បើកឡាន​សុខៗ​រលត់​...​បញ្ឆេះ​ឡើងវិញ​ឆេះ​​ខ្ទេច​គ្មាន​អ្នក​ជួយ

    រតនគិរី ៖ មាន​ករណី​អគ្គិភ័យ​ឆេះ​រថយន្ត​កាមរី​ស៊េរី​១៩៩៣ មួយគ្រឿង​នៅ​ចំ​កណ្តាលផ្លូវ​ជាតិ​លេខ​៧៨ ដោយ​គ្មាន​ការអន្តរាគមន៍​ពី​អាជ្ញាធរ​ពន្លត់អគ្គិភ័យ​បានទេ ពោលគឺ​ឆេះ​ទាល់តែ​ខ្ទេច ហើយ​រលត់ទៅវិញ​ដោយ​ខ្លួនឯង។​

    គ្រោះថ្នាក់​នេះ​កើតឡើង​កាលពី​វេលា​ម៉ោង​៣​​ និង​១០​នា​រសៀល ថ្ងៃទី​០៩ ខែធ្នូ ឆ្នាំ​២០១៦ ស្ថិតនៅ​ភូមិ​តា​អង ឃុំ​តា​អង ស្រុក​កូន​មុំ ខេត្តរតនគិរី​។​

    ប៉ូលិស​មូលដ្ឋាន​បាន​ទាក់ទង​រថយន្ត​ពន្លត់អគ្គិភ័យ​របស់​ស្នងការដ្ឋាន​ខេត្ត​មកជួយ​អន្តរាគមន៍​ដែរ ប៉ុន្តែ​មិនបាន​មកជួយ​សង្គ្រោះ​ទេ​ ដោយសារតែ​ផ្លូវ​ឆ្ងាយ​ទំរាំ​ធ្វើដំណើរ​មកដល់​ក៏ត្រូវ​ឆេះ​អស់​ដដែល។​

    ប្រភពពី​ប្រជាពលរដ្ឋ​បានឱ្យដឹងថា រថយន្ត​មាន​ទិសដៅ​ពី​លិចទៅ​កើត​បើក​មកដល់​ចំណុច​ខាងលើ​រលត់​ហើយ​អ្នកបើក​កាច់​សោ​ដេ​ឡើងវិញ​ស្រាប់តែ​ឆេះ​ឈុ​ល​តែម្តង​។ ​ប្រជាពលរដ្ឋ​បន្ថែមទៀតថា​រថយន្ត​នេះ​ប្រើប្រាស់​ហ្គាស​ជំនួស​សាំង​ខុស​បច្ចេកទេស​ឆាបឆេះ​ឡើង​សន្ធោសន្ធៅ​ពេញ​ផ្លូវ​តែម្តង​។​

    បើតាម​សមត្ថកិច្ច​បានឱ្យដឹងថា ម្ចាស់​រថយន្ត​ឈ្មោះ សុខ ប៊ុន​នី ភេទ​ប្រុស អាយុ​២២​ឆ្នាំ រស់នៅ​ភូមិ​ជ្រៃ សង្កាត់​យក្ខ​ឡោម ក្រុង​បាន​លុង ខេត្តរតនគិរី មុខរបរ​ជាង​ឆ្លាក់ បើកបរ​រថយន្ត​កាម​រី​ស៊េរី​ឆ្នាំ​១៩៩៣ ពណ៌​សំបក​ឪឡឹក​។ មូលហេតុ​កំពុង​ជិះ​ក៏​រលត់ ហើយ​ម្ចាស់​រថយន្ត​បាន​កាច់​ដេរ​ម្តងទៀត​បណ្តាលឱ្យ​ផ្ទុះ​ឆេះ​តែម្តងទៅ៕

Unnamed %282%29
adverise with khmeread
Loading ad ...