samsung-banner
adverise with khmeread

ឃើញរោងចក្រស្ងាត់ ចូលលួចម៉ា​ស៊ី​ន​ដេរ​ និង ភេសជ្ជៈ(​មាន​វីដេអូ​)

3

    ភ្នំពេញ ៖ យុវជន​ពីរ​នាក់​ចេញពី​ជក់​ថ្នាំញៀន​ដើរកាត់​ឃ្លាំង​មួយកន្លែង​មិនមាន​ចាក់សោ​ហើយ​បាន​ចូល​លួច​ម៉ា​ស៊ីន​ដេរ​ និង​ភេសជ្ជៈ​ក្នុង​ធុង​ទឹកកក​ហើយ​ពេល​ជិះ​ម៉ូតូ​ទៅផ្ទះ​វិញ ​ត្រូវបាន​សមត្ថកិច្ច​សង្ស័យ​ឃាត់​សួរនាំ​តាមផ្លូវ​ក៏បាន​ដឹង​រឿង​ហើយ​ធ្វើការ​ឃាត់ខ្លួន​នាំមក​ប៉ុស្ដិ៍​ទឹកថ្លា​ដើម្បី​ធ្វើការ​សាកសួរ​។​

    ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង១ ​និង​២០​នាទី​យប់​រំលង​អា​ធ្រា​ត្រ​ឈានចូល​ថ្ងៃទី​១២​ ខែធ្នូ ឆ្នាំ២០១៦ ត្រង់ចំណុច​ស្ថានីយ៍​ប្រេងឥន្ធនៈ​តេ​លា តាម​បណ្ដោយ​ផ្លូវ​២០០៤ ស្ថិតក្នុង​សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ។​

    តាម​ប្រភពព័ត៌មាន​ពី​កម្លាំង​សមត្ថកិច្ច​បានឱ្យដឹងថា មុនពេល​កើតហេតុ​កម្លាំង​ខាងលើ​បានដាក់​គោលដៅ​ត្រង់ចំណុច​ស្ថានីយ៍​ប្រេងឥន្ធនៈ​សូ​គី​មិច ស្ថិត​តាម​បណ្ដោយ​ផ្លូវ​២០០៤ ស្រាប់តែ​បន្តិចក្រោយមក​ក៏មាន​យុវជន​ពីរ​នាក់​ជិះ​ម៉ូតូ​មួយគ្រឿង​ម៉ាក​ក្លី​ក​ខៀវ​លាយ​ខ្មៅ​គ្មាន​ស្លាក​លេខ​ហើយ​សមត្ថកិច្ច​មានការ​សង្ស័យ​ក៏​បានធ្វើការ​ប្រដេញ​រហូតដល់​ចំនុច​ខាងលើ​ទើប​ឃាត់​បាន​។​

    បន្ទាប់ពី​ធ្វើការ​សួរនាំ​ទើប​ដឹងថា ​ពួកគេ​ទើបតែ​ចេញ​មកពី​ជក់​ថ្នាំញៀន​នៅ​ម្ដុំ​ភូមិ​ត្រពាំង​ឈូក អស់​តម្លៃ ​២៥.០០០​ រៀល​ ហើយ​ក្រោយមក​ពេល​ពួកគេ​ជិះ​ចេញពី​កន្លែង​ជក់​ថ្នាំញៀន​នោះមក ​ក៏បាន​ប្រទះឃើញ​រោងចក្រ​មួយកន្លែង​ដែលមានរ​បងសំណាញ់​មិនមាន​ចាក់សោ ​ហើយ​ថែមទាំង​គ្មាន​មនុស្ស​និង​ស្ងាត់​ទៀត​នោះ​ពួកគេ​ក៏​ឆ្លៀតឱកាស​ដើរទៅ​បើក​ទ្វាររបង​សំណាញ់​ចូលទៅ​លួចបាន​ម៉ា​ស៊ី​ន​ដេរ​មួយ​ដែល​នៅ​ជិត​នោះ ​និង​បើក​ធុង​ទឹកកក​ដែល​នៅខាងមុខ​នោះ​យក​ភេសជ្ជៈ​បួន​ទៅ​ប្រាំ​កំប៉ុង​ថែមទៀត​ផង។​

    ក្រោយមក​ពួកគេ​ទាំងពីរ​នាក់​បាន​ជិះ​ម៉ូតូ​របស់​ពួកគេ​ដោយ​ថែមទាំង​ដឹក​ម៉ា​ស៊ីន​ដេរ​ និង​ភេសជ្ជៈ​ដែល​ពួកគេ​បាន​លួច​យកមក​។ ខណៈពេល​កំពុងតែ​ធ្វើដំណើរ​តាមផ្លូវ​ដើម្បី​ដឹកជញ្ជូន​អីវ៉ាន់​ទាំងនោះ​យកទៅ​កន្លែង​ដែល​ពួកគេ​ស្នាក់នៅ​បម្រុង​យក​លក់​ព្រឹក​ឡើងក៏ត្រូវបាន​កម្លាំង​ប៉ូលិស​ខាងលើ​ធ្វើការ​ដេញតាម​ពីក្រោយ​ហើយ​ឃាត់​ពួកគេ​តែម្ដងទៅ។​

    ភ្លាមៗ​នោះ​អ្នក​ទាំងពីរ​ត្រូវបាន​បញ្ជូន​ទៅកាន់​ប៉ុស្ដិ៍​រដ្ឋបាល​ទឹកថ្លា​ដើម្បី​ធ្វើការ​សាកសួរ​បន្ថែម​។​

    តាម​ការបញ្ជាក់​របស់​សមត្ថកិច្ច​មូលដ្ឋាន​បានឱ្យដឹងថា ជនសង្ស័យ​ទាំងពីរ​នាក់​ឈ្មោះ តារា ចិ​ត្រា ភេទ​ប្រុស អាយុ ១៧ ឆ្នាំមុខរបរ​រើស​អឹ​ត​ចាយ ស្នាក់នៅ​ភូមិ​ថ្មគោល សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ​ ស្រុកកំណើត​ខេត្តកំពង់ធំ​ និង​ឈ្មោះ ហ៊​ន ផេ​ទ ភេទ​ប្រុស អាយុ​១៦​ឆ្នាំ មុខ​របរ រើស​អេតចាយ ស្នាក់នៅ​ដេក​តាម​សំយាបផ្ទះ​នៅក្រោយ​ផ្សារ​ជេន​យូ​រី សង្កាត់​កា​កាប ខណ្ឌ​ពោធិ៍​សែន​ជ័យ ស្រុក​កំ​ណើ ភូមិ​ព្រៃ​តា​ហ៊ូ ឃុំ​ព្រៃ​តា​ហ៊ូ ស្រុក​ស្ទឹងសែន ខេត្តកំពង់ធំ​។​

    បច្ចុប្បន្ន​ជនសង្ស័យ​ទាំងពីរ​នាក់​កំពុងតែ​កសាង​សំណុំរឿង​បញ្ជូន​ទៅកាន់​អធិការដ្ឋាន​ខណ្ឌ​សែន​សុខ​ចាត់ការ​ទៅតាម​នីតិវិធី៕


 

adverise with khmeread

មតិយោបល់