adverise with khmeread 1

ផ្ទុះកូដកម្ម៥ថ្ងៃគ្មានដំណោះស្រាយនាំគ្នាហែមកដាក់ញ្ញត្តិនៅក្រសួងការងារ

     ភ្នំពេញ ៖  កម្មករ កម្មការិនី រោងចក្រ​កាត់ដេ​ខេ​ម​វើ​ណា​ហ្វេ​សិន មាន​ទីតាំង​ស្ថិតនៅក្នុង​សួន​ឧស្សាហកម្ម​7NG ភូមិ​ព្រៃ​ចាស់ ឃុំ​វិហារ​សួគ៌ ស្រុក​ខ្សាច់កណ្តាល ខេត្តកណ្តាល​ប្រមាណ​ជាង ១០០​នាក់ បាននាំគ្នា​មក​ដាក់​ញ្ញត្តិ​នៅ​ក្រសួង​ការងារ​នា​ព្រឹក​ថ្ងៃទី​១៨ មករា​ឆ្នាំ​២០១៦​នៅតាម ផ្លូវ​សហព័ន្ធរុស្ស៊ី សង្កាត់​ទឹកល្អក់​១ ខណ្ឌទួលគោក​និង​ខុទ្ទកាល័យ​លោកនាយក​រដ្ឋមន្ត្រី​ហ៊ុន សែន ដើម្បី​សុំ​កិច្ច​អន្តរាគមន៍​ជួយ​ដល់ក​ម្មករ បន្ទាប់ពី​ធ្វើ​កូដកម្ម​៥​ថ្ងៃ​គ្មាន​ដំណោះស្រាយ​។​

     ការតវ៉ា​ខាងលើនេះ ដឹកនាំ​ដោយ​សម្ព័ន្ធ​សហជីព​បេះដូង​កម្មករ​ខ្មែរ របស់លោក សាន ផាន មក​ដាក់​ញត្តិ​ជូន​ក្រសួង​ការងារ​ទាមទារ​លក្ខខណ្ឌ​ការងារ ២៥​ចំណុច​ហើយ​ចំណុច​ពិសេស គឺ សុំ​ដក​ប្រធាន​រដ្ឋបាល​រោងចក្រ​, សុំ​ឲ្យ​ក្រុមហ៊ុន​ទទួល​តំណាង​សហជីព​មូលដ្ឋាន​៤​នាក់​ឲ្យ​ចូលធ្វើការ​វិញ និង​រក្សា​ប្រាក់​ឈ្នួល និង​អត្ត​ប្រយោជន៍​ផ្សេងៗ ក្នុងកំឡុងពេល​ធ្វើ​កូដកម្ម​។​ល​។​

    ទាក់ទិន​នឹង​ការតវ៉ា​ខាងលើនេះ លោក​វង្ស សុវណ្ណ អគ្គលេខាធិការរង​នៃ​គណ​:​កម្ម​ការដោះស្រាយ​បាតុកម្ម កូដកម្ម​នៅ​គ្រប់មុខ​សញ្ញា នៃ​ក្រសួង​ការងារ​បានបញ្ជាក់​តាម​ទូរស័ព្ទ​កាលពី​រសៀល​ថ្ងៃទី​១៨​មករា​នេះ​ថា តំណាង​ខាង​ក្រសួង ការងារ​បានទទួល​យក​ញ្ញត្តិ​ពី​តំណាង​កម្មករ​រួចហើយ និង បាន​អញ្ជើញ​មក​ពិភាក្សាគ្នា​រយ​:​ពេល​ខ្លី ហើយ​បាន​ស្នើសុំ​ឲ្យ​កម្មករ​អត់ធ្មត់ ព្រោះ​ខាង​ក្រសួង​នឹង​អញ្ជើញ​តំណាង​ខាង​រោងចក្រ​មក​ពិភាក្សា​ឆាប់ៗ​នេះ មុននឹង​ឈានទៅ​កិច្ចចរចា​ត្រីភាគី ដើម្បី​រក​ដំណើ​ស្រាយ ។​

     គួររំលឹកថា កម្មករ កម្មការិនី​រោងចក្រ​ខាងលើ​បាននាំគ្នា​ធ្វើ​កូដកម្ម​តាំងពី​ថ្ងៃទី ១៤​មករា ឆ្នាំ​២០១៦ វេលា​ម៉ោង ៧​និង​១៥ នាទី​មកម្ល៉េះ​នៅមុខ​រោងចក្រ​កាត់ដេរ​ខេ​ម​វើ​ណា ដោយមាន​កម្មករ​សរុប​ចំនួន ១១០០ នាក់​ស្ថិតនៅ​ភូមិ​ព្រៃ​ចាស់ ឃុំ​វិហារ សួគ៌ ស្រុក​ខ្សាច់កណ្ដាល ខេត្តកណ្តាល​ក្នុង​តំបន់​សេដ្ឋកិច្ច​7NG​។​

    កូដកម្ម​នេះ ដឹកនាំ​ដោយ​សហជីព​ឈ្មោះ សម្ព​ន្ធ័​សហជីព​បេះដូង​កម្មករ​ខ្មែរ​របស់​ឈ្មោះ សឹ​ុ​ម ផល្លា ភេទ​ប្រុស អាយុ ៤៦​ឆ្នាំ និង​សហការី​ចំនួន ៧​នាក់ បាន​នាំ​កម្មករ​ប្រហែល​២០០​នាក់​ដោយ​នាំគ្នា​ឈរ​តម្រៀបជួរ​ធ្វើ​កូដកម្ម​ដាក់​មេក្រូ​ស្រែក​នៅខាងមុខ រោងចក្រ ទាមទារ នូវ​លក្ខខណ្ឌ​ចំនួន​២៥​ចំណុច ។​

    ប៉ុន្តែ​ព្រឹក​នោះដែរ​នៅ​វេ​លា​ម៉ោង ៨​និង​៣០ នាទី​សមត្ថកិច្ច​បាន​ប្រទះឃើញ​កញ្ចប់​ម្សៅ​ក្រា​ពណ៌​ស​ចំនួន​៨ កញ្ចប់​តូច​នៅ​កន្លែង​ដែល​កម្មករ កំពុងតែ​ធ្វើ​កូដកម្ម ហើយ​កម្លាំង​ព្រហ្មទណ្ឌ​ស្រុក​បាន​ចុះមក​ធ្វើ​កំណត់ហេតុ ហើយ​បាន​ដកហូត​កញ្ចប់​ម្សៅ​ក្រាម​ទាំងនោះ​យកទៅ​ពិសោធន៍​នៅ​មន្ទីរ​គ្រឿងញៀន​ខេត្ត​។​

    ចំណែក​ការធ្វើ​កូដកម្ម​របស់​កម្មករ​បាន​បន្តធ្វើ​ជាច្រើន​ថ្ងៃ ហើយ​បន្ទាប់ពី​គ្មាន​ដំណោះស្រាយ ទើប​ក្រុមកម្មករ​បាននាំគ្នា​មក​ដាក់​ញ្ញត្តិ​នៅ​ក្រសួង​ការងារ​និង​ខុទ្ទកាល័យ​លោកនាយក​រដ្ឋមន្ត្រី​ស្នើសុំ​កិច្ច​អន្តរាគមន៍​៕​

adverise with khmeread

មតិយោបល់