ប្រកាស​ផ្តល់រ​ង្វាន់​លើកទឹកចិត្ត ៥.០០០​ ដុល្លារ ដល់​ពលរដ្ឋ​ណា​ដែល​បាន​រាយការណ៍ ពី​ឃាតករ​បាញ់សម្លាប់​សង្សារ​ខ្លួន​នៅផ្ទះ​សំណាក់ «​សារី​ធំ​»

    ភ្នំពេញ ៖ លោកនាយ​ឧ​ត្ត​ម​សេនីយ៍ សៅ សុខា អគ្គ​មេបញ្ជាការរង នៃ​កងយោធពល​ខេមរភូមិន្ទ និង​ជា មេបញ្ជាការ កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស បានប្រកាសថា នឹង​ផ្តល់​ប្រាក់រង្វាន់​ចំនួន ​២០​ ​លាន​រៀល ស្មើនឹង​ ៥.០០០ ​ដុល្លារ ជូន​ប្រជាពលរដ្ឋ​ទាំងឡាយណា ដែល​បាន​ផ្តល់ព័ត៌មាន​ដល់​កងកម្លាំង​កងរាជអាវុធហត្ថ ពី​ជនដៃដល់ ដែល​បាន​បាញ់សម្លាប់​នារី​ម្នាក់ ជា​សង្សារ​របស់ខ្លួន​នៅក្នុង​ផ្ទះសំណាក់ «​សារី​ធំ​» ក្នុង​សង្កាត់​ទួល​សង្កែ ខណ្ឌឫស្សីកែវ​។​

    លោក នាយ​ឧ​ត្ត​ម​សេនីយ៍ សៅ សុខា ក៏បាន​បញ្ជាក់​ផងដែរ​ថា ជនសង្ស័យ​រូបនេះ​មិនមែនជា​មន្ត្រី​អាវុធហត្ថ​នោះឡើយ និង​បាន​បញ្ជា​ដល់​កងកម្លាំង​ជំនាញ បើក​ការ​ស៊ើ​ប​អង្កេត​ស្រាវជ្រាវ ជាបន្ទាន់​លើ​ករណី​ឃាតកម្ម​មួយ​នេះ​។​

    នៅ​ព្រឹក​ថ្ងៃទី​១១ ខែធ្នូ ឆ្នាំ​២០១៦ នាយ​ឧ​ត្ត​ម​សេនីយ៍ សៅ សុខា បាន​ថ្លែង​បញ្ជាក់​យ៉ាងច្បាស់ៗ​ថា៖ 

    ទី​១- កងរាជអាវុធហត្ថ​ជា​កម្លាំង​អនុវត្តន៍ ច្បាប់​មាន​តួនាទី​ការពារ​ថែរក្សា​សន្តិសុខ សណ្តាប់ធ្នាប់​សង្គម ស្រាវជ្រាវ​​ និង​បង្ក្រាប​បទល្មើស​។

    ទី​២- គ្មាន​ហេតុផល​អ្វី​ទៅ​លាក់បាំង​ជនល្មើស​ឬ​ឧក្រិដ្ឋជន​នោះឡើយ។ អាវុធហត្ថ​ស្ទើរ​ទាំងអស់​មាន​ឯកសារ សាលា​កប​ត្រ​សម្រាប់​គ្រប់គ្រង​ផ្ទៃក្នុង​ខ្ញុំ​បញ្ជា​ឱ្យ​ជំនាញ អធិការកិច្ច​ធ្វើការ​ផ្ទៀងផ្ទាត់​រវាង​ឯកសារ និង​ព័ត៌មាន​ដែល​ទទួលបាន​តាមរយៈ Camara សន្តិសុខ និង​សាក្សី។​

    ទន្ទឹម​និង​នោះ​លោក​ក៏​បញ្ជា​ឱ្យ កា​រិ​យា​ល័យបុគ្គលិក ធ្វើការ​ត្រួតពិនិត្យ​ឈ្មោះ ដែល​ប្រើ​ឯកសណ្ឋាន​កងរាជអាវុធហត្ថ​កាត់​ខ្លួនឯង​ខុស​អនុក្រឹត្យ​កំណត់​នេះ តើ​មានឈ្មោះ​ក្នុង​បញ្ជី​គ្រប់គ្រង​ឬ​អត់ និង​បញ្ជាកា​រិ​យា​ល័យជំនាញ ស្រាវជ្រាវ​បទល្មើស ព្រហ្មទណ្ឌ​ធ្វើការ​ស្រាវជ្រាវ​បង្ក្រាប​ករណីនេះ​ឱ្យ​ខាងតែបាន​។​

    ព្រមជាមួយ​គ្នា​នោះ​លោក​សូម​អំពាវនាវ ឱ្យ​បងប្អូន​ប្រជាពលរដ្ឋ​ក្នុងនោះ​អ្នក​ស្រឡាញ់ និង​គាំទ្រ​កីឡាបាល់ទាត់ ដែល​រូបខ្ញុំ​ផ្ទាល់​ជា​ប្រធាន​សូមមេត្តា ចូលរួម​សហការ​ផ្តល់​ព័ត៌មាន ឱ្យកម្លាំង​កងរាជអាវុធហត្ថ នៅ​គ្រប់​ទីកន្លែង​ទូទាំងប្រទេស ដើម្បី​ឈានទៅ​ចាប់​ជនល្មើស មក​ផ្តន្ទាទោស​តាមច្បាប់ កងរាជអាវុធហត្ថ និង​ជូន​រង្វាន់​លើកទឹកចិត្ត ចំនួន ២០​ លាន​រៀល ដល់​អ្នកចូលរួម​សហកា​រ​ដើម្បី​បង្ក្រាប​ករណី​មួយ​នេះ​។​

    ទី​៣- ក្នុង​អាណត្តិ​ជា​មេបញ្ជាការ​ខ្ញុំ​ធ្លាប់​សម្រេចចិត្ត បណ្តេញ​ចេញពី​កងរាជអាវុធហត្ថ​ចំពោះ​បុគ្គលិក ដែល​មិន​គោរព​ច្បាប់​បំពាន​វិន័យ កង​ទ​ព័​រាប់រយ​នាក់ ជាពិសេស អ្នកប្រើប្រាស់ គ្រឿងញៀន កាន់​និង​ប្រើប្រាស់​អាវុធ​ខុសច្បាប់ ការរំលោភ​ដីធ្លី ការពាក់ព័ន្ធ​និង​បទល្មើស​ធនធានធម្មជាតិ។​ល​។ ជាមួយនិង​ការយកចិត្តទុកដាក់​ខ្ពស់​ដល់ ការងារ​អប់រំ​ហ្វឹកហ្វឺន​រៀនសូត្រ​។ មិន​ដោះសារ​គេច​ចេញពី​ការទទួលខុសត្រូវ​នោះទេ ចាប់​ជនល្មើស​មិនទាន់បាន​ពិតជា​ការទទួលខុសត្រូវ របស់​មេបញ្ជាការ កងរាជអាវុធហត្ថ​។​

    សូមបញ្ជាក់ថា នារី​ម្នាក់​ត្រូវបាន​សង្សារ​ជា​កងកម្លាំង​ដឹក​មក​ដេក​នៅផ្ទះ​សំណាក់ «​សារី​ធំ​» ជួល​បន្ទប់​លេខ​៤០៤ ជាន់​ឡៅតឿ រួច​បាញ់ប្រហារ​បណ្តាល​ឱ្យ​ធ្លាយ​គ្រាប់ភ្នែក ស្លាប់​ភ្លាមៗ​តែម្តង។ ​ប៉ុន្តែ​មិនទាន់​ដឹងថា បណ្តាលមកពី​មូលហេតុ​អ្វី​នោះទេ ខណៈជនដៃដល់​រត់គេចខ្លួន​បាត់​។ ករណី​បាញ់ប្រហារ​ខាងលើនេះ បានកើត​ឡើង​នា ម៉ោង​១២ ​និង​៤០​នាទី រំលង​អា​ធ្រា​ត្រ​ឈានចូល ថ្ងៃទី​១០ ខែធ្នូ ឆ្នាំ​២០១៦ ស្ថិតនៅ​ក្នុងភូមិ​ទួល​សង្កែ សង្កាត់​ទួល​សង្កែ ខណ្ឌឫស្សីកែវ​។​

    ស្ត្រី​ឈ្មោះ ឈុត ស្រីមុំ ជា​អ្នកមើលការខុសត្រូវ​ផ្ទះសំណាក់​ខាងលើ បាន​ប្រាប់ថា មុន​កើតហេតុ​ជនសង្ស័យ និង​ជនរងគ្រោះ​បាន​ជិះ​ម៉ូតូ​មួយគ្រឿង ម៉ាក PCX ពណ៌​ស ស្លាក​លេខ 4399 មក​ជួល​បន្ទប់​ខាងលើ ដើម្បី​ស្នាក់នៅ គឺ​មួយខែ​អ្នក​ទាំងពីរ មក​ជួល​ស្នាក់នៅ​២​ទៅ​៣​ដង​។​

    តែ​នៅ​យប់កើតហេតុ​នេះ នៅ​ម៉ោង​ខាងលើ​មាន​ឮ​សំឡេង ផ្ទុះអាវុធ​មួយគ្រា​ប់ ស្រាប់តែ​ឃើញ​ជនសង្ស័យ បាន​ចុះមក​ក្រោម​វិញ​តែម្នាក់ឯង​។ ភ្លាមៗ​នោះ​សន្តិសុខ ដែល​យាម​នៅផ្ទះ​សំណាក់​បាននាំគ្នា​ឃាត់ តែ​ជនសង្ស័យ នៅតែ​ចេញ​បាន ប្រតាយប្រតប់​គ្នា​ផងដែរ តែដោយសារ​ជនសង្ស័យ​មាន​អាវុធខ្លី នៅ​នឹង​ចង្កេះ​ទើប​សន្តិសុខ មិន​ហ៊ាន​ឃាត់​តទៅទៀត ខ្លាច​ជន​នោះ​បាញ់​ថែម ទើប​ជនសង្ស័យ​រូបនោះ មានឱកាស​យក​ម៉ូតូ​ជិះ ចេញពី​កន្លែងកើតហេតុ រួច​គេចខ្លួន​បាត់ស្រមោល​។​

    សាក្សី​បាន​បន្តទៀតថា បន្ទាប់ពី​ជនសង្ស័យ​ចេញទៅ​បាត់ សន្តិសុខ និង​ស្រី​ជា​អ្នកមើលការខុសត្រូវ​ខាង​ផ្ទះសំណាក់ នាំគ្នា​រត់ឡើង​ទៅ​មើល​បន្ទប់​៤០៤ ក៏បាន​ឃើញ​នារី​រងគ្រោះ​ដេកស្លាប់ នៅលើ​ពូក​បាត់ទៅហើយ ព្រោះ​ត្រូវ​ជនសង្ស័យ​បាញ់ប្រហារ​ចំ​គ្រាប់ភ្នែក ខាងស្តាំ​ធ្លាយ​ទៅក្រោយ​។​

    យោងតាម​រូបភាព​ដែល​បានបង្ហាញ​នៅក្នុង Video មុន​កើតហេតុ ពេលដែល​ពួកគេ​ដើរចូល និង​ឡើងទៅ​បន្ទប់​ខាងលើ​នោះ ឃើញថា ជនដៃដល់ និង​នារី​រងគ្រោះ​ហាក់ មិនត្រូវ​គ្នា​នោះឡើយ ដោយសារតែ​ជនដៃដល់​បាន​យកដៃ​ទៅ​គៀក​.​ក តែ​ត្រូវ​នារី​រងគ្រោះ ក្រវៀសដៃ​ចេញ​។​

    បើតាម​សាក្សី ពួកគេ​បាន​ចូលទៅ ក្នុង​បន្ទប់​បាន​ប្រហែល​២០​នាទី​ប៉ុណ្ណោះ រួចហើយ​ឃើញ ជនសង្ស័យ​ចេញមក​វិញ​ទាញ​ម៉ូតូ ជិះ​ស្រាប់តែ​ដួល ហើយ​លើក​ឡើងវិញ​បើក​ចេញ ដោយមាន​សន្តិសុខ ផ្ទះសំណាក់ ចាប់ទាញ​ពីក្រោយ​ទៀតផង​។​

    បើតាម​អ្នក​ដែល​ស្គាល់​នារី​រងគ្រោះ បាន​ឱ្យ​ដឹងថា នាង​មានមុខរ​បរជា​អ្នកលក់​ខោអាវ នៅ​ផ្សារ​ទទួល​សង្កែ និង​ធ្លាប់មាន​ប្តី​ផងដែរ តែ​បាន​ស្លាប់​ជាង​១​ឆ្នាំ​មកហើយ​។ ដោយឡែក​សម្រាប់​ករណី​នេះ​គេ​អាច​សង្ស័យថា នារី​រងគ្រោះ​អាចមាន​ប្រុស​ថ្មី ទើប​ជនដៃដល់​ដែលជា​សង្សារ​បាញ់សម្លាប់​តែម្តង​៕​

adverise with khmeread