ភ្នំពេញ ៖ បុរសម្នាក់ជាមន្ត្រីយោធាស្រវឹងបើករថយន្ដកាមរីឆ្លាមជ្រុលបុករនាំងដែកពុះចែកទ្រូងផ្លូវពេញទំហឹងបណ្ដាលឲ្យបាក់ចំនួនពីរផ្ទាំងហើយរថយន្ដបានព្យាយាមបើករត់គេចបានប្រហែល១០០ម៉ែត្រក៏ដាច់កាឡេកង់ខាងមុខបន្តដំណើរទៅមុខលែងរួចត្រូវប៉ូលិសឃាត់ទុក។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១០និង២៥នាទីយប់ថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៦ តាមបណ្ដោយមហាវិថីព្រះមុនីវង្សនៅចំណុចខាងមុខវត្តកោះ ស្ថិតក្នុងសង្កាត់បឹងរាំង ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
ប៉ូលិសបានឲ្យដឹងថា នៅមុនពេលកើតហេតុគេបានឃើញមានរថយន្ដមួយគ្រឿងម៉ាកកាមរីឆ្លាម ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ2P-3552 បើកបរដោយបុរសម្នាក់ឈ្មោះសុខ ថនអាយុ៤៩ឆ្នាំមុខេវេមន្ត្រីយោធាអង្គភាពអគ្គសេនាធិការស្នាក់នៅផ្ទះលេខ១០៤៥ផ្លូវជាតិលេខ២សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យស្ថិតក្នុងស្ថានភាពស្រវឹងជោកជាំ ធ្វើដំណើរតាមបណ្ដោយមហាវិថីព្រះមុនីវង្ស ទិសដៅពីត្បូងទៅជើង។
លុះមកដល់ចំណុចកើតហេតុក៏ជ្រុលទៅបុករនាំងដែកពុះចែកទ្រូងផ្លូវបណ្ដាលបាក់ដួលអស់ចំនួនពីរផ្ទាំងរងការខូចខាតហើយរថយន្ដបានព្យាយាមបើករត់គេចខ្លួនបានប្រហែល១០០ម៉ែត្រក៏ដាច់កាឡេខាងមុខផ្នែកខាងឆ្វេងបន្តដំណើរទៅមុខលែងរួចតែម្ដងទើបត្រូវបានប៉ូលិសមូលដ្ឋានឃាត់ជាប់។
ក្រោយកើតហេតុកម្លាំងប៉ូលិសជំនាញចុះមកធ្វើការវាស់វែងស្ទួចយករថយន្ដបង្កយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍រាជធានីភ្នំពេញ ដើម្បីរងចាំដោះស្រាយនៅពេលក្រោយ៕
