ហ្វាំ​ង​ឡង់​នឹង​ក្លាយជា​ប្រទេស​ទីមួយ​លើ​ពិភពលោក ដែល​លុបមុខ​វិជ្ជា​សិក្សា​ចោល​ទាំងអស់​ក្នុង​ប្រព័ន្ធ​អប់រំ​ថ្មី សម្រាប់​សិស្ស​អាយុ ១៦ ឆ្នាំ​ឡើង​! រូបមន្ត​ថ្មី​ប្លែក​អស្ចារ្យ​មិន​នឹកស្មាន​ដល់​

    ​ប្រព័ន្ធ​អប់រំ​របស់​ប្រទេស​ហ្វាំ​ង​ឡង់​ត្រូវបាន​ចាត់ទុកថា ជា​ប្រព័ន្ធ​អប់រំ​ដ៏​ល្អ​ជាងគេ​មួយ​នៅលើ​ពិភពលោក​។ នៅក្នុង​ការចាត់​ចំណាត់ថ្នាក់​អន្តរជាតិ ហ្វាំ​ង​ឡង់​តែង​ឈរ​នៅ​លំដាប់​កំពូល​ទាំង ១០ រហូត​។ ទោះយ៉ាងណា អាជ្ញាធរ​នៅ​ទីនោះ​មិនទាន់​ត្រៀមខ្លួន​ផ្តេកផ្តួល​ស៊ី​ជោរ​លើ​កិត្តិនាម​ប្រព័ន្ធ​អប់រំ​របស់ខ្លួន​ទេ​។ ពួកគេ​ឥឡូវ​បានសម្រេច​ចិត្ត​ធ្វើ​បដិវត្តន៍​ពិតប្រាកដ​ក្នុង​ប្រព័ន្ធ​អប់រំ​របស់ខ្លួន​ហើយ​។​

​    ​មន្ត្រី​ហ្វាំ​ង​ឡង់​ចង់​លុបចោល​មុខវិជ្ជា​ពី​កម្មវិធីសិក្សា​ទាំងអស់​តែម្តង​។ អ៊ីចឹង​នៅពេល​ខាងមុខ​ពួកគេ​នឹង​លែងមាន​ថ្នាក់​រូបវិទ្យា គណិតវិទ្យា អក្សរសាស្ត្រ ប្រវត្តិសាស្ត្រ ឬក៏​ភូមិវិទ្យា​ទៀតហើយ​។​

​    ​ប្រធាន​នាយកដ្ឋាន​អប់រំ​នៅ​ទីក្រុង Helsinki អ្នកស្រី Marjo Kyllonen បាន​ចេញមក​ពន្យល់​អំពី​ការផ្លាស់ប្តូរ​នេះ​។ គាត់​បាន​និយាយថា "​មាន​សាលា​ជាច្រើន​កំពុង​បង្រៀន​តាមរបៀប​ចាស់គំរឹល​ដែល​ធ្លាប់​ផ្តល់​ប្រយោជន៍​នៅ​ដើម​សតវត្សរ៍ ១៩០០ ប៉ុន្តែ​តម្រូវ​ការមិន​ដូចគ្នា​ឡើយ យើង​ត្រូវការ​អ្វីដែល​បន្ស៊ី​សម្រាប់​សតវត្សរ៍​ទី ២១ នេះ​"​។​

​    ​ជំនួស​ឱ្យ​ការបង្រៀន​មុខវិជ្ជា​នីមួយៗ សិស្ស​ទាំងឡាយ​នឹងសិក្សា​អំពី​ព្រឹត្តិការណ៍ និង​បាតុភូត​តាម​រូបមន្ត​ដែលមាន​វិន័យ​សិក្សា​ច្រើន​។ ឧទាហរណ៍ បើ​សិស្ស​ចង់​សិក្សា​អំពី​សង្គ្រាមលោក​ទី​ពីរ គឺ​ត្រូវ​សិក្សា​លម្អិត​ចេញពី​ទស្សនាទាន​នៃ​ប្រវត្តិសាស្ត្រ ភូមិសាស្ត្រ និង​គណិតវិទ្យា​។ ពេល​រៀន​អំពី​ព្រឹត្តិការណ៍​និង​បាតុភូត​ទាំងនេះ​នៅតាម​ហាង​កាហ្វេ "​សិស្ស​នឹង​ស្រូបយក​ចំណេះដឹង​ទូទៅ​ទាំង​អំពី​ភាសា​អង់គ្លេស សេដ្ឋកិច្ច និង​ជំនាញ​ទំនាក់ទំនង​"​។​

​    ​ប្រព័ន្ធ​នេះ​នឹង​ណែនាំ​សម្រាប់​សិស្ស​ជាន់ខ្ពស់​ដោយ​ចាប់ផ្តើម​ពី​អាយុ ១៦ ឆ្នាំ​ឡើង​។ គំនិត​ទូទៅ​នោះ​គឺថា​សិស្ស​គួរតែ​ជ្រើស​ប្រធានបទ ឬក៏​បាតុភូត ដែល​ពួកគេ​ចង់​សិក្សា​ដោយ​ខ្លួនឯង ដោយ​ត្រូវ​ចងចាំ​ក្នុង​ចិត្ត​របស់​ពួកគេ​អំពី​មហិច្ឆតា​ដើម្បី​អនាគត និង​សមត្ថភាព​របស់​ពួកគេ​។ តាន​វិធី​នេះ គ្មាន​សិស្ស​ណា​ត្រូវ​ឆ្លងកាត់​វគ្គ​រូបវិទ្យា ឬ​គីមីវិទ្យា​នោះឡើយ ស្របពេល​ពួកគេ​តែង​គិតថា "​តើ​ខ្ញុំ​ត្រូវ​ចេះ​មុខវិជ្ជា​ទាំងនេះ​ដើម្បី​អ្វី​?"​។​

​    ​រូបមន្ត​នៃ​ការទំនាក់ទំនង​រវាង​សិស្ស​និង​គ្រូ​ដែល​ប្រើ​សព្វថ្ងៃ​ក៏​នឹង​ផ្លាស់ប្តូរ​ផងដែរ​។ សិស្ស​នឹងមិន​ចាំបាច់រ​ង់​ចាំ​ទាំង​អន្ទះសារ​ដើម្បី​បាន​ឆ្លើយ​នូវ​សំណួរ​ដែល​បាន​សួរ​ទៀតឡើយ ផ្ទុយទៅវិញ​ពួកគេ​នឹង​ធ្វើការ​ជាមួយគ្នា​ជា​ក្រុម​តូចៗ​ដើម្បី​ពិភាក្សា​បញ្ហា​។​

​    ​ប្រព័ន្ធ​អប់រំ​ហ្វាំ​ង​ឡង់​លើកទឹកចិត្ត​ការងារ​ស​មូ​ហ​ភាព ដែល​នេះ​ជា​មូល​ហេតុដែល​ការផ្លាស់ប្តូរ​នេះ​ក៏​នឹង​ប៉ះពាល់​ដល់​គ្រូបង្រៀន​ដែរ​។ កំណែទម្រង់​សាលា​នឹង​តម្រូវឱ្យមាន​កិច្ចព្រមព្រៀង​ដ៏​ធំ​នៃ​កិច្ចសហប្រតិបត្តិការ​រ​វាង​គ្រូ​នៃ​មុខវិជ្ជា​ផ្សេងៗ​។ គ្រូបង្រៀន​ជាង ៧០ ភាគរយ​ក្នុង​ទីក្រុង Helsinki បាន​អនុវត្ត​ការងារ​ត្រៀមខ្លួន​រួចជាស្រេច​ទៅហើយ​ដើម្បី​សម្រប​ខ្លួន​ទៅនឹង​ប្រព័ន្ធ​អប់រំ​ថ្មី​នេះ ហើយ​ពួកគេ​ក៏​នឹង​ទទួលបាន​ប្រាក់ខែ​ខ្ពស់ជាង​មុន​ផងដែរ​។​

​    ​ការផ្លាស់ប្តូរ​នឹងត្រូវ​រំពឹងថា​នឹង​រួចរាល់​នៅ​ឆ្នាំ ២០២០៕

ប្រភព៖ឞរទេស

1 adverise with khmeread

អ្នកនឹងចូលចិត្ត

Loading ad ...