រថយន្ត​បា​ឡែ​ន​មួយគ្រឿង បើក​លឿន​គេច​ពី​រថយន្ត​ដឹក​សំរាម​ ជ្រុល​បុក​របាំង​ថ្ម​ពុះ​ចែក​ទ្រូងផ្លូវ​ខ្ទេច

    ភ្នំពេញ ៖ រថយន្ត​ម៉ាក​កាមរី​ (​បា​ឡែ​ន​)​ មួយគ្រឿង សង្ស័យ​អ្នកបើកបរ​ស្រវឹង បើកគេច​ពី​រថយន្ត​ដឹក​សំរាម កំពុងបើក​ឆ្លងផ្លូវ​ជ្រុល​ចង្កូត​ទៅបុក​របាំង​ថ្ម​ពុះ​ចែក​ទ្រូងផ្លូវ បណ្តាលឱ្យ​រង​ការខូចខាត​ទាំង​ថ្ម​ និង​រថយន្ត​ខ្ទេច​ផ្នែក​ខាងមុខ​ទៅមុខ​លែងរួច​។​

    គ្រោះថ្នាក់​នេះ កើតឡើង​កាលពី​វេលា​ម៉ោង​១១​ និង​៥០​នាទី​យប់​ថ្ងៃទី​១២ ​ខែធ្នូ ២០១៦ នៅតាម​បណ្តោយ​ផ្លូវ ២១៥ មុខ​ផ្សារ​ដេប៉ូ ស្ថិតក្នុង​សង្កាត់​ផ្សារ​ដេប៉ូ​១ ខណ្ឌទួលគោក​។​

    សាក្សី​ពី​កន្លែងកើតហេតុ​បានឱ្យដឹងថា នៅ​មុនពេល​កើតហេតុ គេ​ឃើញ​រថយន្ត​ដឹក​សំរាម​ក្រុមហ៊ុន​ស៊ិន​ទ្រី បើក​ចេញពី​ម្តុំ​បុរី​កីឡា ឆ្លង​ចូល​ផ្លូវ​១៥៦ ក្នុងទិសដៅ​ពី​កើ​តទៅ​លិច​។​

    ខណៈ​ឆ្លង​ដល់​ពាក់​កណ្តាលផ្លូវ​ក៏មាន​រថយន្ត​កាមរី​ (​បា​ឡែ​ន​)​ មួយគ្រឿង​ពណ៌​ទឹកមាស​ពាក់​ស្លាក​លេខ​ភ្នំពេញ 2O-4526 បើកបរ​ដោយ​បុរស​ម្នាក់​រួម​ដំណើរ​ជាមួយ​បុរស​ម្នាក់ទៀត តាម​បណ្តោយ​ផ្លូវ​២១៥  ក្នុងទិសដៅ​ពី​ជើង​ទៅ​ត្បូង បាន​វ៉ា​ក​អ៊ើ​ជាមួយ​រថយន្ត​ដឹក​សំរាម បាន​បួង​ចង្កូត​មក​ឆ្វេង​ដៃ​ជ្រុល​ទៅបុក​របាំង​ថ្ម ពុះ​ចែក​ទ្រូងផ្លូវ​ពេញទំហឹង​បណ្តាលឱ្យ​រថយន្ត​ស្រុញ​មួយ​កំណាត់​មុខ និង​ផ្ទុះ​ពោង​ការពារ​សុវត្ថិភាព​ទាំង​២ និង​ខូចខាត​របាំង​ថ្ម​២​កង់ ហើយ​ក្រោយ​កើតហេតុ​ភ្លាមៗ ម្ចាស់​រថយន្ត​និង​អ្នករួមដំណើរ​គេចខ្លួន​ចេញពី​កន្លែងកើតហេតុ​។​

    ក្រោយពេល​កើតហេតុ សមត្ថកិច្ច​មូលដ្ឋាន​បាន​ទៅ​កន្លែងកើតហេតុ​ និង​បាន​រាយការណ៍​ទៅ​ជំនាញ​ចរាចរណ៍​ក្រុង​ចុះមក​មក​វាស់វែង​ស្ទួ​ច​យក​រថយន្ត​ទៅ​រក្សាទុក​នៅ​កា​រិ​យា​ល័​យចរាចរណ៍​ផ្លូវគោក​រាជធានី​ភ្នំពេញ ដើម្បី​រងចាំ​ម្ចាស់​ចូលខ្លួន​មក​ដោះស្រាយ៕


1 adverise with khmeread

មតិយោបល់