adverise with khmeread 25

រឿង​ពិត​របស់​រ៉ុក្កែត SapceX ចុះចត​បី​លើក​ផ្ទុះ​ឆេះ​ទាំងបី​លើក​

​    ​នេះ​គឺជា​ទិដ្ឋភាព​គួរឱ្យ​ចាប់អារម្មណ៍​មួយ ដែល​យាន​រ៉ុក្កែត SapceX Falcon 9 របស់លោក Elon Musk បាន​បរាជ័យ​ក្នុងការ​ចុះចត​នៅ​មហាសមុទ្រ​ជា​លើក​ទី​បី មុនពេល​ដាំ​ក្បាល​ចុះ​រួច​ផ្ទុះ​ឆេះ​។  

​    ​ខ្សែអាត់​វីដេអូ​ដែល​ថត​ពី​កន្លែង​ចុះចត​យាន​កាលពី​ថ្ងៃ​ចន្ទ​ម្សិលមិញ​នេះ​បានបង្ហាញ យាន​រ៉ុក្កែត​នេះ​ព្យាយាម​ធ្វើការ​ចុះចត មុនពេល​ជើងទ្រ​មួយ​របស់​វា​ខូច ដែល​បណ្តាលឱ្យ​យាន​នេះ​ដាំ​ក្បាល​ចុះមក​ក្រោម​។ យាន​រ៉ុក្កែត​ប្រវែង ៧០ ម៉ែត្រ​នេះ​បន្ទាប់មក​បាន​ដួល​ទៅលើ​ទីតាំង​ចុះចត​នៅ​កណ្តាល​មហាសមុទ្រ​ប៉ា​ស៊ី​ហ្វិ​ច មុនពេល​ផ្ទុះ​កម្ទេច​យាន​នេះ​ទាំងស្រុង​។ 

​    ​ក្នុង Post មួយ​នៅលើ Instagram អម​ជាមួយនឹង​វីដេអូ លោក Musk បាន​ពន្យល់​បកស្រាយ​ថា ជើង​មួយ​ក្នុងចំណោម​ជើងទ្រ​ជាច្រើន​ខកខាន​ពុំបាន​ចូល​ឱ្យ​ត្រូវ​កន្លែង​របស់​វា​ទេ ហេតុនេះហើយ​ទើប​បណ្តាលឱ្យ​រអិល​ធ្លាក់​យាន​រ៉ុក្កែត​នេះ​ចេញពី​ជើង​ទម្រ​របស់​វា​តែម្តង​។ 

​    ​ឆ្លើយ​ទាក់ទង​នឹង​ការសន្និដ្ឋាន​នានា​ជុំវិញ​កំហុស​បច្ចេកទេស​នេះ លោក Musk បាន​បន្ថែមថា "​មូលហេតុ​ដំបូងបង្អស់​អាចមកពី​ការកើនឡើង​នៃ​ទឹកកក​ច្រើនពេក​ដោយសារតែ​ការចុះ​អ័ព្ទ​ដ៏​ខ្លាំង​ពេល​លើក​យាន​នេះ​ឡើងវិញ​"​។ 

​    ​រ៉ុក្កែត ដែល​ចាក​ចេញពី​មូលដ្ឋាន​ទ័ពអាកាស Vandenberg Air Force Base នៅ​រដ្ឋ​កាលីហ្វ័រ​ញ៉ា នា​ម៉ោង ១:៤២ នាទី​ល្ងាច (​ម៉ោង​នៅ​លោក​ខាងកើត​) ដំបូង​បានដាក់​ផ្កាយរណប​ពិនិត្យ​អាកាសធាតុ​ទៅក្នុង​ដង​តារាវិថី​។ បន្ទាប់​មកវា​បាន​បក​មកវិញ​ដើម្បី​ចុះចត​នៅលើ​ទីតាំង​ក្នុង​មហាសមុទ្រ​ប៉ា​ស៊ី​ហ្វិ​ច​។​

​     ប៉ុន្តែ​នៅ​ម៉ោង ២:០៧ នាទី ល្ងាច ក្រុមហ៊ុន SpaceX បាន​សរសេរ​លើ Twitter ថា "​ដំណាក់កាល​ដំបូង​ក្នុង​ការចុះ​ឱ្យចំ​គោលដៅ​លើ Droneship (​កន្លែង​ចុះចត​រ៉ុក្កែត​ក្នុង​មហាសមុទ្រ​) ប៉ុន្តែ​មើលទៅ​វា​ដូចជា​ពិបាក​ចុះចត ហើយ​ដូចជា​ខូច​ជើង​ចុះចត​មួយ​"​។ 

​    ​នេះ​គឺជា​បរាជ័យ​ចុះចត​លើ​ទី​បី​ហើយ​សម្រាប់​កម្មវិធី SpaceX របស់លោក Musk  ជាមួយ​រ៉ុក្កែត​ពីរ​ទៀត​លើក​មុន​ក៏បាន​ផ្ទុះ​ឆេះ​ដូចគ្នា​ផងដែរ ពេលធ្វើការ​ចុះចត​៕ 

 

adverise with khmeread
ប្រភព៖ ដេលីមែល

មតិយោបល់