ឃាត់​ ២ ​នាក់​ពីបទ​លួច និង​ម្នាក់​រឿង​គ្រឿងញៀន​នៅ​កំពត​

    កំពត ៖ ប៉ូលិស​ខេត្តកំពត​បាន​ឃាត់​ជនសង្ស័យ​ ៣​ នាក់​ក្នុង​ ២​ ករណី​ផ្សេងគ្នា គឺ​ទីមួយ​ឃាត់​ជនសង្ស័យ​ ២ ​នាក់​ពីបទ​លួច​ និង​ទី​ពីរ​ឃាត់​បុរស​ម្នាក់​ពាក់ព័ន្ធ​គ្រឿងញៀន។​

    ១-​ប៉ូលិស​ស្រុក​ដងទង់ នៅ​ថ្ងៃទី០៩ ខែធ្នូ ឆ្នាំ​២០១៦ វេលា​ម៉ោង៨ ​និង​២០​នាទី​យប់ បង្ក្រាបបាន​ករណី​លួច​ទ្រព្យសម្បត្តិ​អ្នកដទៃ​មួយ​ករណី​នៅ​ភូមិ​ល្អាង ឃុំ​ល្អាង ស្រុក​ដងទង់ ដោយ​ឃាត់ខ្លួន​ជនសង្ស័យ​បាន​ចំនួន ០២ ​នាក់។​

    ប៉ូលិស​និយាយថា ជនសង្ស័យ​គឺ ១.​ឈ្មោះ ខឹម អាត ភេទ​ប្រុស អាយុ ៥៤​ ឆ្នាំ នៅ​ភូមិ​ទ្វារ​ថ្មី ឃុំ​ព្រៃ​ថ្នង ស្រុក​ទឹកឈូ​ និង ២.​ឈ្មោះ ណុប សេត ភេទ​ប្រុស អាយុ ៤៧ ​ឆ្នាំ នៅ​ភូមិ​ត្រពាំង​បី ឃុំ​ត្រពាំង​បី ស្រុក​ឈូក និង​រឹបអូស​បាន​ដែក​បំពង់​ទីប​ចំនួន ២៧ ​ដើម​ដែល​បាន​លួច​ពី​ក្នុង​រោងចក្រ​ស៊ីម៉​ង់​ត៍​ល្អាង​រួមទាំង​គោយន្ត​ចំនួន ០១ ​គ្រឿង។​

    បច្ចុប្បន្ន​ជនសង្ស័យ​ទាំងពីរ​នាក់​កំពុង​កសាង​សំណុំរឿង​ដើម្បី​អនុវត្តតាម​នីតិវិធី​ច្បាប់។​

    ២- ប៉ូលិស​ក្រុង​កំពត នៅ​ថ្ងៃទី០៨ ខែធ្នូ ឆ្នាំ​២០១៦ វេលា​ម៉ោង៥​ល្ងាច​បង្ក្រាបបាន​ករណី​ជួញដូរ និង​ប្រើប្រាស់​គ្រឿងញៀន នៅ​ភូមិ​ទ្វី​ខាងត្បូង សង្កាត់​អណ្តូង​ខ្មែរ ក្រុង​កំពត​ដោយ​ឃាត់ខ្លួន​បាន​ជនសង្ស័យ​ម្នាក់។​

    ប៉ូលិស​និយាយថា ជនសង្ស័យ​ឈ្មោះ លី សេង ភេទ​ប្រុស អាយុ ៣០ ​ឆ្នាំ (​នៅ​ភូមិ​-​សង្កាត់​ខាងលើ​) និង​ដកហូត​បាន​ថ្នាំញៀន​ចំនួន ០១​កញ្ចប់​តូច។ បច្ចុប្បន្នកំពុង​កសាង​សំណុំរឿង​ដើម្បី​អនុវត្តតាម​នីតិវិធី​ច្បាប់៕

Untitled 1 adverise with khmeread
Loading ad ...