ក្រុម​អន្តរាគមន៍​ពិសេស​រង​ការ​ចោទថា លួច​ដាក់​ថ្នាំញៀន​មួយកញ្ចប់​លើ​យុវជន ​៣ ​នាក់​ដើម្បី​ជំរិត​ទារលុយ​

    ភ្នំពេញ ​៖ ក្រុមប៉ូលិស​អន្តរាគមន៍ពិសេស ​ដែលមាន​រហស្សនាម​ថា "​ដំបង​ជ័យ​" របស់​រាជធានី​ដែលមាន​ភារៈកិច្ច​ចុះជួយ ខណ្ឌ​សែន​សុខ​បាន​រង​ការចោទប្រកាន់​ពី​ក្មេងស្ទាវ​មួយក្រុម​មាន​គ្នា​ ៣ ​នាក់​ជិះ​ម៉ូតូ​មួយ គ្រឿង​ថា "​បានដាក់​ថ្នាំញៀន​លើ​ពួកគេ​ដើម្បី ​ជំរិត​ទារលុយ​"​។​

    ប៉ុន្តែ​ក្រុម​ដំបង​ជ័យ​បាន​បដិសេធ ដាច់អហង្ការ​ដោយនិយាយ​ថា ពួកគាត់​បាន រកឃើញ​ថ្នាំញៀន​១​កញ្ចប់​តូច​នៅលើ​ដី​ជិត ក្រុមក្មេងស្ទាវ​ទាំងនោះ​ពេលឈប់​ម៉ូតូ​មែន​។​

    ហេតុការណ៍​ខាងលើនេះ​បានកើត ឡើង​នា​ម៉ោងជាង​២​រំលងអធ្រាត្រ​ឈាន ចូល​ថ្ងៃទី​៧ ខែធ្នូ ឆ្នាំ​២០១៦ ស្ថិតនៅតាម បណ្តោយ​ផ្លូវ​២៧១ កែង​ផ្លូវ​ទេព​ផន ក្នុង​សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ។​

    ប្រជាពលរដ្ឋ​បាន​និយាយថា ស្ទើរតែ រាល់​យប់​គេ​តែងតែ​ឃើញ​កម្លាំង​ដំបង​ជ័យ​មួយក្រុម​ជិះ​ម៉ូតូ​៣ ​ទៅ​៤​គ្រឿង​តាម​បណ្តោយ ផ្លូវ​លេខ​២៧១ ដើម្បី​រក្សា​សុវត្ថិភាព​ និងត្រួតពិនិត្យ​មុខសញ្ញា​មិនល្អ​តាមផ្លូវ​។​

    តែ​នៅ​យប់​នេះ​ស្រាប់តែ​កម្លាំង​ដំបង​ជ័យ​រង​ការចោទប្រកាន់​ពី​ក្រុម​ក្មេង​ទំនើង​មួយក្រុម​ថា បាន​ហៅ​ពួកខ្លួន​កំពុង​ជិះ​ម៉ូតូ​តាមផ្លូវ​ឆែកឆេរ​លើ​ខ្លួន​រក​ថ្នាំញៀន​ និង​ដាក់​ថ្នាំញៀន (​ទម្លាក់​ថ្នាំញៀន​ជិត​ជើង​ក្មេងស្ទាវ​) ដើម្បីជំរិត​ទារលុយ​ទៅវិញ។​

​    ទោះជា​យ៉ាងណាក៏ដោយ​កម្លាំង​អន្តរាគមន៍​ពិសេស​បាន​បដិសេធថា ពួកគេ​មិនបាន​ទម្លាក់​ថ្នាំញៀន​ក្បែរ​ក្រុម​ក្មេង​ទំនើង​ទាំងនោះ​ដើម្បី​ជំរិត​ទារលុយ​ដូច​ការលើកឡើង​របស់​ក្មេង​ទាំង​៣​នាក់​នោះឡើយ​។​

    ក្រុម​ដំបង​ជ័យ​បាន​ប្រាប់​ផងដែរ​ថា នៅពេល​កើតហេតុ​ពួកគេ​បាន​ជិះ​ម៉ូតូ​តាមផ្លូវ លេខ​២៧១ ដើម្បី​ល្បាត​ព្រោះ​ក្រុម​នេះ​ត្រូវបាន​ថ្នាក់លើ​អនុញ្ញាតឱ្យ​ចុះជួយ​ខណ្ឌសែន​សុខ​ពេលយប់​។​

    ស្រាប់តែ​ពេល​កើតហេតុ​ក្រុម​ខ្លួន​បាន​ប្រទះឃើញ​ក្មេង​ទំនើង​មួយក្រុម​មាន​គ្នា​៣​នាក់​ជិះ​ម៉ូតូ​មួយ​គឿង​ម៉ាក​ហុងដា​សេ​១២៥ តាមផ្លូវ​លេខ​២៧១ ហើយ​ពេល​ឃើញ​ដូច្នេះ​ដោយមាន​ការ សង្ស័យ​ក្រុម​ខ្លួន​បាន​ហៅ​ឈប់​ដើម្បី​ត្រួតពិនិត្យ​តែ​ក្មេង​ទំនើង​ទាំង​នោះបាន​ព្យាយាម ជិះ​ម៉ូតូ​គេច។​

    ពេលនោះ​ក្រុម​ខ្លួន​បាន​ដេញតាម​ក៏​ហៅ ឱ្យ​ឈប់​បន្ទាប់មក​ក្រុម​ដំបង​ជ័យ​បាន​រកឃើញ​ថ្នាំញៀន​មួយកញ្ចប់​តូច​នៅ​ជិត​ជើង​ក្មេង​ទំនើង​ទាំង​៣​នាក់​នោះ​ដែល​សង្ស័យថា​ពួកគេ​ទម្លាក់ចោល​កុំ​ឱ្យ​សមត្ថកិច្ច​ចាប់​ភស្តុតាង។ បែរជា​ក្មេង​ទំនើង​ទាំងនោះ ចោទប្រកាន់​មកលើ​ពួកគាត់​ថា​មិនដឹង​ជា​យក​ថ្នាំញៀន​មកពីណា​ដាក់​មកលើ​ក្រុម​ខ្លួន ដើម្បី​ជំរិត​ទារលុយ​។ ក្រុម​ក្មេង ទំនើង​ទាំង​៣​នាក់​នោះ​មិន​ព្រម​ទទួលស្គាល់​ឡើយ រហូតដល់​មានការ​ប្រកែក​គ្នា​យ៉ាង​តឹង​សរសៃ ក​ដាក់គ្នា។​

    ទោះបីជា​មានការ​ប្រកែក​គ្នា​ខ្លាំង​យ៉ាងណា និង​មិន​ទទួលស្គាល់ថា ថ្នាំញៀន ​១ កញ្ចប់​ខាងលើនេះ​ជា​របស់ខ្លួន​យ៉ាងណាក៏ដោយ​ក៏​ក្រុម​ក្មេង​ទំនើង​ទាំង​៣​នាក់​នោះ ត្រូវបាន​កម្លាំង​ដំបង​ជ័យ​ចាប់​វាយខ្នោះ បញ្ជូន​ទៅកាន់​ប៉ុស្តិ៍​ទឹកថ្លា​ដើម្បី​ចាត់ការ តាម​នីតិវិធី។​

    ករណីនេះ​សមត្ថកិច្ច​ថ្នាក់លើ​គួរ​មើល​មន្ត្រីក្រោមឱវាទ​ទាំងនេះ​ផង តើ​ភាគី​ខាង​ណា​ខុស ហើយ​ភាគី​ខាង​ណាត្រូវ​? ជួនកាល​សមត្ថកិច្ច​ខ្លះ​ខិលខូច​ប្រព្រឹត្ត អំពើអាក្រក់​ក្រោមរូបភាព​ស្របច្បាប់​ក៏មានដែរ៕

Untitled 1 adverise with khmeread

មតិយោបល់