សំណាងម៉្លះ! រថយន្ត​កុងតឺន័រ​បុក​រះ​យានយន្ត​ជាច្រើន​គ្រឿង​រួច​បុក​ចូល​ផ្ទះ​ពលរដ្ឋ​នៅ​ផ្លូវជាតិ​លេខ​ ៣ គ្មានមនុស្សស្លាប់ (​មាន​វីដេអូ​)

    ភ្នំពេញ ៖ អាច​ចាត់ទុកថា​សំណាង​ដែល​អ្នកធ្វើដំណើរ​រួម​ និង​ប្រជាពលរដ្ឋ ដែល​កំពុង ប្រកបរបប​អាជីវកម្ម ​និង​រស់​នៅតាម​ដងផ្លូវ​ជាតិ​លេខ ៣ ​បាន​រួច​ផុតពី​ការបាត់​បង់ជីវិត ឬរងគ្រោះ​ធ្ងន់ធ្ងរ​ដោយ សារ​រថយន្ត​កុងតឺន័រ​បុក​រះ​យានយន្ត​ជាច្រើន​គ្រឿង​រួច​បុក​ចូល​ផ្ទះ​ប្រជា​ពលរដ្ឋ។​

    គ្រោះថ្នាក់​នេះ​កើតឡើង​កាលពី​វេលា​ម៉ោង​៨​ព្រឹក​ថ្ងៃទី​៦ ​ធ្នូ ​ឆ្នាំ​២០១៦ ​នៅ​ចំណុច​ដងផ្លូវ​ជាតិ​លេខ​៣ ច្រកចូល​សាលា​សុវណ្ណ​ភូមិ ភូមិ​ព្រៃ​ព្រីង សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ​។ 

    តាម​សាក្សី​ពី​កន្លែងកើតហេតុ បានឱ្យដឹងថា មុនដំបូង​គេ​ឃើញ​រថយន្ត​មួយគ្រឿង​មិន​ចាំ​ម៉ាក ​និង​ស្លាក​លេខ​ធ្វើដំណើរ​តាមផ្លូវ​ជាតិ​៣ ពី​ត្បូង​ទៅ​ជើង។ ​ខណៈ​មក​ចំណុចកើតហេតុ បាន​ស៊ីញ៉ូ​បត់​មក​ឆ្វេង​ដៃ​ចូល​ផ្លូវ​បេ​តុ​ភូមិ​ព្រៃ​ព្រីង​ខាងត្បូង។​

    ស្របគ្នា​នោះ​ក៏មាន​រថយន្ត​បង្ក​កុងតឺន័រ​ក្បាល​ខៀវ​លា​យស ពាក់​ស្លាក​លេខ​ព្រះសីហនុ 4A-1860 បើកបរ​ដោយ​បុរស​ម្នាក់​តាមផ្លូវ​ជាតិ​៣ ពី​ជើង​ទៅ​ត្បូង​ក្នុង​ល្បឿន​មួយ​យ៉ាង​លឿន វ៉ា​ក់​អើ ​និង​រថយន្ត​ដែល​កំពុង​ឆ្លងផ្លូវ បាន​បួង​ចង្កូត​មក​ឆ្វេង​ដៃ ក៏​ជ្រុល​ទៅបុក​រថយន្ត​សាំង​យ៉ុង​ដែល​កំពុង​ឈប់​ដាក់​ម៉ូយ​ចេញពី​រថយន្ត បណ្តាលឱ្យ​រថយន្ត​សាំង​យ៉ុង​នោះ​ថយក្រោយ​បុក​ម៉ូតូ​សង់​កូរ៉េ​ដឹក​ពង​ទាល​ក់ និង​សំ​យ៉ាប់​ផ្ទះ​វី​ង​ផ្ទះ​លក់​ថ្នាំពេទ្យ​ទៅ​ប៉ះ​រថយន្ត​ឡិច​ស៊ី​ស​មួយគ្រឿង​ដែល​ទុក​នៅមុខ​ផ្ទះ​លក់​ថ្នាំពេទ្យ ខូ​ត​ខាត​បន្តិចបន្តួច​តែ​ប៉ុ​ណ្នោះ​។​

    ប្រភព​ដដែល​បាន​បន្តថា ភ្លាមនោះ​អ្នកបើកបរ​រថយន្ត​កុងតឺន័រ​បាន​ព្យាយាម​បួង​ចង្កូត​មកវិញ​តែ​ដោយ​រថយន្ត​កំពុងតែ​លឿន ក៏​រេ​ចង្កូត​មក​ស្តាំ​ដៃ​វិញ សំដៅ​ទៅបុក​ផ្ទះ​លក់​ឥ​វ៉ាន់​គ្រឿងទេស។​

    ឃើញ​ដូច្នេះ​អ្នកបើកបរ​រថយន្ត​កុងតឺន័រ​បាន​លោត​ពី​រថយន្ត​ចោល បណ្តោយឱ្យ​រថយន្ត​កុងតឺន័រ​ទៅ​ម៉ា​អស់​ល្បឿន ទើប​ជ្រុល​ទៅបុក​ផ្ទះ​លក់​ឥ​វ៉ាន់​នោះ​តែម្តង បណ្តាលឱ្យ​បាក់​សំ​យ៉ាប​បាក់​ជញ្ជាំង​ថ្មបាំង​ព្រំផ្ទះ និង​ខូ​ត​ខាត​សម្ភារៈ​លក់ដូ​នៅក្នុង​ផ្ទះ​អស់​ជាច្រើន​។​ ភ្លាមនោះ អ្នកបើកបរ​ត្រូវបាន​ប្រជាពលរដ្ឋ​ឃាត់​ឱ្យ​ប៉ូលិស​ប៉ុស្តិ៍​ចោមចៅ​។​

    ក្នុង​ហេតុការណ៍​នេះ មិន​បណ្តាលឱ្យ​មនុស្ស​គ្រោះថ្នាក់​ដល់​អាយុជីវិត​នោះទេ គ្រាន់តែ​របួស​រលា​ត់ដៃ​ជើង ៤​ នាក់​តែ​ប៉ុ​ណ្តោះ។ ​ក្រោយពេល​កើតហេតុ​ប៉ូលិស​ចរាចរណ៍​ខណ្ឌ​បាន សហការ​ជាមួយ​ជំនាញ​ចរាចរ​ក្រុង​មក​ធ្វើការ​វាស់វែង អូស​យក​រថយន្ត​បង្ក, ម៉ូតូ ​និង​រថយន្ត​រងគ្រោះ​  យកទៅ​កាន់​ការិយាល័យ​ចរាចរណ៍​ផ្លូវគោក​រាជធានី​ភ្នំពេញ ដើម្បី​ធ្វើការ​ដោះស្រាយ​គ្នា​នៅពេល​ក្រោយ៕

 

Untitled 1
adverise with khmeread