adverise with khmeread Becoming a millionaire

រឿង​៨​យ៉ាង​ដែល​រារាំង​អ្នក​មិន​ឲ្យ​ក្លាយជា​មហាសេដ្ឋី​

​មិនមែន​គ្រប់គ្នា​សុទ្ធ​តែមាន​វាសនា​ក្លាយជា​មហាសេដ្ឋី​នោះទេ​។ ជាការ​ពិត គ្មាន​នរណាម្នាក់​មាន​វាសនា​ក្លាយជា​អ្វីមួយ​នោះទេ​។ សក្តានុពល​សម្រាប់​ភាពជោគជ័យ​របស់​បុគ្គ​ល​ម្នាក់ៗ​អាច​ចាប់ផ្តើម​ជាមួយនឹង​កាលៈទេសៈ ដែល​ពួកគេ​ជួបប្រទះ ប៉ុន្តែ​មិន​ថា​ពួកគេ​ក្លាយជា​ជោគជ័យ​ឬក៏​អត់​ទេ គឺ​វា​អាស្រ័យ​លើ​ជម្រើស ដែល​ពួកគេ​ជ្រើសរើស និង​ជីវិត ដែល​ពួកគេ​ជ្រើសរើស​រស់នៅ​ប៉ុណ្ណោះ​។ ទោះបីជា​វា​មានការ​លំបាក​ដើម្បី​ក្លាយជា​អ្នកមាន​ក៏ដោយ ក៏ប៉ុន្តែ​វា​ក៏​អាចទៅរួច​ផងដែរ​សម្រាប់​យើង​គ្រប់គ្នា​ដើម្បី​បង្កើន​សក្តានុពល​សម្រាប់​ភាពជោគជ័យ​របស់​យើង​។ អ្នក​ដែល​ចង់ឃើញ​ក្រដាសប្រាក់​ដុល្លារ​ទាំង​ដុំៗ​ក្នុងពេល​អនាគត​គួរ​ចៀសវាង​នូវ​ប្រការ​ដូចខាងក្រោម​៖  

១- គ្មាន​បំណងប្រាថ្នា
​គ្រប់​អ្នកមាន​ទាំងអស់​ក្នុង​ពិភពលោក​ភ្ញាក់ឡើង​សុទ្ធតែ​ដឹងថា​ហេតុអ្វី​បានជា​ពួកគេ​ត្រូវ​ក្រោក​ពី​ព្រលឹម​។ យើង​ភាគច្រើន​ចូលដេក​ពេលយប់​ដោយ​មិនបាន​សម្រេច​អ្វីមួយ​ជា​ដុំកំភួន​នៅពេល​ថ្ងៃ​នោះទេ ព្រោះតែ​ពួកយើង​ពុំ​មើលឃើញ​ពី​បំណងប្រាថ្នា​ធ្វើ​អ្វីមួយ​ទាល់តែសោះ​។ បំណងប្រាថ្នា​ត្រូវតែ​កើតចេញពី​ក្នុង​ខ្លួន​របស់​យើង​។ ប្រសិនបើ​ពិនិត្យឃើញ​ជំងឺមហារីក​ដំណាក់កាល​ចុងក្រោយ​ហើយ លោក​ស្ទី​វ ចប​ឈប់​ធ្វើការ និង​បន្ត​សួរ​ខ្លួនឯង​ថា "​តើ​ធ្វើ​ហ្នឹង​បាន​ប្រយោជន៍​អី​?" នោះ​យើង​ប្រហែលជា​មិនបាន​កាន់​ទូរស័ព្ទ iPhone សម្រាប់​អាន​អត្ថបទ​នេះ​ទេ​។ 

២- គ្មាន​មហិច្ឆតា
​គួបផ្សំ​ជាមួយនឹង​ការ​មានបំណង​ប្រាថ្នា អ្នក​ក៏ត្រូវ​មាន​មហិច្ឆតា​ផងដែរ​។ ជាការ​ពិត មនុស្ស​លើ​ផែនដី​មាន​រាប់ពាន់​លាន​នាក់ ហើយ​បំណងប្រាថ្នា​របស់​មនុស្ស​ទាំងនោះ​អាច​នឹងមាន​លក្ខណៈ​ដូចគ្នា ឬ​ស្រដៀង​គ្នា​។ ប៉ុន្តែ​អ្នក​ត្រូវតែ​ញែក​បំណងប្រាថ្នា​នោះ​ចេញពី​មនុស្ស​ទាំងនោះ​តាមរយៈ​ការ​មាន​មហិច្ឆតា​ឲ្យ​ខ្លាំង​ជាង​ពួកគេ​។ ត្រូវ​ធ្វើជា​មនុស្ស​ដែល​ដឹងថា​ខ្លួនឯង​ចង់បាន​អ្វី និង​ដឹង​ពី​របៀប​យក​វា​ឲ្យ​បាន​។ បើ​មិន​ដូច្នោះ​ទេ​អ្នក​ក៏​មិន​ខុស​អី​ពី​អ្នក​ដែល​សុបិន​ចោល និង​គ្មាន​មហិច្ឆតា​ទាំងអស់​នោះដែរ​។ 

៣- មិន​ធ្វើខ្លួន​ជា​អ្នករៀន​អស់​មួយជីវិត
​ការរៀនសូត្រ​គឺ​មិនចេះចប់​នោះទេ សូម្បី​នៅពេលដែល​អ្នក​បាន​រៀប​ចប់​ថ្នាក់​វិទ្យាល័យ​ឬ​សាកលវិទ្យាល័យ​ក៏ដោយ​។ គិត​មើលទៅ​មើលថា​តើ​បច្ចេកវិទ្យា​រីកចម្រើន​ដល់​ណា​ហើយ​តាំងពី​អ្នករៀន​ចប់​វិទ្យាល័យ ហើយ​សាក​ស្រមៃ​មើលទៅ​មើលថា​តើ​វា​នឹង​ទៅដល់​ណា​ក្នុង​រយៈពេល ២០​ឆ្នាំ​ខាងមុខ​ទៀត​។ តើ​អ្នក​មិន​ចង់​រវីរវល់​នឹង​ភាពជឿនលឿន​របស់​បច្ចេក​វិទ្យា​ដោយសារតែ​អ្នក​លែង​ចង់​រៀន​តើ​មែន​ទេ​? ការរៀន​អ្វីដែល​ថ្មី​នឹង​រឹតតែ​ធ្វើ​ឲ្យ​ខ្លួនឯង​រីកចម្រើន​ទៅមុខ និង​អាច​ពង្រីក​សក្តានុពល​ខ្លួនឯង​រឹតតែ​ខ្លាំង​ថែមទៀត​។  

៤- ខ្វះ​ការ​លុត​ដំ​ខ្លួន
​ទោះបីជា​អ្នក​ស្រឡាញ់​ការរៀន អ្នកដឹង​ពីអ្វី​ដែល​ខ្លួន​ចង់​ធ្វើ និង​ដឹង​ពី​របៀប​ធ្វើ​វា​ក៏ដោយ ក៏​អ្នក​នៅតែ​ចាំបាច់​មានការ​លត់​ដំ​ខ្លួនឯង​ដើម្បី​ស្វែងរក​ភាពជោគជ័យ​ពិតប្រាកដ​។ មហាសេដ្ឋី​ភាគច្រើន​បាន​អនុវត្ត​ការ​លុត​ដំ​ខ្លួនឯង​នៅ​គ្រប់​ទិដ្ឋភាព​ទាំង​អស់នៃ​ជីវិត​របស់​ពួកគេ​។ បើ​ពួកគេ​ប្តេជ្ញា​ថា​ទទួលទាន​អាហារ​ដែលមាន​សុខភាព​ល្អ នោះ​ពួកគេ​នឹងមិន​បំពាន​ការប្តេជ្ញា​របស់ខ្លួន​នោះទេ​។ ពួកគេ​យល់ច្បាស់​ណាស់​ពី​ការ​លុត​ដំ​ខ្លួនឯង ដើម្បី​សម្រេចបាន​អ្វីមួយ​ដែល​ពួកគេ​ចង់បាន​។ 

៥- បង្អែបង្អង់​ពេលវេលា
​មនុស្ស​បង្អែបង្អង់​ពេលវេលា នៅពេល​ពួកគេ​ខ្លាច​ថា​ការប្រឹងប្រែង​របស់​ពួកគេ​នឹងមិន​ទទួលបាន​ផល ឬ​ពួកគេ​ខ្លាច​ថា​ពួកគេ​មិនល្អ​គ្រប់គ្រាន់​ដើម្បី​សម្រេចបាន​កិច្ចការ​ដោយមាន​ប្រសិទ្ធភាព​។ មហាសេដ្ឋី​ជោគជ័យ​ជឿជាក់​លើ​សមត្ថភាព​ខ្លួនឯង​ទាំងស្រុង​ថា​អាចធ្វើ​អ្វីៗ​បាន​ទាំងអស់ ហើយ​ពួកគេ​ដឹងផង​ដែរ​ថា ប្រសិនបើ​ពួកគេ​ដាក់ចេញ​កិច្ចការ​អ្វីមួយ ហើយ​កិច្ចការ​នោះ​នៅតែ​ពន្យា​ដល់​ថ្ងៃស្អែក នោះ​ពួកគេ​នឹង​លែងមាន​ពេលវេលា​សម្រេច​វា​បាន​ទៀតហើយ​។ ជាការ​ពិត វា​តែងតែមាន​កិច្ចការ​ខ្លះ​គរ​លើ​គ្នា​រហូតដល់​ថ្ងៃស្អែក ប៉ុន្តែ​កុំ​យក​លេស​នេះ​មក​ដោះសារ​គ្រប់​ពេលដែល​អ្នក​បង្អែប​ង្អ​ង់​ពេលវេលា​ឲ្យ​សោះ​។ 

៦- ខ្វះ​ការតស៊ូ​
​សំដី​របស់លោក Pink Floyd ស្តាប់ទៅ​គឺ​គួរ​ឲ្យ​ចាប់អារម្មណ៍​ណាស់​, គាត់​បាន​ពោលថា​៖ "​រត់​ទៅ ទន្សាយរ​ត់ទៅ​, ជីករណ្តៅ​នោះ​ទៀត​ទៅ កុំ​ខ្វល់​រឿង​ថ្ងៃ​លិច​ឲ្យ​សោះ​, ហើយ​នៅពេល​ចុងក្រោយ​ដែល​ការងារ​នោះបាន​សម្រេច​, កុំ​អង្គុយ​ស្ងៀម វា​ជា​ពេល​ត្រូវ​ជីករណ្តៅ​មួយទៀតឲ្យ​ហើយ​"​។  

​និយាយ​មួយបែប​ទៀត ការងារ​របស់​អ្នក​គឺ​មិនដែល​ធ្វើ​រួចរាល់​ពិតប្រាកដ​នោះទេ​។ កិច្ចការ​នឹង​បន្តគ​រលើ​គ្នា មិន​ថា​អ្នក​ជ្រើសរើស​សម្រេច​វា​ឲ្យ​បាន​ឬក៏​អត់​នោះទេ​។ ការ​ឲ្យ​ខ្លួនឯង​ឈប់សម្រាក​នឹង​បានត្រឹមតែ​ធ្វើ​ឲ្យ​ខ្លួនឯង​រឹតតែ​ចង់​ឈប់សម្រាក​ថែមទៀត​ក្នុង​ពេលអនាគត​។ មហាសេដ្ឋី​ជោគជ័យ​ដឹង​ច្បាស់​ណាស់​ពី​រឿងនេះ ដែល​ហេតុនេះហើយ​ទើប​ពួកគេ​មិនដែល​ទុកចោល​កិច្ចការ​របស់​ពួកគេ​នោះទេ​។ ពួកគេ​អាច​នឹង​ដើរលេង​សប្បាយ​ហ៊ឺហា និង​ទទួលទាន​អាហារ​នៅ​ភោជនីយដ្ឋាន​ថ្លៃៗ ប៉ុន្តែ​ពួកគេ​តែងតែ​ដាក់​ទូរស័ព្ទ​នៅក្បែរ​ខ្លួន​ជានិច្ច ក្នុងករណី​មាន​អ្វីមួយ​កើតឡើង ដែល​តម្រូវ​ឲ្យ​ពួកគេ​យកចិត្តទុកដាក់​បន្ទាន់​។ មិនមែន​គ្រាន់តែ​អ្នកទទួលបាន​លទ្ធផល​ការងារ​ល្អ​នៅថ្ងៃនេះ អ្នក​អាច​សម្រាក​នៅ​ថ្ងៃស្អែក​ហើយ​រំពឹង​បាន​លទ្ធផល​ដដែល​នោះទេ​។  

៧- សម្បូរមិត្តភក្តិ​ដែល​គិតតែ​ពី​រឿង​អវិជ្ជមាន​
​មិត្តភក្តិ​អាច​ទាំង​ជួយ​ឲ្យ​អ្នក​រីកចម្រើន​ទៅមុខ និង​អាច​ទាំង​ទាញ​អ្នកធ្លាក់​ទឹក​ផងដែរ​។ ប្រសិនបើ​អ្នកមើល​ឃើញ​ខ្លួនឯង​ព័ទ្ធ​ជុំជិត​ទៅដោយ​មនុស្ស​ដែល​គ្មាន​មហិច្ឆតា​ក្នុង​ជីវិត​ហើយ​តែងតែ​ទាញ​គេ​ឲ្យ​ធ្លាក់ទឹក​តាម​ខ្លួន អ៊ីចឹង​អ្នក​ត្រូវតែ​ចាកចេញ​ពី​ពួកគេ​ជាបន្ទាន់​ហើយ​។ ពួកគេ​អាច​បង្កលក្ខណៈ​សប្បាយៗ​នៅពេល​ខ្លះ ប៉ុន្តែ​ពួកគេ​មិនអាច​បម្រើ​ដល់​គោលបំណង​ក្នុង​ជីវិត​របស់​អ្នក​បានទេ ប្រសិនបើ​គោលបំណង​របស់​អ្នក​គឺ​ក្លាយជា​អ្នក​ជោគជ័យ​នោះ​។ ដោយឡែក ការ​ដែលមាន​មនុស្ស​ជោគជ័យ​ជាង​អ្នក​នៅ​ជុំវិញខ្លួន វា​នឹងធ្វើ​ឲ្យ​អ្នក​រឹត​តែមាន​មហិច្ឆតា​ចង់​ធ្វើ​ឲ្យ​បានល្អ​ជាង​ពួកគេ​ពីមួយថ្ងៃ​ទៅមួយថ្ងៃ​។ នៅពេល​អ្នក​ចាប់ផ្តើម​កំណត់​ផ្លូវត្រូវ​ដើរ​ក្នុង​ជីវិត​របស់ខ្លួន​ហើយ ត្រូវ​យកចិត្តទុកដាក់​ឲ្យ​ខ្លាំង​រឿង​មនុស្ស​ដែល​នឹង​ដើរ​តាមផ្លូវ​ជាមួយ​អ្នក​។ 

៨- ការងារ​ដែល​មិន​សម​តាម​បំណង
​ពួកយើង​ភាគច្រើន​តែងតែ​ផុងខ្លួន​ក្នុង​ការងារ​ដែល​ខ្លួន​មិន​ពេញចិត្ត​។ ដំបូង អ្នក​អាច​នឹង​គិតថា "​ការងារ​គឺ​បណ្តោះអាសន្ន​ទេ​" ប៉ុន្តែ​បន្ទាប់មក ១​ឆ្នាំ​បាន​ប្រែក្លាយជា ២​ឆ្នាំ​, បន្ទាប់មកទៀត ២​ឆ្នាំ​បាន​ក្លាយជា​៥​ឆ្នាំ ហើយ​រឿង​បន្ទាប់​ដែល​អ្នកដឹង​គឺ​អ្នក​បាន​ខកខាន​ឱកាស​របស់​អ្នក​ដើម្បី​ឈានឆ្ពោះ​ទៅរក​ភាពជោគជ័យ​។ កុំ​ទុក​ឲ្យ​រឿងនេះ​កើតឡើង​ឲ្យ​សោះ​។ អ្នក​អាច​នឹង​ប្រឈម​នឹង​វិបត្តិ​ហិរញ្ញវត្ថុ​ពី​គ្រា​ដំបូង ប៉ុន្តែ​បើ​មើល​លើផ្លូវ​វែងឆ្ងាយ អ្នកនឹង​កាន់តែ​មាន​ភាព​រីករាយ ហើយ​អ្នក​នឹងមាន​អារម្មណ៍​កាន់តែ​ជឿជាក់​លើ​វិថី​ដែល​ខ្លួនជ្រើស​ដើរ​ដើម្បី​ឆ្ពោះទៅរក​ភាពជោគជ័យ​៕ 

 

ប្រភព៖ ឡាយហ៊ែក

adverise with khmeread

មតិយោបល់