នាំខ្លួន​សង្ឃ​ក្លែងក្លាយ​ និង​អ្នក​ពាក់​ព័​ន្ធ ចំនួន ០៤ នាក់មក​សាកសួរ​ រួមជាមួយគ្រឿងញៀន​មួយចំនួន

    បាត់ដំបង ៖ អនុវត្តតាម​បញ្ជា​របស់លោក​ឧ​ត្ត​ម​សេនីយ៍​ទោ ស ថេត ស្នងការ​ប៉ូលិស​ខេត្តបាត់ដំបង ក៏ដូចជា​តាម​យោបល់​របស់​ឧ​ត្ត​ម​សេនីយ៍​ត្រី ជេ​ត វណ្ណ​នី ស្នងការរង​ទទួល​ផែន​យុត្តិធម៌​, ​ប៉ូលិស​ក្រុម​បង្ការ​បង្ក្រាប ដែល​ដឹកនាំ​ដោយ​លោក​អនុសេនីយ៍ទោ ឈឿង គឹម​សុង បាន​ចុះទៅ​នាំខ្លួន​ព្រះសង្ឃ​ក្លែងក្លាយ និង​អ្នក​ពាក់​ព័​ន្ធ​ចំនួន ៤ នាក់ មកកាន់​ស្នងការដ្ឋាន​ប៉ូលិស​ខេត្ត បាត់ដំបង ដើម្បី​ធ្វើការ​សាកសួរ​កាលពី​ថ្ងៃ​ទី១១ ​ខែធ្នូ ឆ្នាំ២០១៦ វេលា​ម៉ោង១០ និង៤០នាទី។​

    មូល​ហេតុដែល​ឈានទៅដល់​ការនាំ​ខ្លួន​មក​ធ្វើការ​សាកសួរ​នេះ​គឺ​ក្រោយពី​ទទួលបាន ព័ត៌មាន​ពី​ប្រជាពលរដ្ឋ​នៅ​មូលដ្ឋាន សង្កាត់​ទួល​តា​ឯក ក្រុង​បាត់ដំបង​មក​ថា "​ឃើញ​មាន​ព្រះសង្ឃ​ដោយ​ការ​គ្រង​ស្បង់ចីពរ​មួយអង្គ និង​មនុស្ស​ប្រុស​មួយក្រុម​បាន​ជួល​ផ្ទះ​ស្នាក់នៅ​ម្តុំ​ក្រោយ​វត្ត​ទួល​តា​ឯក ដែលជា​រឿយៗ​ម្តង​ឃើញ​ស្លៀក​សម្លៀកបំពាក់​ធម្មតា និង​ម្តង​ឃើញ​គ្រង​ស្បង់​ចីពរជាស​ង្ឃ​"​។​

    បន្ទាប់មក​ប៉ូលិស​ក៏​នាំខ្លួន​មក​សាកសួរ ក្នុងចំណោម​នោះ​មាន ​១- ឈ្មោះ ម៉ៅ ជា ភេទប្រុស អាយុ៣០​ឆ្នាំ រស់នៅ​ភូមិ​គោក​ជ័រ ឃុំ​ស្តៅ ស្រុក​រតនៈមណ្ឌល ខេត្តបាត់ដំបង​ (ក្លែងខ្លួន​ធ្វើជា​សង្ឃ ), ២- ឈ្មោះ វ៉ិ​ត ផល្លា ភេទប្រុស អាយុ៣២ឆ្នាំ រស់នៅ​ភូមិ​ទួល​តា​ឯក សង្កាត់​ទួល​តា​ឯក ក្រុង​បាត់ដំបង ខេត្តបាត់ដំបង ជា​អ្នក​ដឹក​ទៅ​គ្រង​ស្បង់ចីពរ និង​នាំទៅ បិណ្ឌបាត​តាម​ភូមិ, ៣ -​ឈ្មោះ លឹម ម៉ៅ ភេទប្រុស អាយុ៣៧ឆ្នាំ រស់នៅ​ភូមិ​ពពាលខែ​ថ្មី ឃុំ​អូរ​តា​គី ស្រុក​ថ្មគោល ខេត្តបាត់ដំបង​​ ជា​អ្នក​ដឹក​លោក ម៉ៅ ជា មកពី​បិណ្ឌបាត​វិញ និង​៤- ឈ្មោះ តូច សារ៉ាត់ ហៅ តយ ភេទប្រុស អាយុ៣៤ឆ្នាំ រស់នៅ​ភូមិ​អណ្តូង​ចេញ សង្កាត់​អូរ​ចារ ក្រុង​បាត់ដំបង ខេត្តបាត់ដំបង​។​

    ប៉ូលិស​បញ្ជាក់ថា ក្នុងពេល​នាំខ្លួន​មក​សាកសួរ​នេះ​រកឃើញ​ឧបករណ៍​សម្រាប់​ប្រើប្រាស់​គ្រឿងញៀន​មួយចំនួន ព្រមទាំង​វត្ថុតាង ផ្សេងៗ​មួយចំនួន​ផងដែរ។​

    នៅពេល​សាកសួរ អ្នក​ទាំងអស់​បាន​ឆ្លើយ​សារភាពថា "​ក្រុម​ខ្លួន​ពិតជា​បាន​ប្រព្រឹត្តិ​នូវ​សកម្មភាព ក្លែងខ្លួន​ជា​ព្រះសង្ឃ ព្រះ​ពុ​ទ្ធសាសនា ដើម្បី​ស្វែងរក​ប្រយោជន៍​ប្រាកដ​មែន" ហើយ​បច្ចុប្បន្ន​ប៉ូលិស​កំពុងធ្វើការ​ស្រាវជ្រាវ​បន្ត ដើម្បី​ចាត់ការ​តាមនីតិវិធី៕

Unnamed %281%29 adverise with khmeread

មតិយោបល់