samsung-banner
adverise with khmeread

បើ​នៅ​ខ្មែរ​មាន​ដែរ​ឡូយ​ណាស់​! សិង្ហ​បុរី​មាន​សេវា​បង្រៀន​គួរ​និង​ជួយ​ធ្វើ Homework តាម App ២៤/២៤ ម៉ោង ហើយ​គ្រូៗ​រកលុយ​បាន​យ៉ាង​ងាយ​

1

    ​កម្មវិធី​ទូរស័ព្ទ (App) សម្រាប់​បង្រៀន​គួរ ឬ ជួយ​ធ្វើ​កិច្ចការ​សាលា​កំពុង​ពង្រីក​ឧស្សាហកម្ម​បង្រៀន​គួរ​ក្នុងស្រុក​ដែល​កើប​លុយ​រាប់លាន​ដុល្លារ​តាមរយៈ​សេវាកម្ម​បង្រៀន​តាម​ទូរស័ព្ទ​យ៉ាង​ងាយស្រួល​។ 

​    ​សេវា​បង្រៀន​នេះ​រួមមាន​ទាំង​ការជួយ​ធ្វើ​កិច្ចការ​សាលា (Homework) ២៤/៧ (២៤​ម៉ោង​លើ​២៤​ម៉ោង​រៀងរាល់ថ្ងៃ​) ឧបករណ៍​រៀនសូត្រ​ស្វ័យប្រវត្តិ ឬ ការជួយ​ផ្នែក​រដ្ឋបាល​សម្រាប់​គ្រូៗ​ឯកជន​។ 

​     យោងតាម​កាសែត​អន​ឡាញ The Straits Times មាន​កម្មវិធី​ទូរស័ព្ទ​សម្រាប់​សេវា​បង្រៀន​គួរ​នេះ​ចំនួន ៥ ហើយ​បាន​ហក់​ចូល​ទីផ្សារ​សិង្ហ​បុរី​។ កម្មវិធី​ទាំងនេះ​គឺ​ចូលមក​ដើម្បី​បំពេញ​ចន្លោះប្រហោង និង​ពង្រួម​គម្លាត​ក្នុងការ​សិក្សា​ដល់​សិស្សានុសិស្ស​ទាំងអស់​នៅ​ប្រទេស​នេះ ដោយ​មិនចាំបាច់​មកដល់​សាលា ឬ​មណ្ឌល​រៀន​គួរ​ទេ​។​

​     សិស្ស​ដែល​ចង់​សួរ​សំណួរ គឺ​ត្រូវ​ថតរូប​ភាព​រាល់​សំណួរ​ដែល​ពួកគេ​ចង់​សួរ​ដាក់ចូល App ទាំងនោះ បន្ទាប់មក​ប្រភព​ចម្លើយ​ពី​គ្រូ ឬ​អ្នកប្រើប្រាស់​ផ្សេងទៀត នឹង​បង្ហាញជូន ជាមួយ​គំរូ​ទារប្រាក់​បង់​សេវា​ផ្សេងៗ​គ្នា​ជាច្រើន​។ កម្មវិធី​ទាំងនេះ​ទទួលបាន​ការចាប់អារម្មណ៍​ខ្លាំងណាស់​នៅ​សិង្ហ​បុរី​។ 

​    ​ដោយមាន​ប្រភព​ដើមពី​ហុងកុង កម្មវិធី Snapask ដែល​ចូលមក​ទីផ្សារ​សិង្ហ​បុរី​កាលពី​ខែវិច្ឆិកា ឆ្នាំ ២០១៥ មាន​អតិថិជន ២០ ភាគរយ​ពី​ចំណោម​គ្រូបង្រៀន ៧.៨០០ នាក់ និង​សិស្ស​ចំនួន​ជាង ១៥០.០០០ នាក់ ក្នុងនោះ​មាន​ទាំង​សេវា​បង្រៀន​គួរ​ឥតគិតថ្លៃ​ខ្លះៗ​ដែរ ពោលគឺ​សម្រាប់​សំណួរ​ស្រួលៗ​គឺ​មិន​គិត​កម្រៃ​ទេ​។ 

​    ​កម្មវិធី Snapask នេះ​លក់​កញ្ចប់​បង់​សេវា​ប្រចាំខែ​ដល់​សិស្ស​ដែល​ប្រើប្រាស់​កម្មវិធី ផ្អែក​តាម​ចំនួន​សំណួរ​ដែល​ពួកគេ​បាន​សួរ​។ គ្រូៗ​អាច​រកចំណូលបាន​ផ្អែកលើ​ថ្លៃ​សេវា​ត្រូវ​បង់​ក្នុង​មួយ​សំណួរ ហើយ​វា​អាស្រ័យ​លើ​សំណួរ​ពិបាក ឬ​ស្រួល​ថែមទៀត​។ 

​    ​លោក Lee Wei Meng អាយុ ៣១ ឆ្នាំ ប្រធាន​ផ្នែក​អតិថិជន​របស់​កម្មវិធី Snapask ប្រចាំ​សិង្ហ​បុរី និយាយថា កម្មវិធី​របស់គាត់​បា​ន​ជួយ​ដោះស្រាយ​បញ្ហា​របស់​ឪពុកម្តាយ​ដែល​គ្មាន​ពេលវេលា ដើម្បី​ជួយ​កិច្ចការ​សាលា​កូន​របស់គាត់ និង ថ្ងៃ​រៀនសូត្រ​ដ៏​មមាញឹក​របស់​សិស្ស​។ 

​    ​ក្រៅពី​កម្មវិធី Snapask នៅមាន​កម្មវិធី​បង្រៀន​គួរ​តាម App បួន​ទៀត​ដូចជា Queri, Miao, Ask.ManyTutors និង Learnly​។ 

​    ​កម្មវិធី​ទាំង ៥ ផ្តល់នូវ​ជម្រើស​ជាច្រើន​ទៀត​ដល់​សិស្ស​ដែល​ចង់​ឱ្យគេ​ជួយ​ធ្វើ​កិច្ចការ​សាលា (Homework) ក៏ដូចជា​ជួយ​ដល់​គ្រូៗ​ដើម្បី​ស្វែងរក​សិស្ស​គោលដៅ​របស់ខ្លួន​ផងដែរ​៕

ប្រភព៖Straitetime

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់