វៀតណាម​សុំទោស​ដែល​ក្រុម​អ្នកគាំទ្រ​បាល់ទាត់​ខ្លួន​គប់​កញ្ចក់​រថយន្តក្រុង​ដឹក​ជម្រើសជាតិ​ឥណ្ឌូនេស៊ី បង្ក​របួស​ដល់​ក្រុម​ភ្ញៀវ​

    ​អាជ្ញាធរ​បាល់ទាត់​វៀត​ណា​ម​បាន​ចេញមក​ធ្វើ​ការសុំ​អភ័យទោស​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ម្សិលមិញ បន្ទាប់ពី​ប្រិយមិត្ត​របស់ខ្លួន បាន​គប់​ដុំថ្ម​ទៅលើ​រថយន្តក្រុង​ដឹក​ក្រុម​ជម្រើសជាតិ​ឥណ្ឌូនេស៊ី ភ្លាមៗ​បន្ទាប់ពី​បញ្ចប់​ការប្រកួតប្រជែង​ពាន Suzuki Cup ក្នុង​ទីក្រុង​ហាណូយ ដែល​បាន​បំបែក​កញ្ចក់ និង​បង្ក​របួស​បុគ្គលិក​ក្រុម​ភ្ញៀវ​ពីររូប​។​

​    ​ការប្រកួត​ជើង​ទី​ពីរ​នៃ​ការប្រកួត​ដ៏​ស្វិតស្វាញ​នៅឯ​កីឡដ្ឋាន My Dinh កាលពី​យប់​ថ្ងៃ​ពុធ​កន្លងទៅ បានបញ្ចប់​លទ្ធផល​ត្រឹម ២-២ បន្ទាប់ពី​ឈានចូល​ដល់​ម៉ោង​បន្ថែម ដែល​បានធ្វើឱ្យ​ឥណ្ឌូនេស៊ី​ឆ្ពោះទៅកាន់​វគ្គ​ផ្តាច់ព្រ័ត្រ​ជាមួយ​លទ្ធផល​សរុប​ក្រៅ និង​ក្នុង​ទឹកដី ៤-៣​។​

​    ​ប៉ុន្តែ​ខណៈដែល​ក្រុម​ភ្ញៀវ​ដែល​ទទួល​ជ័យជម្នះ​បាន​ចាក​ចេញពី​កីឡដ្ឋាន ហ្វូងមនុស្ស​មួយក្រុម​នៃ​អ្នកគាំទ្រ​វៀតណាម ដែល​ត្រូវបាន​គេ​រាយការណ៍​ថា​កំពុង​ស្ថិតនៅលើ​ម៉ូតូ បាន​វាយប្រហារ​ទៅលើ​រថយន្តក្រុង​របស់​ពួកគេ ដោយបាន​ចោល​ដុំថ្ម និង​បាន​កម្ទេច​នូវ​បង្អួច​មួយ​ផងដែរ​នៅក្នុង​ការវាយប្រហារ​មួយ​នេះ​។​

​    ​ជំនួយការ​គ្រូបង្វឹក​ក្រុម​ជម្រើសជាតិ​ឥណ្ឌូនេស៊ី និង​គ្រូពេទ្យ​ប្រចាំ​ក្រុម ត្រូវបាន​រងរបួស​នៅក្នុង​ឧបទ្ទវហេតុ​មួយ​នេះ​។ នេះ​បើ​យោងតាម​អគ្គលេខាធិការ​នេះ​នៃ​សហព័ន្ធ​កីឡាបាល់ទាត់​វៀតណាម​បានបញ្ជាក់​ប្រាប់​ទៅកាន់​ទីភ្នាក់ងារសារព័ត៌មាន AFP កាលពី​ថ្ងៃ​ព្រហស្បតិ៍​ម្សិលមិញ​៕

Nnlxkblg adverise with khmeread

មតិយោបល់