រូបភាព​លោកតា​បោស​សំរាម​ម្នាក់នេះ​បង្កប់ ១ ពាន់​អត្ថន័យ​! ឥឡូវ​ដោយសារតែ​រូប​មួយ​សន្លឹក​នេះ គ្រប់គ្នា​នាំគ្នា​បរិច្ចាគ​មាស ស្មា​ត​ហ្វូ​ន និង​លុយ​ជាច្រើន​ដល់​គាត់​

​    ​អ្នក​បោស​សំរាម​ម្នាក់​នៅក្នុង​រាជធានី​របស់​ប្រទេស​អា​រ៉ា​ប៊ី​សា​អូឌីត​ត្រូវបាន​គេ​ឱ្យ​មាស​ពេជ្រ​មួយឈុត​មានតម្លៃ​រាប់ពាន់ Riyal (​រូបិយប័ណ្ណ​អា​រ៉ា​ប៊ី​សា​អូឌីត​) បន្ទាប់ពី​រូបភាព​របស់គាត់​សម្លឹង​មើលទៅ​ហាង​លក់​ពេ​ជ្រមួយ បាន​ល្បី​ពេញ​បណ្ដាញ​សង្គម​។​

​    ​អ្នកលេង​បណ្ដាញ​សង្គម Instagram ម្នាក់​បាន​ចំអក​អ្នក​បោស​សំរាម​មកពី​បង់​ក្លា​ដែ​ស ប៉ុន្ដែ​មក​ធ្វើការ​ក្នុង​ទីក្រុង Riyadh រូបនេះ បាន​ផុស​រូបភាព​របស់គាត់​ជាមួយនឹង​ចំណងជើង​ថា "​គាត់​កំពុង​សម្លឹងមើល​សំរាម​ក្នុង​ទូ​មាស​"​។​

​    ​អ្នក​បញ្ចេញមតិ​ជាច្រើន​បាន​ចេញមក​គាំទ្រ​អ្នក​បោស​សំរាម​រូបនោះ​នៅលើ​បណ្ដាញ​សង្គម ហើយ​លោក Abdullah al Qahtani ម្ចាស់​ហាង​ពេជ្រ​មាន​បណ្ដាញ​សង្គម​ឈ្មោះថា Ensaniyat ចាប់​ចេញ​យុទ្ធនាការ​មួយ​ដើម្បី​ស្វែងរក​បុរស​ម្នាក់​នោះ​។​

​    ​លោក al Qahtani បាន​និយាយថា "​ខ្ញុំ​បានទទួល​ការហៅ​ចូល​និង​សារ​ជាច្រើន​ក្នុង​បណ្ដាញ​សង្គម Twitter​។ អ្នកខ្លះ​បាន​ជួយ​យ៉ាង​ពេញទំហឹង ខណៈដែល​អ្នក​ផ្សេងទៀត​អះអាងថា​ពួកគេ​នៅ​ជាមួយនឹង​បុរស​ម្នាក់​នោះ​"​។​

​    ​ម្ចាស់​ហាង​ពេជ្រ​វ័យ ៣៨ ឆ្នាំ​រូបនេះ​បាន​ប្រាប់​ទៅ CNN ថា "​បី​ម៉ោង​បន្ទាប់ពី​បង្ហោះ​នៅលើ​បណ្ដាញ​សង្គម Twitter មាន​អ្នក​ចែករំលែក​រហូត​ទៅដល់ ៦ ពាន់​ដង​។ ទីបំផុត​រកឃើញ​គាត់​"​។​

​    ​អ្នកលេង Twitter បាន​ស្គាល់​អត្តសញ្ញាណ​របស់គាត់​ឈ្មោះថា Nazer al-Islam Abdul Karim ពី​ចំណាំងផ្លាត​លើ​កញ្ចក់​ហាង ដែល​បង្ហាញ​កាត​សម្គាល់​ឈ្មោះ​របស់គាត់​។​

​    ​ម្ចាស់​ហាង​ពេជ្រ​និយាយថា "​អ្នកខ្លះ​ចង់​បរិច្ចាគ​មាស លុយ iPhone និង Samsung ឱ្យទៅ​គាត់ សូម្បីតែ​ក្រុមហ៊ុន​អង្ករ​ក៏​ចង់​បរិច្ចាគ​អង្ករ​ទៅ​លោក Nazer al-Islam ដែរ​"​។​

​    ​លោកតា​អ្នក​បោស​សំរាម វ័យ ៦៥ ឆ្នាំ​រូបនេះ​បាន​ប្រាប់​ទៅកាន់ CNN ថា "​ខ្ញុំ​បានឃើញ​ពន្លឺភ្លើង​មួយ​ឆ្វាច់ (​ភ្លើង Flash កាមេរ៉ា​)​។ ខ្ញុំ​មិនដឹងថា​មានរឿង​អ្វី​កើតឡើង​ទេ​។ បន្ទាប់មក​ទើប​ខ្ញុំ​ឮថា​រូបភាព​របស់ខ្ញុំ​នៅលើ​សារព័ត៌មាន​។ ខ្ញុំ​គ្រាន់តែ​ធ្វើ​ការងារ​របស់ខ្ញុំ​ជា​អ្នក​បោស​សំរាម​នៅ​រាជធានី​ប៉ុណ្ណោះ ហើយ​ខ្ញុំ​បានឃើញ​ខ្លួន​ខ្ញុំ​នៅ​ពីមុខ​ហាង​លក់​មាស​។ ខ្ញុំ​ពិតជា​រីករាយ​ខ្លាំងណាស់​នូវ​កាដូ​ដែល​ខ្ញុំ​ទទួលបាន និង​អរគុណ​ខ្លាំងណាស់​"៕

adverise with khmeread

អ្នកនឹងចូលចិត្ត