samsung-banner
adverise with khmeread

អាវុធហត្ថ​បដិសេធថា ​«​ ឈ្មោះ អ៊ុំ សុ​ផា ដែលមាន​ឋានន្តរស័ក្តិ​ថ្នាក់ វរសេនីយ៍ត្រី និង អត្តលេខ​១៩៩២៧៨» ​ពុំមែន​ជាម​ន្ត្រី​កងរាជអាវុធហត្ថ​ទេ​...​តើ​ឃាតករ​ជា​នរណា​?

1

    ភ្នំពេញ​ ៖ បន្ទាប់ពី​មាន​ប្រព័ន្ធ​ផ្សព្វផ្សាយ​ក្នុងស្រុក​ចុះផ្សាយ​ថា «​ឈ្មោះ អ៊ុំ សុ​ផា ដែលមាន​ឋានន្តរស័ក្តិ​ថ្នាក់ វរសេនីយ៍ត្រី និង​អត្តលេខ​១៩៩២៧៨»​ ជា​ឃាតករ​បាញ់សម្លាប់​ស្រី​ស្នេហ៍​របស់ខ្លួន​ក្នុង ​"​ផ្ទះសំណាក់​សារី​ធំ " រួចមក មន្ត្រី​អាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​បាន​បញ្ជាក់ថា «ឈ្មោះ អ៊ុំ សុ​ផា​នេះ» ​ពុំមាន​ឈ្មោះ​ក្នុង​បញ្ជី​គ្រប់គ្រង​របស់​កងរាជអាវុធហត្ថ​ទេ​។​

    ជុំវិញ​ករណីនេះ មាន​មិត្ត​អ្នកអាន​បាន​ចោទ​ជា​សំណួរ​ថា "​ជននេះ​ស្លៀកពាក់​ប៉េអឹម មាន​កាំភ្លើង​សៀតចង្កេះ​ដើរ​រាល់ថ្ងៃ តើ​វា​ធ្វើ​អ្វី​ទៅ​ហ្ន៎​!!!"។​

    គួររំលឹកថា មាន​ករណី​ផ្ទុះអាវុធ​បណ្ដាលឱ្យ​ស្លាប់​នារី​ម្នាក់ នៅវេលា​ម៉ោង​១២ ​និង​៤០​នាទី ថ្ងៃទី​១០ ខែធ្នូ ឆ្នាំ​២០១៦ ត្រង់ចំណុច​ផ្ទះសំណាក់​សារី​ធំ ផ្លូវ​២៧៣ ភូមិ​ទួល​សង្កែ សង្កាត់​ទួល​សង្កែ ខណ្ឌឫស្សីកែវ​។​

    សព​ឈ្មោះ សុន ស្រី​លក្ខណ៍ ភេទ​ស្រី អាយុ​២៥​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ត្រពាំង​រាំង ឃុំ​អង្គរមាស ស្រុក​ដងទង់ ខេត្តកំពត​។ សព​ត្រូវ​គ្រាប់កាំភ្លើង ០១​​ គ្រាប់​ចំ​ភ្នែក​ខាងស្ដាំ​ស្លាប់​ពេល​បញ្ជូន​ដល់​មន្ទីរពេទ្យ​កាល់ម៉ែ​ត្រ​។​

    តាម​សាក្សី​ឈ្មោះ ឈុត  ស្រីមុំ ហៅ​ស្រី​ម៉ៅ ជា​អ្នកមើលការខុសត្រូវ​ផ្ទះសំណាក់​បំភ្លឺថា មុន​កើតហេតុ​ជនសង្ស័យ​ និង​ជនរងគ្រោះ​ជិះ​ម៉ូតូ​មួយគ្រឿង​ម៉ាក​ MSX ព​ណ៌​ស លេខ​៤៣៩៩ មក​ជួល​បន្ទប់​គេង​លេខ​៤០៤​ជាន់​ឡៅតឿ​។ ទាំងពីរ​នាក់​នេះ​ក្នុង​មួយខែ​មក​ជួល​បន្ទប់​២​ទៅ​៣​ដង​។ នៅ​ម៉ោង​កើតហេតុ​បាន​លឺសូរ​ផ្ទុះអាវុធ​ ០១ ​គ្រាប់​ហើយ​ជនសង្ស័យ​ចុះមក​ម្នាក់ឯង​សន្តិសុខ​នាំគ្នា​ឃាត់​មិន​ឱ្យ​ចេញ ដោយបាន​ប្រតាយប្រតប់​គ្នា ធ្វើឱ្យ​ជនសង្ស័យ​ជ្រុះ​មួកសុវត្ថិភាព​មាន​បិត​ Logo. អ​.​ហ និង ​ID មាន​បិត​រូបថត​ស្លៀកពាក់​ឯកសណ្ឋាន​កងរាជអាវុធហត្ថ មាន​ស្លាក​ឈ្មោះ​វរសេនីយ៍ត្រី អ៊ុំ សុ​ផា និង​មាន​អត្តលេខ​១៩៩២៧៨ ដោយ​ឃើញ​ជនសង្ស័យ​សៀត​អាវុធខ្លី​នៅ​ចង្កេះ​ទើប​មិន​ហ៊ាន​ចាប់​ហើយ​ជនសង្ស័យ​ជិះ​ម៉ូតូ​ចេញទៅ​ទិស​ខាងលិច​គេចខ្លួនបាត់​។​

    បន្ទាប់មក​ឈ្មោះ រតនា ​និង​ណា​ង ​ឡើងទៅ​បន្ទប់​កើតហេតុ​ឃើញ​ជនរងគ្រោះ​ដេក​នៅលើ​គ្រែ​មាន​ឈាម​ហូរ​និង​មាន​សំបក​គ្រាប់​ ០១ ​គ្រាប់​នៅលើ​ឥដ្ឋ​ហើយ​នាំគ្នា​បញ្ជូន​ជនរងគ្រោះ​ទៅ​មន្ទីរពេទ្យ​កាល់​ម៉ែត្រ ទៅដល់​ពេទ្យ​ជនរងគ្រោះ​បាន​ស្លាប់​បាត់ទៅហើយ​។ បច្ចុប្បន្ន សព​ដំកល់ទុក​នៅ​មន្ទីរពេទ្យ​កាល់ម៉ែ​ត្រ។​

    កម្លាំង​ជំនាញ កងរាជអាវុធហត្ថ​បាន​ចុះ​ទៅដល់​កន្លែងកើតហេតុ​ធ្វើការ​ស៊ើបអង្កេត​ស្រាវជ្រាវ តាម​នីតិវិធី​។​

    ជាពិសេស កម្លាំង​ជំនាញ​បាន​រាយការណ៍​តាម​ឋានានុក្រម ដើម្បី​ឆែក​រក​អត្តសញ្ញាណ​ឱ្យបាន​ច្បាស់លាស់ ត្រឹមត្រូវ ឈានដល់​ការចាប់ខ្លួន​។​

    ក្រោយមក​កម្លាំង​ជំនាញ​បុគ្គលិក កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស បាន​បញ្ជាក់ថា វរសេនីយ៍ត្រី អ៊ុំ សុ​ផា អត្តលេខ​១៩៩២៧៨ ពុំមាន​ទិន្នន័យ​ក្នុង​បញ្ជី​គ្រប់គ្រង​របស់​កងរាជអាវុធហត្ថ​ទេ​។​

    សូមបញ្ជាក់ថា លោកនាយ​ឧ​ត្ត​ម​សេនីយ៍ សៅ សុខា ធ្លាប់មាន​ប្រសាសន៍ថា បុគ្គល​ណាក៏ដោយ​ឱ្យតែ​ប្រព្រឹត្ត​បទល្មើស​ត្រូវតែ​តាម​ស្រាវជ្រាវ​ចាប់ខ្លួន​បញ្ជូនទៅ​តុលាការ អនុវត្ត​តាមច្បាប់ ទោះបី​បុគ្គល​នោះ​ជា​អាវុធហត្ថ សក្តិ​ប៉ុន្មាន​ក៏ដោយ យើង​មិន​រក្សាទុក​ជនល្មើស​ក្នុង​កងរាជអាវុធហត្ថ​ទេ​។​

    បច្ចុប្បន្ន​កម្លាំង​អាវុធហត្ថ​សហការ​ជាមួយនឹង​សមត្ថកិច្ច​ពាក់ព័ន្ធ​បាននិងកំពុង​ខិតខំ​ប្រឹងប្រែង​ស្រាវជ្រាវ​តាមរក​ជន​ដែល​ប្រព្រឹត្ត​បទល្មើស​នេះ​៕

adverise with khmeread

មតិយោបល់