adverise with khmeread 1

អាវុធហត្ថបង្រ្កាបឃាត់ចាប់រថយន្តដឹកឈើបាន៨គ្រឿង

     ភ្នំពេញ ៖  កម្លាំង​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​សហការ​ជាមួយ​កម្លាំងកងរាជអាវុធហត្ថ​ខេត្ត ត្បូងឃ្មុំ តាកែវ រាជធានី​ភ្នំពេញ កណ្តាល នឹង​ក្រុម​គយ​ចល័ត​បាន​ឃាត់​ចាប់​រថយន្តដឹកឈើ​សង្ស័យ​ល្មើសច្បាប់​បាន​ចំនួន​៨​គ្រឿង​គិត​ត្រឹម​ម៉ោង​៩​និង​៤០​នាទី​យប់​ថ្ងៃទី​១៨ ខែមករា ឆ្នាំ​២០១៦​។​

    លោក​ឧ​ត្ត​ម​សេនីយ៍​ទោ ហុង វិ​ណុល មេបញ្ជាការរង កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​ទទួលបន្ទុក​ព័​ត៍​មាន​សន្តិសុខ​និង​ស្រាវជ្រាវ​បង្ក្រាប​បទល្មើស​បាន​ឲ្យ​ដឹងថា កាលពី​រសៀល​ថ្ងៃទី​១៨ ខែមករា ឆ្នាំ​២០១៦ រថយន្ត​ដឹកឈើ​១​គ្រឿង​បង្ក្រាប​ចាប់​នៅ​ស្រុក​អូររាំង ខេត្ត​ត្បូងឃ្មុំ និង​២​គ្រឿង​ទៀត​ចាប់​នៅ​ស្រុក​ស្វាយ​អ​ន្ទ​រ ខេត្តព្រៃវែង​។​

    ដោយឡែក​នៅ​យប់​ថ្ងៃ​ដដែល​នេះ​កម្លាំង​បាន​បន្ត​ចាប់បាន​ចំនួន​៥​ឡាន​ទៀត​នៅលើ​កំណាត់​ផ្លូវជាតិ​លេខ​២ ជិត​ស្នាក់ការ​សន្តិសុខ​២០១ ឋិត​ក្នុងស្រុក​បាទី ខេត្តតាកែវ ដោយមានការដាក់​បន្លំ​ជាមួយ​រថយន្ត​ដឹក​ដែក​។​

    លោក​មេបញ្ជាការរង​បន្តថា ឈើ​ទាំង​៥​ឡាន​ចាប់​នា​យប់​នេះ នឹងធ្វើ​ការត្រួតពិនិត្យ​នៅ​ព្រឹក​ថ្ងៃទី​១៩ ខែមករា ឆ្នាំ​២០១៦ ដោយ​គណកម្មការ​ជាមួយ​ស្ថាប័នគយ​នៅ​ផែស្ងួត​តាមបណ្តោយ​ផ្លូវ​វេ​ង​ស្រេង ព្រោះ​កម្លាំង​របស់លោក​កំពុង​នាំ​ឡាន​ទាំងនោះ​មកកាន់​រាជធានី ហើយ​លោក​បាន​គាំទ្រ​ដល់​ស្ថាប័នគយ​លើ​យុទ្ធនាការ​បង្ក្រាប​នេះ បាន​សហការ​ដើម្បី​ប្រមូល​ពន្ធជូន​រដ្ឋ​។​

    សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា រាល់​ការបង្ក្រាប​ឡាន​ដឹកឈើ​ពិនិត្យឃើញថា ការដឹកជញ្ជូន​ឈើ​មាន​ភាពមិនប្រក្រតី ដោយ​រថយន្ត​ខ្លះ​គ្មាន​លិខិតអនុញ្ញាត​ឲ្យ​ដឹកជញ្ជូន បើ​មាន​វិញ​គឺ​ផ្ទុក​លើសច្បាប់ រថយន្ត​គ្មាន​ឈៀក​ត្រឹមត្រូវ គ្មាន​ការ​កាត់​ស្តុក​ពី​គយ​ជាដើម និង​មាន​អាវ​ក្រោះ​ក្នុង​រថយន្ត​ផងដែរ​។​

    បើតាម​ប្រសាសន៍​លោក​ឧ​ត្ត​សេនីយ៍​មេបញ្ជាការរង ហុង វិ​ណុល បញ្ជាក់ថា​ចំពោះ​រថយន្ត​ដឹកឈើ​នោះ​ផងដែរ សមត្ថកិច្ច​ពិនិត្យឃើញថា​បាន​លួច​ប្រើ​ស្លាក​លេខ​ក្លែងក្លាយ​ដូច្នេះ​លោកនឹងមាន​វិធានការ​ចាត់ការ​ក្នុង​រឿង​ព្រហ្មទណ្ឌ​តាម​និតិ​វិធី ដោយ​ច្បាប់​ចរាចរណ៍​ថ្មី​ត្រូវបាន​កំណត់​ពី​ទោសទណ្ឌ​ស្រាប់​ផង​។​

    ប្រភព​ខ្លះ​បាន​ធ្លោយ​ឲ្យ​ដឹងថា រថយន្ត​ដឹកឈើ​បន្លំ​ជាមួយ​ឡាន​ដឹក​ដែក​នេះ​ជា​របស់លោក អេង ឃាង មេបញ្ជាការ​យោធា​វរៈ​ការពារ​ព្រំដែន​លេខ ៣០១ ចំ​ណុៈ​ឲ្យ​តំបន់​ប្រតិបត្តិ​ការរងតាកែវ និង​ជា​មេខ្លោង​រក​ស៊ីដឹក​ដែក​គេចពន្ធ​ពី​វៀតណាម​លក្ខណ​:​ទ្រង់ទ្រាយ​ធំ​ដែល​គេ​សង្ស័យ​អាចមាន​ពាក់ព័ន្ធ​ជាមួយ​ក្រុមហ៊ុន​ជីបម៉ុង​៕

adverise with khmeread

មតិយោបល់