ភ្នំពេញ ៖ ស្ត្រីម្នាក់ក្រោយពេលមានគ្រោះថ្នាក់ចរាចរណ៍ច្រើនឆ្នាំធ្លាក់ខ្លួនពិការបាក់ឆ្អឹងខ្នង, បាក់ដៃស្តាំ និងស្វិតជើងស្តាំ ម្យ៉ាងដោយគ្មានលុយគ្រប់គ្រាន់ដើម្បីព្យាបាលបានទទួលមរណៈភាពយ៉ាងកម្សត់កាលពីថ្ងៃទី០៨ ធ្នូ ឆ្នាំ២០១៦ នៅផ្ទះគ្មានលេខ ផ្លូវលំ ក្រុមទី៣ ភូមិទួលសង្កែ សង្កាត់ទួលសង្កែ ខណ្ឌឬស្សីកែវ។
ប៉ូលិសបញ្ជាក់ថា ជនរងគ្រោះបានគ្រោះថ្នាក់ចរចរណ៍នៅឆ្នាំ២០០៧ បាក់ឆ្អឹងខ្នង, បាក់ដៃស្តាំ និងស្វិតជើងស្តាំពិការរហូតមកដល់សព្វថ្ងៃ។ លុះដល់ថ្ងៃទី០៨ ធ្នូ ២០១៦ វេលាម៉ោងកើតហេតុខាងលើ កូនស្រីជនរងគ្រោះបានដើរទៅទិញសាប៊ូ ទុកឱ្យជនរងគ្រោះនៅផ្ទះតែម្នាក់ឯង។ ពេលត្រឡប់មកវិញ ឃើញទ្វារផ្ទះខ្ទាស់គន្លឹះពីខាងក្នុង គោះទ្វារមិនមានការឆ្លើយតប ក៏ខ្ចីកាំបិតអ្នកិតខាងគាស់ស័ង្គសីឆ្កឹះគន្លឹះទ្វារចូលទើបដឹងថាគាត់ស្លាប់។
ប៉ូលិសបន្តថា សពឈ្មោះ ខៀវ ពៅ ភេទស្រី អាយុ៥២ឆ្នាំ មុខរបរ នៅផ្ទះ ទីលំនៅផ្ទះកើតហេតុខាងលើ។ បើតាមការសន្និដ្ឋានរបស់ប៉ូលិសថាស្លាប់ដោយគាំងបេះដូង (អាចបណ្តាលមកពីជំងឺបេះដូង)។ សាកសពត្រូវកូនធ្វើបុណ្យតាមប្រពៃណី៕
