បុរស​ជា​ជនជាតិ​អាមេរិក​ម្នាក់ បាន​ដើរ​រអិល​ជើង​ធ្លាក់​ពីលើ​ក្បាលទូក​ចូល​ទឹកទន្លេ​

    ភ្នំពេញ​៖ បុរស​ជា​ជនជាតិ​អាមេរិក​ម្នាក់ បាន​ដើរ​រអិល​ជើង​ធ្លាក់​ពីលើ​ក្បាលទូក ចូលទៅក្នុង​ទឹក​ទន្លេសាប​បណ្ដាលឱ្យ​លិចខ្លួន​បាត់​កាលពី​វេលា​ម៉ោង៧ ​និង​៥០​នាទី​យប់ ថ្ងៃទី​៧ ខែធ្នូ ឆ្នាំ​២០១៦ ស្ថិតនៅ​ចំណុច​លើ​ក្បាលទូក​លើ​ផែបណ្ដែត​ភ្នំពេញ ស្ថិតក្នុង​សង្កាត់​វត្តភ្នំ ខណ្ឌដូនពេញ។​

    ប៉ូលិស​បាន​ឱ្យ​ដឹងថា ជនរងគ្រោះ​មានឈ្មោះ KEN KRAMRE ភេទ​ប្រុស អាយុ​៥៥​ឆ្នាំ ជនជាតិ​អាមេរិក ស្នាក់​នៅផ្ទះ​លេខ​៣ ផ្លូវ​១៧៤ សង្កាត់​ផ្សារ​ថ្មី​៣ ខណ្ឌដូនពេញ​។​

    បុរស​ជនជាតិ​អាមេរិកកាំង​ដែលជា​ម្ចាស់​ទូក​ឈ្មោះ ​PAUL BRIAN អាយុ​៤៤​ឆ្នាំ បានឱ្យដឹងថា នៅ​មុនពេល​កើតហេតុ រូបគាត់​ និង​ជនរងគ្រោះ​ដែល​បាន​ស្គាល់គ្នា​ពីមុន បាន​ពិភាក្សាគ្នា​រឿង​ការងារ។ បន្ទាប់​ក្រោយមក​ពួកគាត់​ក៏បាន​ណាត់គ្នា​ទៅ​ហាង ទី​តា​និក បន្ថែមទៀត ដែល​នៅក្បែរ​នឹង​ផ្សារ​រាត្រី​។​

    លោក​បន្តថា ជនរងគ្រោះ​ក៏បាន​ដើរ​ឡើង​ទៅមុន តែ​មិនដឹង​ជា​មូល​ហេតុអ្វី​នោះទេ ធ្វើឱ្យ​ជនរងគ្រោះ​ធ្លាក់ចូល​ទៅក្នុង​ទឹកទន្លេ បណ្ដាលឱ្យ​លិចខ្លួន​បាត់​ភ្លាមៗ​តែម្តង។​

    ក្រោយ​កើតហេតុ​ភ្លាមៗ បុ​គ្គ​លិ​ក​ដែល​នៅក្នុង​លើ​ទូក​ទាំងអស់ បាននាំគ្នា​ជិះទូក​តូចៗ​តាមរក តែ​ទោះជា​រក​យ៉ាងណា​ក៏​នៅតែ​រក​មិនឃើញ ព្រោះ​កម្លាំង​ទឹក​គួច​ហូរ​ខ្លាំងពេក​។​

    បន្ទាប់មក​ប៉ូលិស​ចរាចរណ៍​ជើង​ទឹក​រាជធានី​ភ្នំពេញ សហការ​ជាមួយ​មន្ត្រី​មូលដ្ឋាន​បាន​ចុះមក​ធ្វើ​កំណត់ហេតុ ដើម្បី​រក​ពី​មូលហេតុ​ឱ្យ​ច្បាស់។ យ៉ាងណាក៏ដោយ​សមត្ថកិច្ច​មិនទាន់​ហ៊ាន សន្និដ្ឋានថា​ជនរងគ្រោះ​បាន​ស្លាប់​នៅឡើយ​ទេ​៕

Unnamed %284%29 adverise with khmeread

មតិយោបល់