​តារាវិទូ​រកឃើញ​ដុំ​អាចម៍ផ្កាយ​ប្រវែង ២ ម៉ែត្រ​នៅ​កៀក​ផែនដី​

​    ​ក្រុម​តារាវិទូ​បាន​សម្គាល់​ឃើញ​អាចម៍ផ្កាយ​ដ៏​តូច​ជាងគេ​នៅ​កៀក​ផែនដី​។​

​    ​ដុំថ្ម​អាកាស​នោះ​មាន​អង្កត់ផ្ចិត​ប្រវែង​ពីរ​ម៉ែត្រ​តែប៉ុណ្ណោះ ហើយក៏​ជា​អាចម៍ផ្កាយ​ដ៏​ភ្លឺ​ជាងគេ​ដែល​ធ្លាប់​រកឃើញ ដោយ​ជះ​ពន្លឺ​ប្រហែល ៦០ ភាគរយ​ដែល​ឆ្លងកាត់​វា​។​

​    ​អាចម៍ផ្កាយ​ឈ្មោះ 2015 TC25 ហាក់​មាន​ប្រភព​ដើមពី​អាចម៍ផ្កាយ​ដ៏​ធំ​នៅក្នុង​ប្រព័ន្ធ​ព្រះអាទិត្យ ហើយ​ជា​អាចម៍ផ្កាយ​ដ៏​លឿន​ជាងគេ​ផងដែរ​ដែល​ធ្លាប់​រកឃើញ ហើយ​វា​វិល​ខ្វាល់​រាល់ ២ នាទី​ម្តង​។​

​    ​ក្រុម​តារាវិទូ​ឧស្សាហ៍​រកឃើញ​វត្ថុ​ទាំងនេះ​ប៉ុន្តែ​នៅតែ​មិនទាន់​ដឹង​ច្រើន​អំពី​ពួកវា​។ ការសិក្សា​ពី​វត្ថុ​បែបនេះ​នឹង​ជួយ​ពួកយើង​ឱ្យ​ទស្សន៍ទាយ​នៅពេល​អាចម៍ផ្កាយ​ធំ និង​គ្រោះថ្នាក់​អាច​បុក​ផែនដី​។​

​    ​លោក Vishnu Reddy ជំនួយការ​សាស្ត្រាចារ្យ​នៅ​មន្ទីរពិសោធន៍ Lunar and Planetary Laboratory នៃ​សាកលវិទ្យាល័យ University of Arizona បាន​ដឹកនាំ​ក្រុម​អ្នកវិទ្យាសាស្ត្រ​ដែល​រកឃើញ​អាចម៍ផ្កាយ​នេះ​។​

​    ​ក្រុម​តារាវិទូ​រកឃើញ​វត្ថុ​នេះ​ដោយ​ប្រើ​កែវ​យឺត​លើ​ផែនដី​ចំនួន​បួន​កាលពី​ខែតុលា​ឆ្នាំមុន​អំឡុង​កម្មវិធី​ស្ទាបស្ទង់​មួយ​ហៅថា Catalina Sky Survey របស់​សាកលវិទ្យាល័យ University of Arizona​។​

​    ​ដុំថ្ម​អាកាស​នេះ​មាន​ចម្ងាយ​ពី​ផែនដី​ប្រមាណ ១២៨.០០០ គីឡូម៉ែត្រ​ប៉ុណ្ណោះ​៕

ប្រភព៖ បរទេស

1 adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់