មិត្តស្រី ៧ ឆ្នាំរបស់កីឡាករ Chapecoense៖ ខ្ញុំរំពឹងរៀបការជាមួយគាត់ថ្ងៃសុក្រនេះ តែបែរជាមករៀបចំបុណ្យសពគាត់ទៅវិញ

    ​នាង​បាន​គិតថា នាង​នឹងត្រូវ​រៀប​អាពាហ៍ពិពាហ៍​នា​ថ្ងៃ​សុក្រ​សប្តាហ៍​នេះ​។ ជំនួស​មកវិញ កាលពី​ថ្ងៃអាទិត្យ​ចុង​សប្តាហ៍​មុន នាង​បាន​បូជា​មនុស្ស​ជាទី​ស្រឡាញ់​នៃ​ជីវិត​របស់​នាង​ទៅវិញ​។​

​    ​Dener Assuncao Braz ជា​ជនរងគ្រោះ​ម្នាក់​នៃ​សមាជិក​របស់​ក្រុម Chapecoense ទាំង ១៩​នាក់​ដែល​បាន​បាត់​បង់ជីវិត​ក្នុង​ឧបទ្ទវហេតុ​ធ្លាក់​យន្តហោះ​កាលពីដើម​សប្តាហ៍​មុន​។​

​    ​នាង Amanda Machado បាន​ក្លាយទៅជា​គូស្នេហ៍​ជាមួយនឹង Dener អស់​រយៈពេល​ប្រាំពីរ​ឆ្នាំ ហើយ​នាង​មិនអាច​រក​ពាក្យ​អ្វី​មក​ពណ៌នា​ការបាត់បង់​មនុស្ស​ជាទី​ស្រឡាញ់​ទាន់ហន់​យ៉ាងនេះ​ទេ​។​

​    ​នាង​និយាយថា "​ពេលដែល​ខ្ញុំ​បានឮ​ដំណឹង​អំពី​ព័ត៌មាន​មួយ​នេះ បេះដូង​របស់ខ្ញុំ​បាន​ឈប់ ហើយ​ពិភពលោក​ទាំងមូល​រប​ស់​ខ្ញុំ​ត្រូវបាន​កម្ទេច​។ ខ្ញុំ​ពិតជា​ចង់​ស្លាប់​ជាមួយ​គាត់ ខ្ញុំ​ពិតជា​ចង់​សម្លាប់​ខ្លួនឯង​។ ខ្ញុំ​ពិតជា​មិន​ចង់​មានជីវិត​មួយ​ដោយ​គ្មាន​រូបគាត់​នោះឡើយ​"​។​

​    ​ដោយ​បញ្ជាក់​ទាំង​អារម្មណ៍​ក្តុកក្តួល​បំផុត Amanda បានបញ្ជាក់​ទៅកាន់​អ្នកកាសែត​របស់ CNN ថា "​ពេល​ចុងក្រោយ​ដែល​គាត់​បាន​ផ្ញើ​សារ​មក​ខ្ញុំ គឺ​មុន​ពេលដែល​គាត់​បាន​ស្ថិតនៅលើ​យន្តហោះ ប៉ុន្តែ​ខ្ញុំ​មិនបាន​ឃើញ​វា​ឡើយ​។ ខ្ញុំ​មិនបាន​ទទួល​ឱកាស​ដើម្បី​និយាយ​ពាក្យ​លា​ឡើយ រឿង​ទាំងនោះ​គឺ​ពិតជា​អ្វីដែល​គួរឱ្យ​ឈឺចាប់​ខ្លាំង​ជាទីបំផុត​"​។​

​    ​ចាប់តាំងពី​គ្រោះ​អកុសល​កាលពី​ថ្ងៃ​ចន្ទ​ដើម​សប្តាហ៍​មុន Amanda កំពុង​ត្រូវបាន​លួងលោម​ដោយ​គ្រួសារ​ជនរងគ្រោះ​ជាច្រើន​ផ្សេងទៀត​នៅឯ​កីឡដ្ឋាន និង​មិនអាច​ប្រឈមមុខ​នឹង​ត្រឡប់ទៅផ្ទះ ដែល​នាង​និង Dener រស់នៅ​ឡើយ ហើយ​ពិតជា​មិនអាច​ទ្រាំ​បាន​ពេល​ឃើញ​អនុស្សាវរីយ៍​ដិតដាម​នៅផ្ទះ​នោះ​៕

​    ​ប៉ុន្តែ​បន្ទាប់ពី​មាន​មឈូស​ជាច្រើន​ត្រូវបាន​ដឹក​មកពី​ប្រទេស​កូ​ឡុំ​ប៊ី​កាលពី​ចុង​សប្តាហ៍​មុន នាង​បាន​ត្រឡប់​ទៅកាន់​ទីក្រុង​កំណើត Porto Alegre របស់ខ្លួន​វិញ សម្រាប់​ការធ្វើ​ពិធី​ឧទ្ទិស​កុសល​ឯកជន​របស់​នាង​។​

​    ​វា​ជា​រយៈពេល​ប្រាំមួយ​ម៉ោង​នៃ​ការធ្វើដំណើរ​របស់​នាង តាមរយៈ​ការឆ្លងកាត់​អាកាសធាតុ​ចុះ​អ័ព្ទ ដែលមាន​ខ្យល់​យ៉ាងខ្លាំង​នៅតាម​ផ្លូវ​ក្នុង​តំបន់ភ្នំ​។ ការធ្វើដំណើរ​តាម​ជើងយន្តហោះ​នឹង​ជាការ​ធ្វើដំណើរ​ដ៏​រហ័ស​មួយ ប៉ុ​ន្ត​នាង​បាន​ប្រាប់​ទៅកាន់​អ្នកកាសែត CNN ថា នឹង​មិនអាច​ដោះស្រាយ​បញ្ហា​ដំណើរ​របស់ខ្លួន​តាម​ជើងយន្តហោះ​នោះឡើយ​។​

​    ​បច្ចុប្បន្ន​នាង​កំពុងកាន់​ទុក្ខ​ទៅលើ​ការបាត់បង់​នូវ​កំណាន់ចិត្ត​របស់ខ្លួន ប៉ុន្តែ​វា​ក៏​ជាការ​បាត់បង់​ដ៏​ធំ​មួយ​ផងដែរ​នៃ​បុរស​វ័យក្មេង​ម្នាក់ ជាមួយនឹង​អនាគត​ដ៏​ត្រចះត្រចង់​ក្នុង​ពិភព​បាល់ទាត់​អាជីព​។​

​    ​Amanda និង Dener បានធ្វើ​ចិញ្ចៀន​រៀបការ​ផ្ទាល់ខ្លួន​របស់​ពួកគេ​សម្រាប់​ថ្ងៃ​ដ៏​ធំ​បំផុត​មួយ​ក្នុង​ជីវិត​របស់ខ្លួន​នា​ថ្ងៃ​សុក្រ​សប្តាហ៍​មុន​។ បច្ចុប្បន្ន​នាង​បាន​ពាក់ចិញ្ចៀន​មួយ​នោះ​នៅលើ​ម្រាមដៃ​របស់​នាង ដែល​ស្ថិតនៅ​ពីក្រោម​ស្នាម​សាក់​រូប​បេះដូង ខណៈដែល​នាង​បាន​ពាក់ចិញ្ចៀន​មួយ​ផ្សេងទៀត​ដែលជា​របស់ Dener នៅលើ​ករ​របស់​នាង​ដែល​ជាប់​នៅលើ​ខ្សែករ​។​

​    ​ហេតុផល​ចម្បង​ដែល​បាន​សង្គ្រោះ​ជីវិត​របស់ Amanda គឺជា​កូនប្រុស​អាយុ​ពីរ​ឆ្នាំ​របស់​នាង​ជាមួយនឹង Dener ដែលជា​ក្មេងប្រុស​ឈ្មោះ Bernardo ។​

​    ​Amanda បាន​បញ្ជាក់ថា "​គាត់​គឺជា​រូបភាព​ទាំងស្រុង​នៃ​ឪពុក​របស់គាត់ គ្រប់យ៉ាង​គឺមាន​ភាពដូចគ្នា​។ កាយសម្បទា កាយវិការ​របស់គាត់ គ្រប់យ៉ាង​ទាំងអស់​គឺ​ដូចជា​ឪពុក​របស់គាត់​។​

​    ​ដូច្នេះ របស់​មួយផ្នែក​តូច​របស់គាត់​នៅតែ​បាន​បន្សល់ទុក​។ ខ្ញុំ​នឹងធ្វើ​អ្វី​គ្រប់យ៉ាង​ដើម្បី​ធ្វើឱ្យ​គាត់​ដឹងថា ឪពុក​របស់គាត់​គឺជា​បុរស​ដ៏​អស្ចារ្យ​បំផុត​"៕

adverise with khmeread
ប្រភព៖ CNN