រថយន្ត​ក្រុមហ៊ុន វិ​រៈ ប៊ុន​ថាំ បើក​លឿន​ពេក​ជ្រុល​ចង្កូត​បុក​បង្កាន់ដៃស្ពាន​ថ្ម​វត្ត​ដំណាក់

    សៀមរាប ​៖ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​ដោយ រថយន្ត របស់​ក្រុមហ៊ុន វិ​រៈ ប៊ុន​ថាំ បើកបរ​ក្នុង​ល្បឿន​លឿន ដែល​ទើប​ទម្លាក់​ភ្ញៀវ​មកពី​ភ្នំពេញ​ទាំងយប់ រួច​បើកឡាន​យកមក​ទុក​នៅ​ឃ្លាំង​របស់​ក្រុមហ៊ុន។ ​ខណៈពេល​នោះមក​ដល់​ចំណុចកើតហេតុ អ្នកបើក​បរបាន​បួង​ចង្កូត​យក​ម៉ា​អស់ដៃ ហើយ​ទាញ​ចង្កូត​មកវិញ​មិនទាន់ ស្រាប់តែ​ជ្រុល​ទៅបុក​បង្កាន់ដៃ​ស្ពានថ្ម​វត្ត​ដំណាក់​ខាងលិច បណ្តាលឱ្យ​បាក់​មួយ​កំណាត់​ផ្នែក​ខាងមុខ ដែលជា​ស្ពាន តាំងពី​បុរាណ​មកដល់​បច្ចុប្បន្ន បង្កឱ្យមាន​ការភ្ញាក់ផ្អើល​ទាំង​ព្រឹក​ព្រលឹម​។​

    គ្រោះថ្នាក់​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៥​ព្រឹក​ព្រលឹម ថ្ងៃទី​៦ ខែធ្នូ ឆ្នាំ​២០១៦ ស្ថិតនៅ​ចំណុច​ចុងស្ពាន​ថ្ម​វត្ត​ដំណាក់ ខាងកើត​ផ្សារ​ចាស់ ក្នុងភូមិ​មណ្ឌល​១ សង្កាត់​ស្វាយដង្គំ ក្រុង​-​ខេត្តសៀមរាប។​

    ប៉ូលិស​ចរាចរណ៍​បាន​ប្រាប់​ឱ្យដឹងថា ក្រោយពី​កើតហេតុ​ភ្លាមៗ កម្លាំង​ជំនាញ បាន​ចុះ​ទៅដល់​កន្លែងកើតហេតុ ត្រួតពិនិត្យ និង​បាន​យក​រថយន្ត​របស់​ក្រុមហ៊ុន វិ​រៈ ប៊ុន​ថាំ មក​រក្សាទុក​នៅ​គោលដៅ​មុខ​ស្ពានថ្ម​ព្រះអង្គ​ចេក ព្រះអង្គ​ចម ដើម្បីឱ្យ​តំណាង​ក្រុមហ៊ុន​ចូលមក​ដោះស្រាយ ដោយ​តម្រូវ​ឱ្យ​ជួសជុល​បង្កាន់ដៃស្ពាន​នោះ​ជូន​រដ្ឋ​វិញ ឬ​ប្រគល់ឱ្យ​ទៅខាង​គមនាគមន៍ ដើម្បី​ជួសជុល​ក៏បាន​។​

    ប្រភព​បាន​បន្តថា អ្នកបើករថយន្ត​ក្រុង​នោះ​មានឈ្មោះ សុភា ធារ៉ា ភេទ​ប្រុស អាយុ២៦​ឆ្នាំ មុខរបរ​ជា​អ្នក​បើកឡាន មាន​ទីលំនៅ​ភូមិ​ព្រែក​តាកែវ ឃុំ​សំរោង​ធំ ស្រុក​កៀនស្វាយ ខេត្តកណ្តាល បើកបរ​ឡាន​ចេញ​មកពី​ក្រុមហ៊ុន វិ​រៈ ប៊ុន​ថាំ ពី​លិច​មក​កើត​បត់​ទៅ​ត្បូង ដែលមាន​ទីតាំង​ស្ថិតនៅ​រង្វង់​មូល​នាគ​បាញ់​ទឹក ក្នុងភូមិ​ស្ទឹង​ថ្មី សង្កាត់​ស្វាយដង្គំ ក្រុង​សៀមរាប។​

    រថយន្ត​បង្ក​ម៉ាក ហ៊ិ​ន​ដាយ ពណ៌​សលាយ​លឿង ពាក់​ស្លាក​លេខ​ភ្នំពេញ 3C​8854 នៅក្នុង​រថយន្ត​នោះ​មាន​ព្រូឡាន​ម្នាក់ទៀត​ឈ្មោះ ឌុ​ង ប៊ុន ឌិន ភេទ​ប្រុស អាយុ១៨​ឆ្នាំ រស់នៅ​ខេត្តបាត់ដំបង បច្ចុប្បន្ន​ស្នាក់នៅ​ក្នុង​ក្រុមហ៊ុន​។​

    បច្ចុប្បន្ន អ្នកបើកបរ និង​ព្រូឡាន ព្រមទាំង​រថយន្ត​រប​ស់​ក្រុមហ៊ុន វិ​រៈ ប៊ុន​ថាំ បាន​យកមក​រក្សាទុក​នៅ​គោលដៅខាងលើ ដើម្បី​ដោះស្រាយ​ទៅតាម​ផ្លូវច្បាប់ ប្រសិនបើ​តំណាង​ក្រុមហ៊ុន​មិន​ចូលខ្លួន​មក​ដោះស្រាយ​ទៅតាម​ផ្លូវច្បាប់​នោះទេ កម្លាំង​ប៉ូលិស​ចរាចរណ៍ ដែល​ប្រចាំការ​នៅ​ព្រឹក​នេះ នឹង​យក​រថយន្ត និង​អ្នកបើកបរ ទៅ​ទុក​នៅ​ស្នងការដ្ឋាន​ប៉ូលិស​ខេត្តសៀមរាប ដើម្បី​ដោះស្រាយ​បន្ត​ទៅតាម​និតិ​វិធី​ច្បាប់​៕​

adverise with khmeread