samsung-banner
adverise with khmeread

ជាង​ផ្សា​ដែកផ្សាធ្លាក់​កម្ទេចលើ​អេ​ប៉ុង​ឆាបឆេះ​នៅ​សំណង់​សាងសង់​ក្លឹបថ្មីរបស់​ម្ចាស់ក្លឹប ​"ម៉ូ​ណា​កូ"

9

    ភ្នំពេញ ​៖ សំណង់​ក្លឹប​កំពុង​សាងសង់​មួយកន្លែង​នៅ តាម​បណ្តោយ​ផ្លូវ ១៩៨៦ ខណៈពេល​ជាងដែក​ផ្សា​ដែក​ធ្លាក់កម្ទេច​ធូប​មកលើ អេ​ប៉ុង និង​ស្នោ​បណ្តាលឱ្យ​ឆាបឆេះ​បង្កឱ្យមាន​ផ្សែងខ្មៅ​ខ្មួលខ្មាញ់​បង្កឱ្យមាន​ការភ្ញាក់ផ្អើល នៅវេលា​ម៉ោង ៧​ យប់​ថ្ងៃទី៥ ធ្នូ ២០១៦ ស្ថិតនៅតាម​បណ្តោយ​ផ្លូវ ១៩៨៦ ជាប់​នឹង​ក្លឹប ម៉ូ​ណា​កូ ក្នុង​សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ។​

    តាម​ប្រភព​នៅ​កន្លែង​បានឱ្យដឹងថា សំណង់​ក្លឹប​ដែល​ឆាបឆេះ​ខាងលើនេះ​ជា​ម្ចាស់​តែមួយ​ជាមួយនឹង​ក្លឹប ​"ម៉ូ​ណា​កូ"។ សំណង់​ក្លឹប​នេះ មាន​ជាង​កំពុងធ្វើការ​ទាំងយប់ ដោយមាន​ជាង​ផ្សា​ដែក​ផងដែរ។ ​ខណៈ​ជាង​កំពុង ផ្សា​បាន​ធ្លាក់កម្ទេច​ធូបផ្សា​មកលើ អេ​ប៉ុង និង​ស្នោ​ក៏ដូចជា សំបក​កេស​ក្រដាស់ ដោយ​ជាង​មិនបាន​ចាប់អារម្មណ៍។​

    មួយសន្ទុះ​ក្រោយមក​ក៏មាន​ផ្សែងខ្មៅ​ចេញមក​ធ្វើឱ្យ​ជាង​បោះចោល​ការងារ​នាំគ្នា​រត់​ចេញមកក្រៅ​។ ក្រោយមកទៀត​ស្រាប់តែ​ផ្សែងហុយ​កាន់តែខ្លាំង​ទៅៗ ហើយ​នាំគ្នា​ផ្តាច់​ប្រព័ន្ធ​អគ្គិសនី ងងឹត​ពិបាក​ដល់​អ្នក​ដែល​យក​បំពង់​អគ្គិភ័យ​យកទៅ​ពន្លត់។​

    បន្ទាប់មក​ទើប​ខាង​ម្ចាស់​ក្លឹប​ម៉ូ​ណា​កូ ក៏ដូចជា​ម្ចាស់​សំណង់​ក្លឹប ខាងលើ​បាន​ទូរស័ព្ទ​ហៅ​រថយន្ត​ពន្លត់​មកជួយ​អន្តរាគមន៍។​

    នៅ​កន្លែងកើតហេតុ​គេ​ឃើញ​វត្តមាន​លោក ប៊ឹ​ង កុសល អភិបាលខណ្ឌ លោក ម៉ក់ ហុង អធិការ​ប៉ូលិស​ខណ្ឌ និង​លោក ព្រហ្ម យ៉​ត ប្រធាន​កា​រិ​យា​ល័​យបង្ការ​ និង​ពន្លត់អគ្គិភ័យ​រាជធានី​ភ្នំពេញ បាន​ចុះ​បញ្ជា​ដឹកនាំ​រថយន្ត​ពន្លត់​ជាច្រើន​គ្រឿង​។​

    ជា​លទ្ធផល​ចុងក្រោយ​សមត្ថកិច្ច​បាន​ព​ន្ល​ត់​ និង​គ្រប់គ្រង​បាន​ក្នុង​រយះពេល​១​ម៉ោង​គឺ​រលត់ទៅវិញ​នៅ​ម៉ោង​៨​យប់​។​ នៅ​កន្លែងកើតហេតុ​គេ​ឃើញ​មាន​ម៉ូតូ​មួយគ្រឿង​ម៉ាក​ហុងដា​ឌ្រី​ម របស់​ជាងសំណង់​ម្នាក់​ដែល​ទុក​នៅក្នុង​នោះបាន​ឆេះ​ម៉ត់​សល់​តែ​គ្រោង​ដែក។​

    សមត្ថកិច្ច​បាន​ប្រើប្រាស់​រថយន្ត​ទឹក​បាញ់​ពន្លត់​អស់​ចំនួន​៥​គ្រឿង ចំពោះ​ហេតុការណ៍​នេះ​នៅ​មិនទាន់មាន​ការបញ្ជាក់​ពី​សមត្ថកិច្ច​ និង​ម្ចាស់​ទីតាំង​ខាងលើ ថា​ទំហំ​នៃ​ខូចខាត​គិត​ជា​ទឹកប្រាក់​អស់​ប៉ុន្មាន​នោះទេ៕


 

adverise with khmeread

មតិយោបល់