ប៉ូលិស​ខេត្តសៀមរាប ឃាត់​ជនសង្ស័យ ​២ ​នាក់​ពាក់ព័ន្ធ​គ្រឿងញៀន​

    សៀមរាប​ ៖ ប៉ូលិស​ខេត្តសៀមរាប បាន​កសាង​សំណុំរឿង​បញ្ជូន​ជនសង្ស័យ និង វត្ថុតាង​ម្ស៉ៅ​មេ​តំ​ហ្វេ​តា​មី​(​ម៉ា​ទឹកកក​)​ចំនួន ០៥​ កញ្ចប់​មាន​ទំងន់ ៧.១ ​ក្រាម​ទាំង​សំបក​, ឧបករណ៍ប្រើប្រាស់ និង​សម្ភារៈ​វេច​ខ្ចប់​ថ្នាំញៀន​មួយចំនួនទៀត​ទៅ​សាលាដំបូង​ខេត្ត ដើម្បី​ចាត់ការ​តាមផ្លូវ​ច្បាប់​នៅ​រសៀល​ថ្ងៃទី​០៥ ខែធ្នូ ឆ្នាំ​២០១៦​។​

    ប៉ូលិស​និយាយថា កាលពី​វេលា​ម៉ោង២ ​និង​៣០​នាទី​រសៀល​ថ្ងៃទី​០៤ ខែធ្នូ ឆ្នាំ​២០១៦ ដោយមាន​ការចង្អុល​ណែនាំ​ពី​សំណាក់​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ សត ណា​ឌី ស្នងការ​នគរបាល​ខេត្ត ក៏ដូចជា​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី អ៊ុំ អមរា ស្នងការរង ជា​ប្រធានការិយាល័យ​ប្រឆាំង​បទល្មើស កម្លាំង​ការិយាល័យ​ប្រឆាំង​គ្រឿង ញៀន បាន​ចុះបង្ក្រាប​ករណី​ជួញដូរ​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន​នៅ​ភូមិ​វាល សង្កាត់​គោកចក ក្រុង ខេត្តសៀមរាប ដោយ​ឃាត់ខ្លួន​ជនសង្ស័យ​បាន​ចំនួន ០២ ​នាក់​។​

    លោក​វរសេនីយ៍ទោ អ៊ុំ សា​អាត នាយការិយាល័យ​ប៉ូលិស​ប្រឆាំង​គ្រឿងញៀន​បានឱ្យដឹងថា កម្លាំង​របស់លោក​បាន​ធ្វើការ​ស្រាវជ្រាវ និង​ប្រើប្រាស់​វិធានការ​ជំនាញ​រហូត​ឈានដល់​ធ្វើការ​ឃាត់ខ្លួន​មុខសញ្ញា​ជួញដូរ និង​ប្រើប្រាស់​គ្រឿងញៀន​ខុសច្បាប់​បាន​ចំនួន ០២​ នាក់​គឺ ទី​១-​ឈ្មោះ អ៊ី អេង​ឡាយ ភេទ​ប្រុស អាយុ៣១​ឆ្នាំ មុខរបរ​គ្មាន ទីលំនៅ​ភូមិ​វាល សង្កាត់​គោកចក ក្រុង​/​ខេត្តសៀមរាប (​ចាត់ចែង​) (​មាន​សារធាតុ​ញៀន​ក្នុង​ខ្លួន​)​ និង​ទី​២-​ឈ្មោះ វ៉ាត នាង ភេទ​ប្រុស អាយុ៣១​ឆ្នាំ មុខរបរ​គ្មាន ទីលំនៅ​ភូមិ​ពោធិ៍​តូច ឃុំ​កំពង់ហ្លួង ស្រុក​ពញាឮ ខេត្តកណ្តាល សព្វថ្ងៃ​ស្នាក់នៅ​មិន​ពិតប្រាកដ​(​ជួញដូរ​) (​មាន​សារធាតុ​ញៀន​ក្នុង​ខ្លួន​)​។​

    លោកនាយ​ការិយាល័យ​បាន​បញ្ជាក់ថា​ក្នុង​កិច្ចប្រតិបត្តិការ​បង្ក្រាប​ករណី​ខាងលើនេះ​សមត្ថកិច្ច​នគរបាល​យើង​បាន​ដកហូត នូវ​វត្ថុតាង​ដូចជា ម្សៅ​មេ​តំ​ហ្វេ​តា​មី ​(​ម៉ា​ទឹកកក​)​ចំនួន ០៥​កញ្ចប់ មាន​ទំងន់ ៧.១​ក្រាម​ទាំង​សំបក​,​ ទូរស័ព្ទដៃ​ចំនួន ០១​គ្រឿង​, ម៉ូតូ​ចំនួន ០១​ គ្រឿង ម៉ាកវីវ៉ា​ពាក់​ស្លាក​លេខ​សៀមរាប 1D -9545 និង​ឧបករណ៍ប្រើប្រាស់​និង​សម្ភា​រៈវេច​ខ្ចប់​ថ្នាំញៀន​មួយចំនួនទៀត​។​

    បន្ទាប់ពី​ធ្វើការ​ដកហូត​វត្ថុ​តាង​រួចមក សមត្ថកិច្ច​បាន​នាំខ្លួន​ជនសង្ស័យ​យកមក​ធ្វើការ​សាកសួរ នៅ​ចំពោះមុខ​សមត្ថកិច្ច​ពួកគេ​បាន​ឆ្លើយ​សារភាព និង​ទទួលស្គាល់ថា ពួកគេ​ពិតជា​បាន​ចែកចាយ និង​ប្រើប្រាស់​នូវ​សារធាតុ​ញៀន​ពិតមែន​៕

adverise with khmeread