ចាប់​អ្នកកាសែត​ម្នាក់​និង​អ្នក​គួ​ក​ជេរ​ដី​ម្នាក់​ពាក់​ឯកសណ្ឋាន​ប៉ូលិស​ជំរិត​ទារលុយ,​ សូម្បីតែ ៥ ដុល្លារក៏យកដែរ

    កណ្តាល ៖ ប៉ូលិស​ស្រុក​អង្គស្នួល​ចាប់ខ្លួន​អ្នកយកព័ត៌មាន​ឱ្យ​អង្គភាព​សារព័ត៌មាន​ជាតិ​សែន​ជ័យ​ម្នាក់ និង​បក្ខពួក​ម្នាក់ទៀត​ពីបទ “​ពីបទ​ជំរិត​ទារប្រាក់ និង​ក្លែង​ឯកសណ្ឋាន​ប៉ូលិស​ជាតិ​” ដើម្បី​កសាង​សំណុំរឿង​បញ្ជូន​ទៅកាន់​សាលាដំបូង​ខេត្តកណ្តាល​ចាត់ការ​តាមច្បាប់។​

    ប៉ូលិស​បាន​ចាប់​ជនសង្ស័យ​ទាំង​២​នាក់​នេះ ដោយបាន​យក​ឯកសណ្ឋាន​ប៉ូលិស​ជាតិ​ស្លៀកពាក់ ទៅ​ជំរិត​ទារប្រាក់​ពី​ម្ចាស់​ការដ្ឋាន​សំណង់​សួន​កម្សាន្ត​មួយកន្លែង កាលពី​វេលា​ម៉ោង​០៨ និ​៣០​នាទី ថ្ងៃទី​០៨ ខែធ្នូ ឆ្នាំ​២០១៦​នេះ ត្រង់ចំណុច​ការដ្ឋាន​សំណង់​សួន​កម្សាន្ត ស្ថិត​ក្នុងភូមិ​គម្ពោធ​ស្បូវ ឃុំ​បែក​ចាន ស្រុក​អង្គស្នួល ខេត្តកណ្តាល។​

    លោក​វរសេនីយ៍ទោ មាន សំណាង អធិកា​ប៉ូ​លិ​ស​ស្រុក​អង្គស្នួល បានឱ្យដឹងថា ជនសង្ស័យ​ដែល​ត្រូវបាន​ចាប់ខ្លួន​នោះ​ឈ្មោះ ណុប ប៊ុន​ធី​ម ភេទ​ប្រុស អាយុ​៣៦​ឆ្នាំ ជនជាតិខ្មែរ មុខរបរ ជា​អ្នកយក​ព័​ត័​មាន​ឱ្យ​អង្គភាព "​ជាតិ​សែន​ជ័យ" ​មាន​ទីលំនៅ​បច្ចុប្បន្ន​ភូមិ​ថ្លើ​ក ឃុំ​ពើក ស្រុក​អង្គស្នួល និង​ម្នាក់ទៀត​ឈ្មោះ មឿ​ន សុផល ភេទ​ប្រុស អាយុ​៣៨​ឆ្នាំ ជនជាតិខ្មែរ មុខរបរ គួ​ក​ជេរ​ដី មាន​ទីលំនៅ​បច្ចុប្បន្ន​នៅ​ភូមិ​ក្រូច ឃុំ​រការ ស្រុក​កណ្តាលស្ទឹង ខេត្តកណ្តាល។​

    ចំណែកឯ​ដើមបណ្តឹង​ឈ្មោះ ទឺ លី​ហ៊ុយ ភេទ​ស្រី អាយុ​៣៩​ឆ្នាំ ជនជាតិខ្មែរ មុខរបរ ជា​អ្នកបកប្រែ (​តំណាង​ម្ចាស់​ការដ្ឋាន​សំណង់​សួន​កម្សាន្ត​) មាន​ទីលំនៅ​បច្ចុប្បន្ន​ផ្ទះ​លេខ​៨០BE០ ផ្លូវ​១៤១ ភូមិ​៩ សង្កាត់​វាលវង់ ខណ្ឌ​៧​មករា រាជធានី​ភ្នំពេញ។​

    លោក មាន សំណាង បាន​បន្តថា ប្រតិ​ប​ត្ត​ការបង្ក្រាប​ចាប់ខ្លួន​ជនសង្ស័យ​ខាងលើនេះ សមត្ថកិច្ច​ដកហូត​វត្ថុតាង​រួមមាន ឯកសណ្ឋាន​ប៉ូលិស​ជាតិ (​ឯកសណ្ឋាន​ការងារ​ពាក់​ស័ក្តិ​៣ ០១​សម្រាប់, ​វិទ្យុទាក់ទង (​អាយ​ឌី​)​​​ ចំនួន​០២​គ្រឿង, ​នាមប័ណ្ណ​ឈ្មោះ មឿ​ន សុផល អង្គភាព​ស្រាវជ្រាវ​បទល្មើស​ព្រហ្មទណ្ឌ​កំរិតធ្ងន់ ការិយាល័យ​ទី​II ក្រសួងមហាផ្ទៃ​ចំនួន​០១​ដុំ, ​ខ្នោះ​០១ និង​ស្រោម​០១, ​ស្រោមដៃ​ពណ៌​ស​០១​គូ, ​ម៉ូតូ​០១​គ្រឿង​ម៉ាក​ហុងដា​ឌ្រី​ម ធុន​សេ​១២៥ ស៊េរី​ឆ្នាំ​២០១៣ ពណ៌​ខ្មៅ គ្មាន​ស្លាកលេខ​គ្មាន​កញ្ចក់, ​ទូរស័ព្ទដៃ​០១​គ្រឿង ម៉ាក​សាំ​ស៊ុ​ង​ណូ​ត (​លេខ​ទូរស័ព្ទ​ 015 880 726)-​ប័ណ្ណ​ព័ត៌មាន​ចំនួន​០២(​ឈ្មោះ ណុប ប៊ុន​ធី​ម​) និង​មួក​ប៉ា​រ៉េ​០១ ពណ៌​ខ្មៅ​មាន​អក្សរ​ POLICE។​

    លោក​អធិការ​បាន​បន្តថា ដំបូង​នៅ​ថ្ងៃទី​០៥ ខែធ្នូ ឆ្នាំ​២០១៦ ជនសង្ស័យ​ទាំង​០២​នាក់​បាន​ស្លៀកពាក់​បន្លំ​ខ្លួន​ជា​ប៉ូលិស​ជាតិ ជិះ​ម៉ូតូ​ទៅ​ការដ្ឋាន​សំណង់​របស់​ជនរងគ្រោះ សុំ​ធ្វើការ​ត្រួតពិនិត្យ​សំណុំបែបបទ ​និង​ច្បាប់​នានា ដោយ​តាំងខ្លួន​ជា​ប៉ូលិស​អង្គភាព​ស្រាវជ្រាវ​បទល្មើស​ព្រហ្មទណ្ឌ​កំរិតធ្ងន់​ក្រសួងមហាផ្ទៃ។ ​ប៉ុន្តែ​មិនបាន​ជួប​ជាមួយ​ជនរងគ្រោះ​នោះទេ ក្រុម​ជនសង្ស័យ​ក៏បាន​ទុក​នាមប័ណ្ណ​ដែល​លេខ​ទូរស័ព្ទ ​015 459 --- ​ផ្ញើឱ្យ​ជនរងគ្រោះ។​

    លុះ​ស្អែក​ឡើង​ថ្ងៃទី​០៦​ ធ្នូ​ ២០១៦​ ជនរងគ្រោះ​តេ​ទូរស័ព្ទ​ទៅ​ជនល្មើស ពេលនោះ​ជនល្មើស​បាន​ជំរិត​ទារលុយ​ពី​ជនរងគ្រោះ​ចំនួន ៣០០ ​ដុល្លារ តែ​ជនរងគ្រោះ​ប្រាប់ថា​គ្មាន​លុយ​ទេ សុំ​ójy​ត្រឹម​៥០​ដុល្លារ​ហើយ​ជនល្មើស​ក៏​ព្រម​ទទួលយក។​

    រហូតដល់​ព្រឹក​ថ្ងៃទី​០៨​ធ្នូ​នេះ ទើប​ក្រុម​ជនសង្ស័យ​ជិះ​ម៉ូតូឌុប​គ្នា​ទៅ​ការដ្ឋាន​ជនរងគ្រោះ​ដើម្បី​យកលុយ។ ​តែ​ពេលទៅដល់​ជនរងគ្រោះ​មិនបាន​ឱ្យ​លុយ​ទៅ​ជនសង្ស័យ​នោះទេ ពោលគឺ​បាន​ប្តឹង​ដល់​ប៉ូលិស​ស្រុក​អង្គស្នួល​ឱ្យ​ជួយ​អន្តរាគមន៍​ចាប់ខ្លួន ជនសង្ស័យ​ទាំង​ ២ ​នាក់ដើម្បី​ចាត់ការ​តាមច្បាប់។​

    លោក មាន សំណាង បានបញ្ជាក់​ទៀតថា កន្លងមក​សង្ស័យ​ទាំង​ ០២ ​នាក់​ធ្លាប់​ប្រព្រឹត្ត​បទល្មើស​ក្លែងបន្លំ​ជា​ប៉ូលិស​ជាតិ ដើម្បី​ជំរិត​ទារប្រាក់​ពី​ជនរងគ្រោះ​អស់​ជាច្រើន​នាក់​រួចមកហើយ។ ​សកម្មភាព​នេះ​ប្រព្រឹត្ត​នៅ​រាជធានី​ភ្នំពេញ, ​ខេត្តកំពង់ស្ពឺ, ​ខេត្ត​ព្រះសីហនុ និង​ស្រុក​អង្គស្នួល ខេត្តកណ្តាល។ សកម្មភាព​នៅ​ស្រុក​អង្គស្នួល​ធ្វើបាន​សម្រេច​មួយដង ជំរិត​ទារលុយ​ពី​អ្នក​កត់​កន្ទុយលេខ​នៅ​ផ្សារ​ថ្នល់ទទឹង​បាន​ចំនួន​ ៥ ​ដុល្លារ លើក​ទី​២​នេះ​ក៏ត្រូវ​សមត្ថកិច្ច​យើង​ចាប់ខ្លួន​តែម្តង៕

Untitled 1 adverise with khmeread

មតិយោបល់