អ្នកជំនាញ​៖ យោធា​ជប៉ុន​សម័យថ្មី​នេះ​អាច​តតាំង​ជាមួយ​ប្រទេស​ណា​ក៏បាន​ដែរ​

    ​៧០ ឆ្នាំ​បន្ទាប់ពី​ជប៉ុន​បើក​ការវាយប្រហារ​ដ៏​ប្រល័យ​បំផុត​លើ​កំពង់ផែ Pearl Harbor ឥឡូវ​ប្រទេស​នេះ​បាន​កសាង​ខ្លួនឯង​ជាថ្មី​ក្នុងនាម​ជា​មហាអំណាច​យោធា​ខ្លាំងក្លា​បំផុត​មួយ​របស់​ពិភពលោក​។ នេះ​បើតាម​សម្តី​របស់​ក្រុម​អ្នកជំនាញ​។ 

​    ​ការលេចឡើង​ជាថ្មី​រប​ស់​យោធា​ជប៉ុន​កើតឡើង បើទោះបីជា​រដ្ឋធម្មនុញ្ញ​ដាក់ចេញ​ដោយ​សហរដ្ឋអាមេរិក បន្ទាប់ពី​សង្គ្រាមលោកលើកទី​ពីរ បាន​កំណត់ឱ្យ​កងកម្លាំង​ប្រទេស​នេះ​ត្រឹម​គោលបំណង​ការពារ​ខ្លួន​ក្តី​។ ជាការ​ពិត ក្រុម​អ្នកជំនាញ​និយាយថា ការ​រឹតត្បិត​ត្រឹម​ការពារ​ខ្លួន​នេះហើយ​ដែល​បាន​ជួយ​ឱ្យ​យោធា​ជប៉ុន​ខ្លាំង​ជាង​ការដែល​មិន​រឹតត្បិត​។ 

​     លោក John T. Kuehn សាស្ត្រាចារ្យ​ប្រវត្តិសាស្ត្រ​យោធា​នៅ​សាកលវិទ្យាល័យ​យោធា U.S. Army Command and General Staff College បាន​និយាយថា "​យន្តហោះ​ទល់​យន្តហោះ​, នាវា​ទល់​នាវា ជប៉ុន​អាច​តតាំង​ជាមួយ​នរណា​ក៏បាន​ដែរ​"​។ 

​    ​ហើយ​ជប៉ុន​អាច​សម្រេចបាន​សមត្ថភាព​បែបនេះ​ជាមួយនឹង​កញ្ចប់​ថវិកា​យោធា​មួយផ្នែក​តូច​ប៉ុណ្ណោះ​បើ​ធៀប​នឹង​កញ្ចប់​ថវិកា​ចំណាយ​យោធា​របស់​មហាអំណាច​ដ​ទៃទៀត​។ 

​    ​ការពង្រឹង​សមត្ថភាព​យោធា​ធ្វើឡើង​ស្របពេល​ដែល​ប្រទេស​ជប៉ុន​ប្រឈម​ការផ្លាស់ប្តូរ​កម្លាំង​ការពារ​សន្តិសុខ​ក្នុង​តំបន់ ដោយសារ​ប្រធានាធិបតី​ជាប់ឆ្នោត​ថ្មី​របស់​អាមេរិក​ទំនង​ត្រៀមខ្លួន​បិទ​សៀវភៅ​ការទូត និង​គូសវាស​ផែនទី​ភូមិសាស្ត្រ​នយោបាយ​ឡើងវិញ​។ 

​    ​លោក John T. Kuehn មិនមែនជា​មនុស្ស​តែ​ម្នាក់​គត់​ដែល​ចាត់ថ្នាក់​យោធា​ជើង​ទឹក​ជប៉ុន ក្នុងចំណោម​យោធា​ជើង​ទឹក​កំពូល​ទាំង ៥ លើ​ពិភពលោក​នោះទេ​។ 

​    ​លោក Kyle Mizokami អ្នកនិពន្ធ​នៅ Blog មួយ​ដែលមាន​ឈ្មោះថា "​ឃ្លាំមើល​សន្តិសុខ​ជប៉ុន​" និង​ជា​អ្នក​រួមចំណែក​ផ្តល់ព័ត៌មាន​ឱ្យ​វិទ្យាស្ថាន US Naval Institute News និយាយថា ការដែល​ជប៉ុន​ចាប់​ដៃគូ​សម្ព័ន្ធមិត្ត​ជាមួយ​អាមេរិក​នេះហើយ​ទើប​ធ្វើឱ្យ​ជប៉ុន​ក្លាយជា​មហាអំណាច​យោធា​ដ៏​សម្បើម​ក្នុង​ឆ្នាំ ២០១៦​។​

​    ​លោក Mizokami បាន​អ៊ីមែល​មក CNN ថា "​អាមេរិក និង​ជប៉ុន​ជា​សម្ព័ន្ធមិត្ត​យោធា​ជិតស្និទ្ធ​បំផុត​ក្នុង​ពិភពលោក​សព្វថ្ងៃ​។ ពួកគេ​ជិតស្និទ្ធ​ជា​អាមេរិក​និង​ចក្រភព​អង់គ្លេស​ទៅទៀត​"​។ 

​    ​លោក Mizokami និយាយថា "​ពួកគេ​ហ្វឹកហាត់​ជាមួយគ្នា​ជាប្រចាំ​រាល់ថ្ងៃ ហើយ​មាន​សមយុទ្ធ​យោធា​ធំៗ​នៅលើ​អាកាស លើគោក និង​លើ​សមុទ្រ ស្ទើរតែ​រាល់​សប្តាហ៍​"​។ 

​    ​លោក Kuehn និយាយថា វត្តមាន​បច្ចេកវិជ្ជា​អាមេរិក​ដូចជា ប្រព័ន្ធ​ប្រឆាំង​មី​ស៊ី​ល Aegis ផ្ទុក​លើ​នាវា ដែល​អាច​បាញ់​ទម្លាក់​កាំជ្រួច​ឆ្លង​ទ្វីប ក្នុង​កង​នាវា​ជប៉ុន​បានធ្វើឱ្យ​ជប៉ុន​ក្លាយជា​កងកម្លាំង​មួយ ពិបាក​ទប់ទល់​បំផុត​៕ 

ប្រភព៖ CNN

adverise with khmeread