​ចំណុច​មុខ​ផ្សារ​ទំនើប​ឡាក់​គី ផ្លូវ​ព្រះសីហនុ សង្កាត់​បឹង​កេងកង​១ ខណ្ឌចំការមន និង​ត្រូវ​ឃាត់ខ្លួន​បាន​នៅ​ចំណុច​មុខ​ភោជនីយដ្ឋាន ហ្ស​ង់​អា​លី​ហ្សេ​។​

    តាម​ការស្រាវជ្រាវ ក៏ដូចជា​ចម្លើយសារភាពរ​បស់ជនស​ង្ស័​យ​បាន​ឱ្យ​ដឹងថា កន្លងមក​ពួកខ្លួន​ធ្លាប់​វាយ​ឆក់ ​និង​វាយយក​ទូរស័ព្ទ​ពី​ជនរងគ្រោះ​ផ្សេងទៀត​នៅតាម​ផ្លូវ​ផងដែរ ហើយ​ក្នុងនោះ​ជនសង្ស័យ​ម្នាក់​ឈ្មោះ អា ណាវិន ធ្លាប់​ជាប់គុក​ព្រៃ​-​ស ០៨​ខែ ទើបតែ​ចេញ​វិញ​បាន​២០ ​ថ្ងៃនេះ​តែប៉ុណ្ណោះ​។​

    មន្ត្រី​ដដែល​បន្តថា ពាក់ព័ន្ធ​ករណី​គ្រឿងញៀន​១១​នាក់ ដែល​អាវុធហត្ថ​រាជធានី​ភ្នំពេញ​ឃាត់ខ្លួន​បាន​និង​បញ្ជូនទៅ​តុលាការ ក្នុង​ថ្ងៃ​ចុង​សប្តាហ៍​នេះដែរ​នោះ រួមមាន​ជនសង្ស័យ​១០​នាក់​ត្រូវ​អាវុធហត្ថ​ខណ្ឌដូនពេញ ឃាត់ខ្លួន​បាន​ថ្ងៃទី​៣​ ខែធ្នូ ឆ្នាំ​២០១៦ នៅ​ចំណុច​ក្បាលរថភ្លើង សង្កាត់​ស្រះចក ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ និង​ជនសង្ស័យ​ម្នាក់ទៀត ជា​ជនជាតិ​លី​បង់ ឈ្មោះ ប៊ី​ឡា​ល ម៉ា​ការ៉េម អាយុ​២៨​ឆ្នាំ ត្រូវ​អាវុធហត្ថ​ខណ្ឌដូនពេញ​ឃាត់ខ្លួន​នៅ​ថ្ងៃទី​០៣ ខែធ្នូ ឆ្នាំ​២០១៦ នៅ​ចំណតរថយន្ត ផ្សារ​សូរិយា​ម៉​ល សង្កាត់​ផ្សារ​ថ្មី​៣ ខណ្ឌដូនពេញ​៕

Image6
adverise with khmeread
Loading ad ...