បញ្ជូន​បុគ្គលិក​ក្រុមហ៊ុន ​ហុង សុភាព ៣ ​នាក់ និង​មន្ត្រី​យោធាម្នាក់ កាប់​ឈើ​តំបន់​រមណី​ដ្ឋា​ន​ប្រាសាទព្រះវិហារ​ទៅ​តុលាការ​

    ព្រះវិហារ ​៖ នៅ​ព្រឹក​ថ្ងៃទី​៨ ខែធ្នូ ឆ្នាំ​២០១៦ កម្លាំង​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​សហការ​ជាមួយ​កម្លាំង​កងរាជអាវុធហត្ថ​ខេត្តព្រះវិហារ បាន​បញ្ជូន​ជនសង្ស័យ​ពាក់ព័ន្ធ​នឹង​បទល្មើស​ព្រៃឈើ​ចំនួន​ ៤​ នាក់​ទៅ​អយ្យការ​អម​សាលាដំបូង​ខេត្តព្រះវិហារ ដើម្បី​ចាត់ការ​បន្ត​តាម​នីតិវិធី​នៅ​ព្រឹក​ថ្ងៃទី​៨ ខែធ្នូ ឆ្នាំ​២០១៦ នេះ។​

    មន្ត្រី​អាវុធហត្ថ​បានឱ្យដឹងថា កាលពី​ព្រឹក​ថ្ងៃទី​៤ ខែធ្នូ ឆ្នាំ​២០១៦ វេលា​ម៉ោង​ប្រមាណ​៦​ និង​០៥​នាទី លោកនាយ​ឧ​ត្ត​ម​សេនីយ៍ សៅ សុខា ​មេបញ្ជាការ កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស បាន​ដឹកនាំ​ផ្ទាល់​ចុះបង្ក្រាប​បទល្មើស​ព្រៃឈើ​មួយកន្លែង ស្ថិតនៅ​ក្នុងភូមិ​សែន​ជ័យ ឃុំ​កន្ទួត ស្រុក​ជាំ​ក្សាន្ត ខេត្តព្រះវិហារ​។​

    កិច្ចប្រតិបត្តិការ​នោះ បាន​ប្រើប្រាស់​កម្លាំង​កងរាជអាវុធហត្ថ​ចំនួន​ប្រមាណ​ជាង ​២០០​ នាក់ និង​មានការ​ប្រើប្រាស់​ឧទ្ធម្ភាគចក្រ​ចំនួន ​៣​ គ្រឿង​ផងដែរ​។ ពេលនោះ​កម្លាំង​អាវុធហត្ថ​បានធ្វើការ​ឡោម​ព័ន្ធ​ទីតាំង​រោង​សិប្បកម្ម​កែច្នៃ​ផល អនុផល​ព្រៃឈើ​របស់​ក្រុមហ៊ុន ​ហុង សុភាព ឌី​វេឡុ​ប​មែន ស្ថិតក្នុង​ភូមិ​សែន​ជ័យ ឃុំ​កន្ទួត ស្រុក​ជាំ​ក្សាន្ត ខេត្តព្រះវិហារ​។​

    កម្លាំង​ជំនាញ​បានធ្វើការ​ស៊ើបអង្កេត ស្រាវជ្រាវ ពិនិត្យ វាស់វែង និង​ធ្វើការ​ផ្ទៀ​ត​ផ្ទាត់​ ថា​ប្រភេទ​ឈើ​នៅ​ក្នុងព្រៃ​ជាក់ស្តែង​ឃើញ​មាន​គល់ឈើ​សរុប​ចំនួន​១៤៤​គល់​ក្នុងនោះ គល់ឈើ​ចំនួន​៥៤​គល់ គឺ​ស្ថិតនៅក្នុង​ដី​សម្បទាន​សង្គមកិច្ច​ភូមិ​សែន​ជ័យ ឃុំ​កន្ទួត ស្រុក​ជាំ​ក្សាន្ត​។​

    រីឯ​គល់ឈើ​ចំនួន​៩០​គល់​ទៀត​ដែល​ទើប​កាប់​ថ្មីៗ តាម​ការផ្ទៀងផ្ទាត់​ចំណុច​និយាម​ការ ទាំងអស់ គឺ​ស្ថិតនៅក្នុង​តំបន់ II នៃ​តំបន់​រមណី​ដ្ឋា​ន​ប្រាសាទព្រះវិហារ​។​

    តាម​ការស៊ើបអង្កេត​ដោយ​ផ្ទៀងផ្ទាត់​ឯកសារ​និង​វត្ថុតាង កម្លាំង​ជំនាញ​បានធ្វើការ​ឃាត់ខ្លួន​បុគ្គល​ដែល​សង្ស័យ​ប្រព្រឹត្ត​បទល្មើស​ព្រៃឈើ​ជា​បន្តបន្ទាប់​រួមមាន​៖

    ១-​ជនសង្ស័យ​ឈ្មោះ សាយ សុភាព ភេទ​ប្រុស កើត​ឆ្នាំ​១៩៦៥ ជនជាតិខ្មែរ សញ្ជាតិ​ខ្មែរ មុខរបរ​ប្រធាន​ក្រុមហ៊ុន​ហុង​សុភាព ទីកន្លែង​កំណើត​សង្កាត់ លេខ​៣ ក្រុងភ្នំពេញ មាន​ទីលំនៅ​បច្ចុប្បន្ន​ផ្ទះ​គ្មាន​លេខ​ក្រុម​៤១ ភូមិ​ព្រែក មហាទេព សង្កាត់​ស្វាយប៉ោ ក្រុង​បាត់ដំបង ខេត្តបាត់ដំបង។​

    ២-​ជនសង្ស័យ​ឈ្មោះ ប៊ុន ហុង ភេទ​ស្រី កើត​ឆ្នាំ​១៩៦៤ ជនជាតិខ្មែរ សញ្ជាតិ ខ្មែរ មុខរបរ​ប្រធាន​ក្រុមហ៊ុន​ហុង​សុភាព ទីកន្លែង​កំណើត ភូមិ​ធរ​តារ​អ ស្រុក​សំរោង​ទង ខេត្តកំពង់ស្ពឺ មាន​ទីលំនៅ​បច្ចុប្បន្ន​ផ្ទះ​គ្មាន​លេខ ក្រុម​៤១ ភូមិ​ព្រែក​មហាទេព សង្កាត់​ស្វាយប៉ោ ក្រុង​បាត់ដំបង ខេត្តបាត់ដំបង។​

    ៣-​ជនសង្ស័យ​ឈ្មោះ សាយ ស៊ីណា ភេទ​ប្រុស កើត​ឆ្នាំ​១៩៧១ ជនជាតិខ្មែរ សញ្ជាតិ​ខ្មែរ មុខរបរ​មេការ​ក្រុមហ៊ុន​ហុង​សុភាព ទីកន្លែង​កំណើត ភូមិ​ដូរ​ដុំ ឃុំ លូ​ទឹម ស្រុក​ជើងព្រៃ ខេត្តកំពង់ចាម មាន​ទីលំនៅ​បច្ចុប្បន្ន​ភូមិ​កាប់​គោ​ថ្មី ឃុំ​អូរចារ ស្រុក​បាត់ដំបង ខេត្តបាត់ដំបង។​

    ៤-​ជនសង្ស័យ​ឈ្មោះ ខៃ ហ៊ឺ ភេទ​ប្រុស កើត​ឆ្នាំ​១៩៧១ ជនជាតិខ្មែរ សញ្ជាតិ ខ្មែរ មុខរបរ​មន្ត្រី​យោធា អង្គភាព​កងពលធំ​លេខ​៣ ទីកន្លែង​កំណើត​ភូមិ​ស្ពាន​ក្រង ឃុំ​ចំណារ​ក្រោម ស្រុក​ស្ទោង ខេត្ត​កពង់​ធំ មាន​ទីលំនៅ​បច្ចុប្បន្ន ភូមិ​ស្រអែម ឃុំ​ស្រអែម ស្រុក​ជាំ​ក្សាន្ត ខេត្តព្រះវិហារ។​

    កម្លាំង​ជំនាញ​បាន​ចាប់យក​ឈើ​សរុប​ចំនួន ៥២៩,៤៧០​ ម៉ែត្រត្រីគុណ​ និង​កូនឈើ​ចម្រុះ​ប្រភេទ ​(​ទំហំ​អង្កត់ផ្ចិត​គល់​១៥-៣០​សម​)​ ចំនួន ៤២​ដើម ក្នុងនោះ​មាន​៖

    ១.ឈើ​ហ៊ុ​ប​មូល​ចំនួន ៤៤២ ​កំណាត់​ស្មើនឹង ​២៩៤,៩១៥ ​ម៉ែត្រត្រីគុណ (​ឈើ​លេខ​១ ​ចំនួន ៩១​ កំណាត់​ស្មើនឹង​៣៩​​ម ​៣៨៥៣, លេខ​២​ចំនួន​ ៣២៨ ​កំណាត់​ស្មើនឹង​២៤២​ម ​៣៥៩៥ និង​លេខ​៣​ ចំនួន​ ២៣ ​កំណាត់​ស្មើនឹង​១២​ម ​៣៥៩៥)​។​

    ២.ឈើ​អារ​ប្រភេទ​លេខ​២​ចំនួន ២៣៥,៤៥៥​ ម៉ែត្រត្រីគុណ​។​

    ៣.​កូនឈើ​ចម្រុះ​ប្រភេទ (​ទំហំ​អង្កត់ផ្ចិត​គល់​១៥-៣០​សម​) ​ចំនួន ៤២​ ដើម និង​ចាប់យក​មធ្យោបាយ​ដឹកជញ្ជូន ម៉ាស៊ីន​អារឈើ និង​វត្ថុតាង​មួយចំនួនទៀត​។ រីឯ​ជនសង្ស័យ​ទាំង​៤​នាក់​ខាងលើ ត្រូវបាន​បញ្ជូនទៅ​អយ្យការ​អម​សាលាដំបូង​ខេត្តព្រះវិហារ ចាត់ការ​តាម​នីតិវិធី៕

15328219 1206815812738625 698368134 n adverise with khmeread
Loading ad ...