ចាប់​បុរស​ម្នាក់​ជាមួយ​ថ្នាំញៀន ​៤ ​កញ្ចប់​នៅ​ស្រុក​ស្អាង​

    កណ្តាល ៖ បុរស​ម្នាក់​ត្រូវ​ប៉ូលិស​ឃាត់ខ្លួន​ក្នុងករណី ជួញដូរ​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន (​ម៉ា​ទឹកកក​) ​នាថ្ងៃទី​០៩ ខែធ្នូ ឆ្នាំ​២០១៦ វេលា​ម៉ោង​ ២ ​រសៀល​នៅ​ចំណុច​ផ្ទះ ​ពៅ ម៉ាប់ ស្ថិត​ក្នុងភូមិ​ព្រែកត្រែង ឃុំ​សិត្បូ ស្រុក​ស្អាង​ ខេត្តកណ្ដាល។​

    ប៉ូលិស​និយាយថា ជនសង្ស័យ​ឈ្មោះ​ ពៅ ម៉ាប់ ភេទ​ប្រុស អាយុ​៣៩​ឆ្នាំ ជន​​ជាតិខ្មែរ មុខរបរ មិន​ពិតប្រាកដ មាន​ទីលំនៅ​ភូមិ ព្រែកត្រែង ឃុំ​សិត្បូ ស្រុក​ស្អាង​ ខេត្តកណ្តាល។ ​វត្ថុតាង​ចាប់យក ម្សៅ​ក្រាម​ពណ៌​ស​ថ្លា​សង្ស័យថា​ជា​សារធាតុ​​ញៀន​ (​ម៉ា​ទឹកកក​) ០១ កញ្ចប់​ធំ ​និង​ចំនួន​ ០៣ កញ្ចប់​តូច ព្រមទាំង​ឧបករណ៍​សំរាប់​ប្រើប្រាស់​មួយចំនួន​ថែមទៀត។​

    ប៉ូលិស​បន្តថា នៅ​ថ្ងែ​ខែ​ឆ្នាំ​វេលា​ម៉ោង​កើតហេតុ​ខាងលើ បានទទួល​ព័ត៌មាន​ពី​ប្រជាពលរដ្ឋ​ល្អ​ថា មាន​ករណី​ជួញដូរ​គ្រឿងញៀន នៅ​ចំណុច​ផ្ទះ ឈ្មោះ ពៅ ម៉ាប់ ស្ថិត​ក្នុងភូមិ ព្រែកត្រែង ឃុំ​សិត្បូ ស្រុក​ស្អាង ខេត្តកណ្តាល។​

    ភ្លាមនោះ​កម្លាំង​ប៉ូលិស​ប៉ុស្តិ៍​រដ្ឋបាល​សិត្បូ បាន​ចុះទៅ​បង្ក្រាប​ធ្វើការ​ឃាត់ខ្លួន និង​ឆែកឆេរ​រកឃើញ​គ្រឿងញៀន​ប្រភេទ​ម៉ា​ទឹកកក​ចំនួន ០១ ​កញ្ចប់​ធំ ០៣ ​កញ្ចប់​តូច នៅ​នឹង​ខ្លួន​ឈ្មោះ ពៅ ម៉ាប់ និង​ឧបករណ៍​វេច​ខ្ចប់​មួយចំនួន រួច​បញ្ជូន​មកកាន់​ប៉ុស្តិ៍​រដ្ឋបាល​សិត្បូ ដើម្បី​សាកសួរ។​

    នៅ​ចំពោះមុខ​សមត្ថកិច្ច ឈ្មោះ ពៅ ម៉ាប់ បាន​សារភាពថា​ខ្លួន បាន​ទិញ​គ្រឿងញៀន​ប្រភេទ​ម៉ា​ទឹកកក​ ០១ ​កញ្ចប់​ធំ ក្នុងតម្លៃ ៧០.០០០៛ ពី​មនុស្ស​ស្រី​ម្នាក់ មិន​ស្គាល់ឈ្មោះ នៅ​ចំណុច វាល​ខ្សាច់ សង្កាត់ ចាក់អង្រែលើ រាជធានី​ភ្នំពេញ ដើម្បី​យកមក​វេច​ខ្ចប់​លក់ ក្នុង ១​ កញ្ចប់ តម្លៃ ​២០.០០០៛។​

    បន្ទាប់មក​បញ្ជូន​ជនសង្ស័យ​រួមទាំង​វត្ថុតាង ទៅកាន់​អធិការដ្ឋាន​ស្រុក​ស្អាង ដើម្បី​បន្ត​ប្រមូលផ្តុំ​សំណុំរឿង​តាម​នីតិវិធី៕

Untitled 1
adverise with khmeread