អាហាររូបត្ថម្ភអាចធ្វើឲ្យមនុស្សជាច្រើនមានភាពច្រឡំបល់យ៉ាងខ្លាំង។ ខណៈអាហារដែលធ្វើឲ្យមនុស្សធាតុគឺមានផ្ទុកជាតិកាល់ឡូរីខ្ពស់ ជាតិខ្លាញ់ ប្រូតេអ៊ីន និងកាបូនអ៊ីត្រាតនោះ យើងនឹងមិនអាចដឹងថាអាហារទិញពីផ្សារទំនើបធ្វើឲ្យយើងធាត់បានទេដោយសារតែការធ្វើទីផ្សារដ៏ឆ្លាតវៃរបស់ពួកគេ។
អ្នកជំនាញសុខភាព និងមគ្គុទេសក៍ណែនាំជាច្រើនបានបង្ហាញនូវបញ្ជីនៃអាហារមួយចំនួនក្នុងផ្នែក "អាហារត្រូវទទួលទាន" នៅពេលដែលអាហារទាំងនោះគួរតែដាក់ក្នុងផ្នែក "អាហារមិនត្រូវទទួលទាន" សោះនោះ។ យើងនឹងបង្ហាញអ្នកនូវអាហារចំនួន ៦ ប្រភេទ ដែលគេសន្មតថាល្អសម្រាប់ធ្វើឲ្យរាងកាយស្អាត ប៉ុន្តែតាមពិតទៅ វារឹតតែធ្វើឲ្យអ្នកធាត់ខូចរាងជាងមុនទៅវិញ!
១- អាហារពេលព្រឹកជាគ្រាប់ធុញ្ញជាតិ
យើងគួរតែឈប់យល់ច្រឡំថាគ្រាប់ធុញ្ញជាតិជាអាហារពេលព្រឹកល្អដល់សុខភាពតទៅទៀតទៅ។ តាមពិត គ្រាប់ធុញ្ញជាតិសម្បូរជាតិកាបូនអ៊ីត្រាតចម្រាញ់ និងជាតិស្ករ ជាសារធាតុធ្វើឲ្យរាងកាយរបស់អ្នកធាត់។ នៅពេលអ្នកទទួលទានគ្រាប់ធុញ្ញជាតិកែច្នៃជាអាហារពេលព្រឹករបស់អ្នក កម្រិតជាតិស្ករក្នុងឈាម និងកម្រិតអាំងស៊ុយលីនរបស់អ្នកនឹងកើនឡើងយ៉ាងគំហុក ហើយបន្ទាប់មកនឹងថយចុះវិញប្រឹបនៅប៉ុន្មានម៉ោងក្រោយ ដូច្នេះហើយទើបបណ្តាលឲ្យអ្នកឃ្លានអាហាររឹតតែខ្លាំងនាពេលបន្ទាប់ទៀត។ នេះហើយជាមូលហេតុធ្វើឲ្យអ្នកឡើងទម្ងន់។
២- ទឹកដមផ្កាម្យ៉ាងឈ្មោះថា Agave
គេតែងឃោសនាទីផ្សារថាវាជាអ្នកជំនួសស្ករដ៏ល្អបំផុត តែតាមពិតទៅទឹកដមផ្កា Agave ផ្តល់ផលអាក្រក់ណាស់ដល់សុខភាព ហើយអាក្រក់ខ្លាំងជាងស្ករសទៅទៀត។ ស្ករមិនល្អសម្រាប់សុខភាពទេដោយសារតែវាសម្បូរទៅដោយសារធាតុ Fructose កម្រិតខ្ពស់ ប៉ុន្តែទឹកដមផ្កា Agave មានសារធាតុ Fructose ខ្ពស់ជាងស្ករទៅទៀត។ ខណៈស្ករមានកម្រិតជាតិ Fructose ៥០ ភាគរយនោះ ទឹកដមផ្កា Agave មានជាតិ Fructose រហូតដល់ទៅ ៧០ ទៅ ៩០ ភាគរយ។ វាអាចមានគ្រោះថ្នាក់បានទាល់តែយើងទទួលទានរបស់មានជាតិ Fructose ក្នុងកម្រិតខ្ពស់ ព្រោះវាធ្វើឲ្យកើនហានិភ័យក្នុងការស៊ាំនឹងអាំងស៊ុយលីន ដោយបង្កឲ្យទ្រីគ្លីសេរី (Triglyceride) កើនឡើងខ្ពស់ កើតជាតិស្ករក្នុងឈាមខ្ពស់ ធាត់ខុសប្រក្រតី និងមានបញ្ហាសុខភាពជាច្រើនទៀតទាក់ទងនឹងការរំលាយអាហារ។
៣- នំប៉័ងធ្វើពីស្រូវសាលីសុទ្ធ
អ្នកជំនាញជាច្រើនបាននិយាយថា ជម្រើសដែលមានសុខភាពល្អសម្រាប់ស្រូវសាលីចម្រាញ់គឺស្រូវសាលីសុទ្ធ។ ការលើកឡើងនេះមិនខុសនោះទេ។ ស្រូវសាលីសុទ្ធពិតជាមានសុខភាពល្អជាងស្រូវសាលីចម្រាញ់។ ទោះយ៉ាងណា បញ្ហាគឺថាអាហារធ្វើពីស្រូវសាលីសុទ្ធមិនចាំបាច់ទាល់តែធ្វើពីស្រូវសាលីសុទ្ធនោះទេ! សឹងគ្រប់អាហារធ្វើពីស្រូវសាលីសុទ្ធផ្ទុកនូវគ្រាប់អង្ករដែលកិនម៉ដ្តទៅជាម្សៅ ដែលធ្វើឲ្យកើនកម្រិតជាតិស្ករក្នុងឈាមតាមរបៀបដែលស្រូវសាលីចម្រាញ់បង្កដូចគ្នាផងដែរ។
៤- យ៉ាអួដែលមានជាតិខ្លាញ់ទាប
យ៉ាអួគឺជាអាហារដែលល្អដល់សុខភាព ប៉ុន្តែយ៉ាអួដែលមានជាតិខ្លាញ់ទាបលក់នៅផ្សារទំនើបមិនល្អដល់សុខភាពនោះទេ។ ការបន្ថយជាតិខ្លាញ់ចេញពីប្រភេទអាហារនេះបានធ្វើឲ្យខូចរសជាតិរបស់វាយ៉ាងខ្លាំង។ ដូច្នេះ ដើម្បីឲ្យវាមានរសជាតិឆ្ងាញ់ឡើងវិញ ក្រុមហ៊ុនផលិតអាហារបានបន្ថែមរសជាតិផ្សេងៗដូចជា ស្ករ ឬ លក្ខណ៍ពណ៌ជាដើមដើម្បីឲ្យផ្អែមឆ្ងាញ់។ នេះហើយជាហេតុធ្វើឲ្យយើងខូចសុខភាព។
៥- ទឹកផ្លែឈើ
រាល់ផ្លែឈើសុទ្ធតែល្អដល់សុខភាព តែទឹកផ្លែឈើមិនប្រាកដថាសុទ្ធតែល្អដល់សុខភាពនោះទេ។ ទឹកផ្លែឈើកំប៉ុង ឬខ្ចប់ក្រដាសមិនបានផ្ទុកជាតិផ្លែឈើពិតប្រាកដនោះទេ ហើយធាតុពិតគ្មានអ្វីក្រៅតែពីទឹកសម្បូរជាតិស្ករដែលមានក្លិនផ្លែឈើនោះទេ។
ចុះទឹកផ្លែឈើសុទ្ធពីធម្មជាតិ ល្អដល់សុខភាពដែរឬទេ? សូម្បីទឹកផ្លែឈើសុទ្ធពីធម្មជាតិក៏មិនប្រាកដថាល្អដល់សុខភាពនោះដែរ ព្រោះវាមិនបានផ្ទុកសារធាតុល្អៗដែលមាននៅក្នុងផ្លែឈើទាំងមូលនោះទេ។ ទឹកផ្លែឈើសុទ្ធពីធម្មជាតិសម្បូរតែជាតិស្ករប៉ុណ្ណោះ ដែលនេះជារឿងមួយត្រូវចៀសវាងដាច់ខាត ប្រសិនបើអ្នកចង់ស្រកទម្ងន់។
៦- ភេសជ្ជៈកំប៉ុង
ភេសជ្ជៈកំប៉ុងសម្បូរជាតិស្ករគឺជារឿងមិនត្រូវប៉ះពាល់ដាច់ខាតសម្រាប់អ្នកចង់ស្រកទម្ងន់។ ការសិក្សាជាច្រើនបានបង្ហាញថា មនុស្សដែលជ្រើសផឹកភេសជ្ជៈផ្អែមមិនបានស្រកទម្ងន់ទេ ព្រោះជាតិផ្អែមក្នុងភេសជ្ជៈក្រៅតែពីធ្វើឲ្យខូចសុខភាពក៏នឹងធ្វើឲ្យមនុស្សរឹតតែមានអារម្មណ៍ឃ្លានអាហារថែមទៀត។ ប្រការនេះនឹងធ្វើឲ្យមនុស្សកាន់តែធាត់ ទោះខំហាត់ប្រាណសម្រករាងយ៉ាងណាក៏ដោយ៕
ប្រភព៖ ឡាយហ៊ែក
