៧ ខែ​សោះ អ្វីៗ​ផ្លាស់ប្តូរ​អស់រលីង​! មានតែ​អធិការបតី​អាល្លឺម៉ង់​ទេ ដែល​អាចឈរជើង​រឹងមាំ​ជាងគេ ក្រៅពីនេះ​ទៅ​អស់រលីង​

​    ​ត្រឹមតែ​រយៈពេល ៧ ខែ អ្វីៗ​ត្រូវបាន​ផ្លាស់ប្តូរ​ទាំងអស់​។​

​    ​នៅពេល​រូបភាព​នេះ​ត្រូវបាន​ថត​នៅ​ថ្ងៃទី ២៥ ខែមេសា មេដឹកនាំ​ពិភពលោក​ទាំង ៥ នាក់​បាន​ឈរ​នៅ​ពីមុខ​កាមេរ៉ា ខណៈ​ពួកគេ​បាន​ពិភាក្សា​កិច្ចការ​អន្តរជាតិ​ទាំង​ទំនុកចិត្ត និង​ហាក់​ធានា​កន្លែង​របស់​ពួកគេ​នៅក្នុង​ពិភពលោក​។​

​    ​ប៉ុន្តែ​ចាប់តាំងពី​ពេល​នោះមក បដិវត្ត​ប្រជា​និយម​ដ៏​គួរឱ្យកត់សម្គាល់​បាន​បំផ្លាញ​ក្រុម​មេដឹកនាំ​ចាស់ ដែល​បាន​ជួបជុំគ្នា​នៅ​ទីក្រុង Hanover ប្រទេស​អាល្លឺម៉ង់​ដើម្បី​ពិភាក្សា​អំពី​ការបើក​ពិព័រណ៍​ពាណិជ​កម្ម​។​

​    ​លោក David Cameron ជា​មេដឹកនាំ​ដំបូង​គេ​ដែល​ចុះ​ចេញពី​តំណែង​នាយករដ្ឋមន្ត្រី​កាលពី​ខែមិថុនា ប៉ុន្មាន​ថ្ងៃ​បន្ទាប់ពី​គាត់​ចាញ់​ការបោះឆ្នោត Brexit​។​

​    ​លោក Barack Obama នឹង​ចាក​ចេញពី​សេត​វិមាន​ដូច​ការគ្រោងទុក​នៅ​ខែក្រោយ ប៉ុន្តែ​ផ្ទុយ​ពី​ការគ្រោងទុក​នៃ​អ្នក​ជំនួស​តំណែង​របស់គាត់ លោកស្រី Hillary Clinton នោះ​គឺ​ច្បាស់​ជា​លោក Donald Trump ដែល​គាត់​បាន​ពណ៌នា​ថា ជា​មនុស្ស​ធ្វើ​អ្វីមួយ​គ្មាន​ផែនការ​ច្បាស់លាស់​ឡើយ​។​

​    ​ហើយ​កាលពី​សប្តាហ៍​មុន លោក Francois Hollande បាន​ក្លាយជា​ប្រធានាធិបតី​បារាំង​ដំបូង​គេ​នៅក្នុង​ប្រវត្តិសាស្ត្រ​ថ្មីៗ​នេះ ដែល​បានប្រកាសថា គាត់​នឹងមិន​ប្រជែង​តំណែង​នៅ​អណ​ត្តិ​ទី​ពីរ​ឡើយ​។​

​    ​បុរស​សង្គមនិយម​វ័យ ៦២ ឆ្នាំ​រូបនេះ ដែលជា​មេដឹកនាំ​បារាំង​ដែល​មិន​ទទួលបាន​ប្រជាប្រិយភាព​ចាប់តាំងពី​សង្គ្រាមលោក​ទី​ពីរ បានប្រកាស​ដូច្នេះ​បន្ទាប់ពី​ការស្ទង់មតិ​មួយ​បាន​ទស្សន៍ទាយ​ថា គាត់​នឹង​ឈ្នះ​តែ ៧ ភាគរយ​នៃ​ការបោះឆ្នោត​ប៉ុណ្ណោះ ប្រសិនបើ​គាត់​ប្រជែង​ប្រធានាធិបតី​នៅ​ខែឧសភា ឆ្នាំក្រោយ​។​

​    ​នាយករដ្ឋមន្ត្រី​អ៊ីតាលី​លោក Matteo Renzi បាន​ចុះ​ចេញពី​តំណែង​កាលពី​ម្សិលមិញ​បន្ទាប់ពី​បរាជ័យ​យ៉ាងដំណំ​ក្នុងការ​បោះឆ្នោត​ប្រជាមតិ​គាំទ្រ​គាត់​ឬ​បណ្តេញ​គាត់​ស្តីពី​កំណែទម្រង់​រដ្ឋធម្មនុញ្ញ​។​

​    ​រឿងនេះ​ត្រូវបាន​ជំរុញ​ដោយ​ចលនា​ប្រឆាំង​រដ្ឋាភិបាល ជុំវិញ​ការដោះស្រាយ​របស់គាត់​អំពី​វិបត្តិ​ជនអន្តោប្រវេសន៍ និង​វិបត្តិ​សេដ្ឋកិច្ច​របស់​ប្រទេស​។​

​    ​ទោះយ៉ាងណា មាន​មេដឹកនាំ​ពិភពលោក​តែ​ម្នាក់​គត់​ដែល​កំពុង​ឈរជើង​នោះ​គឺ​អធិការបតី​អាល្លឺម៉ង់​លោកស្រី Angela Merkel​។ ប៉ុន្តែ​គាត់​កំពុង​ប្រឈមមុខ​បញ្ហា​ប្រឈម​ដ៏​លំបាក​ដើម្បី​រក្សា​តំណែង​របស់គាត់​ក្នុងការ​បោះឆ្នោត​នៅ​ខែកញ្ញា និង​តុលា​ឆ្នាំក្រោយ​ដែរ​។​

​    ​គណបក្សប្រឆាំង​ប្រជា​និយម​មួយ​ដែល​កំពុង​ប្រឆាំង​គាត់​កំពុង​កើន​ប្រជាប្រិយភាព ចំពេល​មានការ​ជំទាស់​គោលនយោបាយ​បើកទ្វារ​ចំហ​របស់​លោកស្រី ដែល​អនុញ្ញាតឱ្យ​ជនអន្តោប្រវេសន៍ ១ លាន​នាក់​ហូរ​ចូល​ប្រទេស​អាល្លឺម៉ង់​៕

ប្រភព៖ បរទេស

1
adverise with khmeread

អ្នកនឹងចូលចិត្ត