មជ្ឈមណ្ឌលហ្វឹកហ្វឺនជាច្រើនដែលអះអាងថា មានជំនាញខាងបណ្តុះបណ្តាលក្មេងៗឱ្យឆ្លាតវៃតាមវិធីសាស្ត្រធ្វើឱ្យសកម្មខួរក្បាលផ្នែកកណ្តាល កំពុងកើនឡើងច្រើននៅប្រទេសវៀតណាម ដោយទាក់ទាញអាណាព្យាបាលជាច្រើនរូប ជាមួយការសន្យាថានឹងប្រែក្លាយកូនៗរបស់ពួកគេឱ្យទៅជាអ្នកប្រាជ្ញ។
មជ្ឈមណ្ឌលប្រភេទនេះជាច្រើនត្រូវបានបង្កើតឡើងនាប៉ុន្មានខែចុងក្រោយ ដោយឆ្លៀតឱកាសក្តាប់យកសក្តានុពលពីឪពុកម្តាយជាច្រើន ដែលប្រាថ្នាឱ្យកូនៗក្លាយជាមនុស្សឆ្លាតក្នុងរយៈពេលដ៏ខ្លី។
អ្នកស៊ើបការណ៍របស់កាសែតយុវជនវៀតណាម Tuoi Tre ម្នាក់បានលាតត្រដាងថា ទីតាំងហ្វឹកហ្វឺនឱ្យទៅជាអ្នកប្រាជ្ញទាំងនេះមានទីតាំងភាគច្រើនស្ថិតនៅទីក្រុងហូជីមិញ និងហាណូយ ដោយសន្យាទទួលបានលទ្ធផលគួរជាទីរំពឹង សូម្បីទើបរៀនបានមួយវគ្គក៏ដោយ។
យោងតាមការផ្សព្វផ្សាយរបស់ពួកគេឱ្យដឹងថា អ្នកសិក្សាទាំងអស់អាចអានលេខ និងពណ៌ លេងអុក ជិះកង់ និងធ្វើរឿងដទៃទៀតជាមួយភ្នែកបិទជិតដោយប្រើវិធីសាស្ត្រធ្វើឱ្យខួរក្បាលផ្នែកកណ្តាលមានភាពសកម្ម ហៅថា "Midbrain Activation"។
មជ្ឈមណ្ឌលទាំងនោះប្រកាសថា នៅកម្រិតខ្ពស់ ក្មេងៗនឹងអាចមើលដឹងចិត្តមនុស្ស និងពង្រឹងល្បឿនអាន និងការចងចាំរបស់ពួកគេដល់ទៅ ១០០ ដង។
រីឯវគ្គសិក្សាវិញមានតម្លៃចាប់ពី ៣៩៨ ដុល្លារទៅ ៥៣០ ដុល្លារ ជាមួយមជ្ឈមណ្ឌលខ្លះធានាសងលុយវិញប្រសិនបើការសន្យាមិនអាចសម្រេចបាន។
ម្តាយម្នាក់មកពីខេត្ត Lam Dong បានប្រាប់កាសែតខាងលើថា គាត់បានចុះឈ្មោះឱ្យកូនគាត់ចូលរៀនក្នុងទីក្រុងហូជីមិញនៅតម្លៃបញ្ចុះ ១៣៣ ដុល្លារ ប៉ុន្តែគាត់មិនបានកត់សម្គាល់ការផ្លាស់ប្តូរអ្វីឡើយ។ ផ្ទុយទៅវិញកូនគាត់មានតែងងុយដេកដោយសារការបង្រៀនឱ្យស្តាប់តន្ត្រី។
ទោះយ៉ាងណា មន្ត្រីជាន់ខ្ពស់នៃមន្ទីរពេទ្យកុមារវៀតណាមលោក Thanh Ngoc Minh បាននិយាយថា វិធីសាស្ត្រខាងលើមិនបានបង្កើនកម្រិត IQ ឬក៏សមត្ថភាពគិតរបស់ក្មេងៗឡើយ៕
