adverise with khmeread 2

ឃាត់ក្មេងទំនើង៤នាក់វាយយុវជនម្នាក់សន្លប់ឈឹង

    ភ្នំពេញ ៖ ក្មេង​ទំនើង​៤​នាក់​ក្នុងចំណោម​បក្ខពួក​៨​នាក់​ដែល​បង្ក​អំពើហិង្សា​ដោយ​ចេតនា កាលពី​នៅ​ថ្ងៃទី ១៧​មករា​២០១៦ ម៉ោង​៦​និង​៣០​នាទី​ល្ងាច​នៅ​ចំណុច ស្រះ​ទឹកមុខ​វត្ត​ជ្រោយអំពិល ភូមិ​ជ្រោយ​អំពិល ខណ្ឌ​ច្បារអំពៅ  ត្រូវបាន​ប៉ូលិស​ស្រាវជ្រាវ​ចាប់ខ្លួនបាន​កាលពី​រសៀល​ថ្ងៃទី​១៨​មករា​និង​ដកហូត​ម៉ូតូ​២​គ្រឿង​។​

    ប៉ូលិស​និយាយថា ជនសង្ស័យ​៤​នាក់​: ១-​ឈ្មោះ​ហេង សុ​ផាត់ ភេទ​ប្រុស អាយុ​១៨​ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅ ភូមិ​ដីឥដ្ឋ ឃុំ​ដីឥដ្ឋ ស្រុក​កៀនស្វាយ ខេត្តកណ្តាល មុខរបរ ជាង​កាត់កញ្ចក់ ២ -​ជនសង្ស័យ​ឈ្មោះ​ហេង លាង​ហាក់ ភេទ​ប្រុស អាយុ​១៧​ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅ​ភូមិ​ជ្រោយ​អំពិល  សង្កាត់​ក្បាលកោះ ខណ្ឌ​ច្បារអំពៅ មុខរបរ ជាង​កាត់​កញ្ចក់​៣-​ជនសង្ស័យ​ឈ្មោះ​ទិ​ត សីហា ភេទ​ប្រុស អាយុ​១៩​ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅ ភូមិ​ជ្រោយ​អំពិល សង្កាត់​ក្បាលកោះ ខណ្ឌ​ច្បារអំពៅ មុខរបរ ជាង​កាត់​កញ្ចក់​និង​៤ -​ជនសង្ស័យ​ឈ្មោះ​ផូយ​វណ្ណា​រ៉ា ភេទ​ប្រុស អាយុ​១៨​ឆ្នាំ ជនជាតិខ្មែរ ស្នាក់​នៅផ្ទះ​លេខ​៥៥ ភូមិ​ជ្រោយ​អំពិល សង្កាត់​ក្បាលកោះ ខណ្ឌ​ច្បារអំពៅ មុខរបរ​ជាង​កាត់​កញ្ចក់ ។​

   ប៉ូលិស​បន្តថា កាលពី​ថ្ងៃទី ១៧ មករា​២០១៦ ម៉ោ​ង​៦​និង​៣០​នាទី​ល្ងាច​ជនរងគ្រោះ​និង​មិត្តស្រី អង្គុយ លេង​នៅ​ចំណុចកើតហេតុ​ខាងលើ​។​ពេលនោះ​ក៏មាន​ក្រុម​ជនសង្ស័យ​មាន​គ្នា​៨​នាក់ មានឈ្មោះ​ឌី​-​ឈ្មោះ​ប៊ិច​-​ឈ្មោះ​ម៉ោ​ង -​ឈ្មោះ​ម៉ី និង​៤​នាក់​ទៀត​ខាងលើ ជិះ​ម៉ូតូ​៤​គ្រឿង បានមក​អង្គុយលេង​ជិត​ជនរងគ្រោះ រួច​មើលមុខ​ឌឺ​គ្នា​។​

    ពេលនោះ​ក្រុម​ជនសង្ស័យ​បាន​ស្ទុះ​ទៅ​វាយ​និង​ធាក់​ជនរងគ្រោះ​បណ្តាល​ឲ្យ​ដួល​លើដី​សន្លប់​បាត់ស្មារតី រួច​នាំគ្នា​គេចខ្លួន ។ ចំណែក​ជនរងគ្រោះ ត្រូវបាន​បងប្អូន​នាំទៅ​ព្យាបាល​នៅ​គ្នីនិក​ឯកជន ។​

    ប៉ូលិស​បន្តទៀតថា លុះដល់​ថ្ងៃទី​១៨​មករា​២០១៦​ម៉ោ​ង ១​និង​៣០ នាទី​រសៀល​ប៉ូលិស​បាន​ស្រាវជ្រាវ​ឃាត់ខ្លួន​បាន​បក្ខពួក​ជនសង្ស័យ​៤​នាក់​ខាងលើ នៅ​ចំណុច​ភូមិ​កើតហេតុ និងដកហូត​ម៉ូ​តូ​២​គ្រឿង មា​៉​ក​គុប​ជ្រុង​ពណ៌​ទឹកប្រាក់ ស្លាក​លេខ ឌ​7511​ភព​1 និង​ម៉ាក សង់​ប៊ិច​ពណ៌​ខៀវ​ស្លាក​លេខ​ភ្នំពេញ​1BQ-8258​។​

    បច្ចុប្បន្ន ជនសង្ស័យ​ទាំង​៤​នាក់ ឃាត់ខ្លួន បណ្តោះអាសន្ន នៅ​អធិការដ្ឋាន​ប៉ូលិស​ខណ្ឌ ច្បារអំពៅ​ដើម្បី​ចាត់ការ​បន្ត ៕​

adverise with khmeread

មតិយោបល់