លោកយាយ​ចាស់ជរា​ម្នាក់​មាន​ប្លង់​ស្លាបមាន់​ហើយ​ចាញ់ក្តី​ប្រឈម​នឹង​ការ​រឹបអូស​យក​ដី​គាត់​តាម​អំណាច​សាលដីកា​និង​អត់​កន្លែង​រស់នៅ​

    កំពង់ចាម ៖ បញ្ហា​ទំនាស់​ដីធ្លី មួយចំនួន​ដែល​ក្លាយ​ពី "​ស​ជា​ខ្មៅ ខ្មៅ​ជាស" ​នៅតែមាន​បញ្ហា​ប្រឈម​ និង​ជា​កង្វល់​របស់​ប្រជាពលរដ្ឋ​ក្រីក្រ ក្នុងសង្គម​ខ្មែរ​បច្ចុប្បន្ន​ដោយ​កើតឡើង​ដោយ​កត្តា​ជាច្រើន ដែល​អាជ្ញាធរ រួមជាមួយ​ស្ថាប័ន​យុត្តិធម៌​ប្រកាន់យក​ដំណោះស្រាយ​ឱ្យបាន​ត្រឹមត្រូវ។​

    លោកយាយ​ចាស់ជរា​ម្នាក់​ដែល​ដី​របស់គាត់​មាន​ប្លង់​ស្លាបមាន់ ​ឬ​ប្លង់រឹង​ហើយ​បែរជា​ចាញ់ក្តី​ប្រឈម​នឹង​ការ​រឹបអូស​យក​ដី​គាត់​តាម​អំណាច​សាលក្រម​ និង​អត់​កន្លែង​រស់នៅ បើសិន​អាជ្ញាធរ​មូលដ្ឋាន​អនុវត្ត​សាលក្រម​ខាងលើ នៅ​ថ្ងៃ​១៥​ ធ្នូ​ខាងមុខនេះ។​

    ដី​និង​ផ្ទះ​របស់​លោកយាយ​មាន​ទីតាំង​ស្ថិតនៅតាម​ផ្លូវជាតិ​លេខ​៦ ភូមិ​-​ឃុំ​ផ្អាវ ស្រុក​បាធាយ ខេត្តកំពង់ចាម។​

    នេះ​ជា​លើក​ទី​២ ហើយ ដែល​សាលាដំបូង​ខេត្តកំពង់ចាម បានចេញ​លិខិត​ជូនដំណឹង​ឱ្យ​អនុវត្ត​បំបែក​ប័ណ្ណ​សំគាល់​សិទ្ធិ​កាន់កាប់​ប្រើប្រាស់​ដីធ្លី របស់​លោកយាយ​ចាស់ជរា​ម្នាក់ ទៅឱ្យ​ដើមបណ្តឹង​ដែល​ពុំមាន​ប័ណ្ណ​សំគាល់​សិទ្ធិ​កាន់កាប់​ប្រើប្រាស់​ដីធ្លី ជា​អ្នក​ឈ្នះក្តី ដែល​នឹង​ធ្វើឱ្យ​លោកយាយ​ជរា​រូបនេះ គ្មាន​កន្លែង​រស់នៅ​ពិតប្រាកដ និង​គ្មាន​ទីពឹង​ស្នាក់អាស្រ័យ។​

    លោកយាយ ឡោ លន់ អាយុ​៨៥​ឆ្នាំ រស់នៅ​ភូមិ​ផ្អាវ ឃុំ​ផ្អាវ ស្រុក​បាធាយ ខេត្តកំពង់ចាម បានលើកឡើង​ប្រាប់​ក្រុម​សារព័ត៌មាន នៅ​ថ្ងៃទី​១២ ខែធ្នូ ឆ្នាំ​២០១៦​ម្សិលមិញ​ថា "​លោកយាយ​ជា​ស្ត្រី​មេម៉ាយ បានរស់នៅ​ក្នុងភូមិ​ឃុំ​ខាងលើនេះ តាំងពី​ឆ្នាំ​១៩៧៩ ​មកម្ល៉េះ ដោយ​រូបគាត់​មក​កាប់​ឆ្ការព្រៃ​ដើម្បី​រុក​រា​ន្ត​ធ្វើ​លំនៅឋាន​រស់នៅ​ទីនេះ តាំងពី​ម្តុំ​នេះ​មានព្រៃ​ក្រាស់ គឺមាន​តែ​ពីរ​គ្រួសារ​នោះទេ មក​រស់នៅ​ទីនេះ​ដំបូង​"។​

    លោកយាយ​បន្តថា បន្ទាប់មក​មាន​ប្រជាជន​ចេះតែ​ចាប់ដី​រស់​ដើម្បី​ធ្វើ​លំនៅឋាន​រស់នៅ ជា​ហូរហែរ។ មកដល់​សម័យ​រដ្ឋ​កម្ពុជា រដ្ឋ​បានសម្រេច​ចិត្ត​គ្រប់គ្រង​ដី​បង្កបង្កើនផល និង​ដី​លំនៅឋាន មកជា​ឯកជន ភា​វូ​នីយកម្ម បានន័យថា​ក្នុង​១៩៩២ រដ្ឋ​បាន​បង្កើតជា​ក្រុមការងារ​ចុះ​វាស់វែង មាន​រដ្ឋអំណាច​ភូមិ ឃុំ និង​ការិយាល័យ សូ​រិ​យោ​ដី ចុះ​វាស់ដី​នៅតាម​ភូមិ​ឃុំ ចែកជូន​ដល់​ប្រជាពលរដ្ឋ រួច​បានផ្តល់​ប័ណ្ណ​សម្គាល់​សិទ្ធិ​កាន់កាប់​ប្រើប្រាស់​ដីធ្លី​គ្រប់ៗ​គ្នា។​

    លោកយាយ​បាន​បន្តថា ក្រោយពី​រដ្ឋ​បានផ្តល់​ប័ណ្ណ​សម្គាល់​សិទ្ធិ​កាន់កាប់​ប្រើប្រាស់​ដីធ្លី​រួចមក គាត់​បានរស់នៅ លើដី​នេះ​យ៉ាង​សុខសាន្ត អស់​រយៈពេល ​១៧​ ឆ្នាំ​ក្រោយមក គឺ​នៅក្នុង​ឆ្នាំ​២០០៩ ស្រាប់តែ​មានឈ្មោះ ឆេ ស៊ីម ដែលជា ដើមបណ្តឹង​មក​ចោទប្រកាន់ថា រូបលោក​យាយ​ជា​អ្នក​លួច​ធ្វើ​ប័ណ្ណ​សំគាល់​សិទ្ធិ ដោយ​ឃុបឃិត​ជាមួយ​ខាង​សូ​រិ​យោ​ដី​ស្រុក​ទៅវិញ រហូត​មានការ​ប្តឹងផ្តល់ ធ្វើឱ្យ​រូបគាត់​ចាញក្តី​យ៉ាង​អយុត្តិធម៌​។​

    ចំណែក​ដើមបណ្តឹង​ឈ្មោះ ឆេ ស៊ឺ​ម បានលើកឡើង​នៅក្នុង​កំណត់ហេតុ នៃ​នីតិវិធី​ត្រៀម​សម្រាប់​ទាញហេតុផល រឿងក្តី​នោះ​ថា "​ជា​ដី​របស់គាត់​កាន់កាប់​តាំងពី​ឆ្នាំ​១៩៨០ ដល់​ឆ្នាំ​១៩៨២ គាត់​បានឱ្យ​ឈ្មោះ ម៉ា យី​ម ខ្ចី​ធ្វើ​ផ្ទះ រហូតដល់​ឆ្នាំ ១៩៨៧ គាត់​បាន​គ្រប់គ្រង​ដី​នេះ​វិញ ដោយ​រូបគាត់​បាន​បើក​ដេប៉ូ​លក់​ឈើ។​

    ចំណែក​នៅក្នុង​ចន្លោះ​ឆ្នាំ​១៩៨៥ ដល់ ១៩៩១ សាលាឃុំ​បាន​ខ្ចី​ដី​របស់គាត់​ធ្វើ​សាលា​​ម​តេ្ត​យ្យ នៅខាងមុខ​រោង​លក់​ឈើ​របស់គាត់​។ ដល់​ឆ្នាំ​១៩៩០ គឺ​ម្តាយ​របស់ គាត់ បាន​សុំ​សាលាឃុំ​ឱ្យ​រុះរើ​សាលា​ម​តេ្ត​យ្យ​នេះ​ចេញ​វិញ។​

    សម្រាប់​បញ្ហា​ការធ្វើ​ប័ណ្ណ​សម្គាល់​សិទ្ធិ​កាន់កាប់​ប្រើប្រាស់​ដីធ្លី​នេះ ដើមបណ្តឹង​ឈ្មោះ ឆេ ស៊ឺ​ម បាន​លើកឡើងថា គាត់​បានឱ្យ​ភូមិបាល​វាស់វែង​ដែរ ប៉ុន្តែ​ខាង​សូ​រិ​យោ​ដី​មិន​បានចេញ​ប្លង់​ឱ្យ​នោះទេ ដោយ​សម្អាងថា​ស្តេច​ចូល​ស្រុក។​

    ពាក់ព័ន្ធ​នឹង​ការធ្វើ​ប័ណ្ណ​សម្គាល់​នេះ លោក ឈាង គីម​អាង ប្រធានការិយាល័យ​រៀបចំ​ដែនដី នគរូបនីយកម្ម និង សំណង់​ស្រុក​បាធាយ បាន​ថ្លែងថា ប័ណ្ណ​សំគាល់​សិទ្ធិ​កាន់កាប់​ប្រើប្រាស់​ដីធ្លី ដែល​ហៅថា​ប្លង់​ស្លាបមាន់ គឺ​បានប្រកាស​ចេញ ឱ្យ​ប្រជាពលរដ្ឋ​ប្រើប្រាស់ តាំងពី​ឆ្នាំ​១៩៩២​ មកម្ល៉េះ គឺជា​ប័ណ្ណ​ត្រឹមត្រូវ​ពិតប្រាកដ ដែល​ប្រជាពលរដ្ឋ​នៅ​ស្រុក​បាធាយ បានទទួល​ប័ណ្ណ​នេះ​ស្ទើ​គ្រប់ៗ​គ្នា។​

    ចំណែក​ក្រុមការងារ​ចុះ​វាស់វែង លោក​ ឈាង គីម​អាង បាន​បញ្ជាក់ថា ឈ្មោះ ឆេ ស៊ីម ពិតជា​មិនបាន​វាស់វែង​ធ្វើ​ប័ណ្ណ សម្គាល់​សិទ្ធិ​កាន់កាប់​ប្រើប្រាស់​ដីធ្លី​នេះ​ពិតប្រាកដ​មែន។ ​ព្រោះ​ពេលនោះ ឆេ ស៊ីម បានមក​ប្រាប់​គាត់​ថា ដី​គាត់​នៅ​ម្តុំ​នេះ ផងដែរ។ ​ពេលនោះ​រូបគាត់ (​ឈាង គីម​អាង​) បាន​ប្រាប់ថា បើ​ចង់​ប្តឹង​គឺអាច​ប្តឹង​បាន នៅពេល​ក្រុមការងារ​កំពុង​វាស់វែង ឬ​នៅពេល​កំពុង​បិត​ប្រកាស ដែលមាន​សុពលភាព​រយៈពេល​១​ខែ​ទុកឱ្យ​តវ៉ា​។​

    ប៉ុន្តែ​ឈ្មោះ ឆេ ស៊ីម គឺ​ពុំបាន​ទៅប្តឹង​នោះទេ រហូតដល់​រយៈពេល​ជិត​២០​ឆ្នាំ ទើប​ឮឈ្មោះ ឆេ ស៊ីម មក​ប្តឹងផ្តល់​គ្នា​ជាមួយ​ឈ្មោះ ឡោ លន់​ទៅវិញ។​

    ពាក់ព័ន្ធ​នឹង​នេះ​ផងដែរ ស្ត្រី​ឈ្មោះ យ៉ែម ឡឹង អាយុ​៥៥​ឆ្នាំ​ជា​ប្រជាពលរដ្ឋ​រស់នៅក្នុង​ភូមិ​ផ្អាវ ឃុំ​ផ្អាវ​ដែលជា​សាក្សី​ម្នាក់​បានឱ្យដឹងថា បែក​ពី​សម័យ ប៉ុល ពត​មក មានតែ​គ្រួសារ​គាត់ ​និង​គ្រួសារ​លោកយាយ ឡោ លន់​ ទេ​មក​រស់នៅ​ទីនេះ​មុនគេ ដោយ​ត្រួសត្រាយ ព្រៃ​រស់នៅ​ទីនេះ។ ​ចំណែក​ឈ្មោះ ឆេ ស៊ីម វិញ​គឺ​គាត់​ពុំដែល​ឃើញ​រស់នៅ​ម្តុំ​នេះឡើយ។ ចំណែក ឈ្មោះ ​ឆេ ស៊ីម ថា​គាត់​បាន ជួល​ដី​ឱ្យ​អ្នកណា​ឬ​លក់​ឈើ​នោះ គឺ​គាត់​ពុំ​ដឹង​នោះឡើយ។​

    ចំណែក​ឈ្មោះ ឆេ ស៊ីម ថា ខាង​សាលាឃុំ​ខ្ចី​ដី​ធ្វើ​សាលា ម​ត្តេ​យ្យ ឬ​ខាង​សាលាឃុំ​មក​ធ្វើ​ដោយ​ខ្លួន​នោះ គឺ​គាត់​ពុំ​ដឹង​នោះដែរ ដោយ​គ្រាន់តែ​ដឹងថា នៅពេល​សាងសង់​សាលា ម​ត្តេ​យ្យ​នោះ មិនមែន​នៅលើ​ដី​ឈ្មោះ ឡោ លន់ នោះឡើយ គឺ​នៅ​ខាងលិច​ជាប់​នឹង​របង​ដី​ឈ្មោះ​ឡោ លន់​រស់នៅ​សព្វថ្ងៃ នេះ ។​

    ទាក់ទិន​នឹង​បញ្ហា​ទំនាស់​នេះ លោកស្រី ជួប សុគន្ធ មេឃុំ​ផ្អាវ បាន​ថ្លែងថា រូបគាត់​ពុំបាន​ដឹង​ទំនាស់​ដីធ្លី រវាង​ឈ្មោះ ឆេ ស៊ីម និង​ឈ្មោះ ឡោ លន់​នោះទេ ព្រោះ​មានរឿង​ក្តីក្តាំ​រវាង​ភាគី​ទាំងពីរ កាលពី​លោកស្រី​ពុំទាន់​ឡើង​ធ្វើជា​មេឃុំ​មកម្ល៉េះ។​

    ជុំវិញ​បញ្ហា​នេះ លោកយាយ ឡោ លន់ ក៏បាន​ថ្លែង​នូវ​ការអំពាវនាវ​ដល់​អ្នក​ច្បាប់​ជាតិ​-​អន្តរជាតិ និង​អង្គការ​ស៊ីវិល​នានា ជាពិសេស​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ជួយផ្តល់​ និង​ជួយ​រក​ការខុស​ត្រូវឱ្យ​រូបគាត់​ដែលជា​ជន​ចាស់ ជរា​គ្មាន​ទីពឹង​នេះ​ផង ព្រោះ​រូបគាត់​ពុំមាន​ទីស្នាក់អាស្រ័យ​ក្រៅពី​លើដី​របស់ខ្លួន​នេះឡើយ។​

    សូម​រំលឹកថា នេះ​ជា​លើក​ទី​២​ហើយ ដែល​សាលាដំបូង​ខេត្ត​កំពង​ចាម​នឹង​ចុះ​អនុវត្ត​សាលក្រម លើដី​ដែលមាន ប័ណ្ណកម្មសិទ្ធិ​កាន់កាប់​ប្រើប្រាស់​ដីធ្លី​លេខ I70129 ចុះ​ថ្ងៃទី 22-9-192  របស់​ឈ្មោះ ឡោ លន់ ដោយ​បំបែក​ចេញពី​ប័ណ្ណ កម្មសិទ្ធិ​នេះ​ក្នុង​ទំហំ ៤,៨X៤៣​ ម៉ែត្រ ត្រូវ​ជាង​១០០​ម៉ែត្រការ៉េ នៅក្នុង​ទំហំ​សរុប​៦៧៣​ម៉ែត្រការ៉េ។​

    បន្ទាប់ពី​ការចុះ​អនុវត្តន៍​សាល ក្រម​លើក​ទី​១​កាលពី​ឆ្នាំ​២០១៣​មិនបាន​សម្រេច ព្រោះ​ដោយហេតុថា​ភាគី​ចុងចោទ បាន​សង់រោង​សម្រាប់​លក់ដូរ​នៅទីនេះ អស់​រយៈពេល ច្រើន​ឆ្នាំ​មកហើយ។ ​បច្ចុប្បន្ន​រោង​នេះ​ស្ថិតនៅ​លើដី​ចំណីផ្លូវ​របស់​រដ្ឋ ក្រោយពី​មានការ​វាស់វែង នៅពេលដែល​មានទំនាស់ រវាង​ភាគី​ទាំងពីរ ក្នុង​ប្រវែង​២៥​ម៉ែត្រ​ចាប់ពី​អ័ក្ស​កណ្តាល​ទ្រូងផ្លូវ​មក។​

    ចំណែក​ការចុះអនុវត្ត​សាលក្រម​លើក​ទី​២ របស់ សាលាដំបូង​ខេត្តកំពង់ចាម នៅ​ថ្ងៃទី​១៥ ខែធ្នូ ឆ្នាំ​២០១៦​ខាងមុខនេះ គឺ​គ្រោង​ចុះ​អនុវត្ត​ទាំង​ដី​ដែល​ចាត់ទុកថា ដី​ដែលមាន​ទំនាស់ និង​ដី​ចឹ​ញ្ចើ​ម​ផ្លូវ​តែម្តង៕

adverise with khmeread