ស្កុប​ពី​បើក​រំលោភ​ភ្លើងស្តុប​ត្រូវ រថយន្ត​វី​ហ្គោ​បើក​បុក របួសធ្ងន់ ហើយ​បើក​រត់គេច​បាត់​(​មាន​វីដេអូ​)

    ភ្នំពេញ ៖ យុវជន​ជា​កម្មករ​រោងចក្រ​ម្នាក់​បាន​រងរបួស​ធ្ងន់ សន្លប់​ស្តូក​នៅនឹងកន្លែង​បន្ទាប់​ជិះ​ម៉ូ​តូ​ចេញពី​ធ្វើការ ត្រឡប់ទៅផ្ទះ មិនទាន់​ដល់​ផង ត្រូវបាន​ជួប​គ្រោះថ្នាក់​ចរាចរណ៍ ដោយ​បើក​រំលោភ​ភ្លើងស្តុប​ក្រហម ត្រូវបាន​រថយន្ត​បើក​បុក​​ម៉ូ​តូចំ​ពីមុខ ហើយ​បើក​រត់គេច​បាត់​។​

    គ្រោះថ្នាក់​នេះ​កើតឡើង​កាលពី​វេលា​ម៉ោង​៥​​ និង​៣០​នាទី​ល្ងាច​ថ្ងៃទី​០៦ ខែធ្នូ ឆ្នាំ​២០១៦ ស្ថិតនៅលើ​កំណាត់​ផ្លូវជាតិ​លេខ​៤ ត្រង់ចំណុច​ភ្លើងស្តុប កែង​ផ្លូវ​ទំនប់​កប់​ស្រូវ ភូមិ​ព្រៃ​ស្វាយ សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ។​

    ប៉ូលិស​និយាយថា ជនរងគ្រោះ​ឈ្មោះ ឡា​ច ចាន់នី ភេទ​ប្រុស អាយុ​១៩​ឆ្នាំ មុខរបរ កម្មករ​រោងចក្រ កាណាឌីយ៉ា ស្នាក់នៅ ផ្ទះជួល​ភូមិ​ខ្វែ សង្កាត់​ត្រពាំង​ក្រសាំង ខណ្ឌ​ពោធិ៍​សែន​ជ័យ មាន​ស្រុកកំណើត ភូមិ​ទ្រាំង ឃុំ​ធា​យ ស្រុក​បាភ្នំ ខេត្តព្រៃវែង ជិះ​ម៉ូ​តូមួយគ្រឿង​ម៉ាក ស្កុប​ពី ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ 1FK-0963។ ចំណែក​រថយន្ត​គ្រាន់តែ ដឹងថា ម៉ា​កវី​ហ្គោ មិន​ច្បាស់​ពណ៌ មិន​ចាំ​ស្លាក​លេខ។​

    ប្រភព​នៅ​កន្លែងកើតហេតុ​បានឱ្យដឹងថា មុន​កើតហេតុ ជនរងគ្រោះ​ជិះ​​ម៉ូ​តូ​ចេញពី​រោងចក្រ ក្នុង​បំណង់​ត្រឡប់ទៅផ្ទះ នៅ​សង្កាត់​ត្រពាំង​ក្រសាំង កាត់​តាម​ផ្លូវជាតិ​លេខ​៤ ពី​កើ​តទៅ​លិច។​

    លុះដល់​ចំណុច​ភ្លើងស្តុប កន្លែងកើតហេតុ ទោះជា​ភ្លើង​សញ្ញា​ពណ៌​ក្រហម យានជំនិះ ឈប់​ចត​ស្ងៀ​ត តែ​ជនរងគ្រោះ នៅតែ​បន្តដំណើរ​ឆ្លង​ស្តុ​ប​ភ្លើង​ក្រហម ត្រូវបាន​រថយន្ត វី​ហ្គោ បើក​ពី​លិច បត់​ឆ្ពោះទៅ​ជើង ផ្លូវ​ទំនប់​កប់​ស្រូវ ត្រូវ​តាម​ភ្លើង​សញ្ញា អទិភាព​របស់​រថយន្ត ជ្រុល​បុក​ម៉ូ​តូចំ​ពីមុខ ដួល​រងរបួស ហើយ​រថយន្ត​បើក​រត់គេច​ទៅ​បាត់​តែម្តង​។​

    ក្រោយ​កើតហេតុ ជនរងគ្រោះ​ត្រូវបាន​រថយន្ត​សង្គ្រោះ​របស់​អង្គភាព​៧១១ ដឹក​បញ្ជូនទៅ​មន្ទីរពេទ្យ​ព្រះ​កុ​សុ​មៈ ចំណែក​​ម៉ូ​តូ រង​ការខូចខាត តែ​ភាគី​ខាង​រថយន្ត​បើក​គេច​បាត់ ត្រូវបាន​សាច់ញាតិ សុំ​យកទៅ​ជួសជុល​៕

 

adverise with khmeread