Manny Pacquiao ក៏​នឹងចូលរួម​ជាមួយ​ប្រធានាធិបតី Rodrigo Duterte មកកាន់​ប្រទេស​កម្ពុជា​ដែរ​

​    ​យោងតាម​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​កម្ពុជា​នៅ​ថ្ងៃ​សុក្រ​នេះ​បានឱ្យដឹងថា លោក​ប្រធានាធិបតី​ហ្វីលីពីន​នឹងធ្វើ​ដំណើរ​ទស្សនកិច្ច​ម​ក​ប្រទេស​កម្ពុជា​ជាមួយ​អ្នក​ប្រដាល់​ដ៏​ល្បីល្បាញ​របស់​ពិភពលោក​មួយរូប​។​

​    ​ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​បាន​សរសេរ​នៅលើ​គណនី​បណ្តាញ​សង្គម Facebook របស់លោក​ថា ព្រឹទ្ធសមាជិក Manny Pacquiao នឹងធ្វើ​ដំណើរ​មក​ប្រទេស​កម្ពុជា​ជាមួយ​លោក​ប្រធានាធិបតី Rodrigo Duterte​។​

​    ​លោក​បានសរសេរថា "​លោក​ប្រធានាធិបតី​ហ្វីលីពីន ឌុយ​ទែ​ក​តេ ល្បី​ហើយ តែ​ពេល​មក​កម្ពុជា គាត់​នាំ​អ្នកល្បី​មួយទៀត​មកជា​មួយ គឺ​ព្រឹទ្ធសមាជិក ប៉ា​គី​វ អ្នក​ប្រដាល់​ល្បីឈ្មោះ​ពិភពលោក ។ ពិតជា​គណៈប្រតិភូ​ល្បីល្បាញ​មែនហើយ​លើក​នេះ ហើយ​ជាការ​រីករាយ​មួយ​សំរាប់​កម្ពុជា​ផងដែរ​"​។​

​    ​គួរ​បញ្ជាក់ថា លោក Rodrigo Duterte នឹង​បំពេញ​ទស្សនកិច្ច​នៅ​ប្រទេស​កម្ពុជា​រយៈពេល​ពីរ​ថ្ងៃ​គឺ​នៅ​ថ្ងៃទី ១៣-១៤ ខែធ្នូ​នេះ តប​តាម​ការអញ្ជើញ​របស់ ព្រះករុណា ព្រះបាទ​សម្តេចព្រះ បរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ​កម្ពុជា​៕

1
adverise with khmeread
Loading ad ...