​និស្សិត​ស្រី​ម្នាក់នេះ​ត្រូវ​ធនាគារ​ច្រឡំ​ផ្ទេរ​លុយ​ជិត ៥ លាន​ដុល្លារ​ចូល​គណនី​របស់​នាង ហើយ​ឥឡូវ​ចាយ​អស់ហើយ​

​    ​និស្សិត​ម៉ាឡេស៊ី​ម្នាក់​ដែល​ត្រូវបាន​ចោទប្រកាន់​ពីបទ​ចំណាយលុយ ៤,៦ លាន​ដុល្លារ​លើ​របស់​ថ្លៃៗ​បន្ទាប់ពី​ធនាគារ Westpac ច្រឡំ​ប្រគល់​សិទ្ធិ​ដល់​គណនី​របស់​នាង​ចាយវាយ​ឥត​កំណត់ ពុំ​ត្រូវបាន​រកឃើញ​ទោសកំហុស​នោះទេ​។​

​    ​នាង Christine Jiaxin Lee បាន​មកដល់​តុលាការ Downing Centre Court ក្នុង​ទីក្រុង Sydney នៅ​ពីថ្ងៃ​អង្គារ​នេះ​ដោយ​ស្លៀកពាក់​ខោ​ខូវប៊យ មួក Monster និង​ស្បែកជើង​ក្រណាត់​ដ៏​ឡូយឆាយ​។​

​    ​មេធាវី​របស់​កញ្ញា​វ័យ ២១ ឆ្នាំ​រូបនេះ​ឈ្មោះ Hugo Aston បាន​ប្រាប់ Daily Mail Australia ថា ពួកគេ​នឹង​ការពារ​ដាច់អហង្ការ​ចំពោះ​ការចោទប្រកាន់​ទទួល​លុយ​មិន​ស្មោះត្រង់​ដោយ​ការបោកប្រាស់ ទោះ​ដឹង​ត្រូវ​ប្រឈម​បទល្មើស​ព្រហ្មទណ្ឌ​។​

​    ​លោក Aston បាន​និយាយថា "​យើង​មាន​ជំនឿ​ចិត្ត​មុតមាំ​ដែលថា​កូនក្តី​របស់​យើង​នឹង​ត្រូវបាន​កាត់​ឱ្យ​រួចខ្លួន​"​។ 

​    ​លោក​បាន​បន្តថា គ្រួសារ​របស់​នាង​បានធ្វើ​ដំណើរ​ពី​ប្រទេស​ម៉ាឡេស៊ី​ដើម្បី​គាំទ្រ​នាង​អំពី​បញ្ហា​នេះ​។ ទោះយ៉ាងណា​គ្រួសារ​របស់​នាង​មិនបាន​ស្ថិតក្នុង​តុលាការ​នៅ​ថ្ងៃ​អង្គារ​នេះ​ទេ​។​

​    ​កញ្ញា Lee មាន​គម្រោង​ត្រឡប់​ទៅ​ប្រទេស​ម៉ាឡេស៊ី​វិញ​ពេល​បញ្ចប់​ករណីនេះ​រួច​។​

​    ​អ្នកតំណាង​មកពី​ធនាគារ Westpac បាន​ស្ថិតក្នុង​តុលាការ​ដើម្បី​សង្កេត​បញ្ហា​នេះ​។ លោក Matt Tregoning មកពី​ផ្នែក​ស៊ើបអង្កេត​របស់​ធនាគារ​បាន​ប្រាប់​កាសែត​ខាងលើ​ថា គាត់​សង្ឃឹមថានឹង​ឃើញ​ភាពយុត្តិធម៌​។​

​    ​កញ្ញា Lee ត្រូវបាន​ចាប់ខ្លួន​កាលពី​ខែឧសភា​ដោយ​ប៉ូលិសអន្តោប្រវេសន៍​នៅ​ព្រលានយន្តហោះ Sydney ខណៈ​នាង​បាន​ព្យាយាម​ឡើង​យន្តហោះ​ទៅ​ប្រទេស​ម៉ាឡេស៊ី​។​

​    ​និស្សិត​វិស្វកម្ម​គីមី​រូបនេះ​ត្រូវបាន​ប្រគល់​សិទ្ធិ​ដក​លុយ​ឥត​កំណត់​ក្នុង​ដំណើរ​ការខុស​ប្រក្រតី​របស់​ធនាគារ Westpac ក្នុង​ឆ្នាំ ២០១២​។ នាង​បានដឹង​ពី​លុយ​ទាំងនេះ​ក្នុង​ខែកក្កដា ឆ្នាំ ២០១៤ ហើយ​បន្ទាប់មក​ក៏បាន​ចំណាយលុយ ៤,៦ លាន​ដុល្លារ​យ៉ាង​ខ្ជះខ្ជាយ​នៅ ១១ ខែ​បន្ទាប់​។​

​    ​ក្នុង​ខែមេសា ឆ្នាំមុន​អ្នកគ្រប់គ្រង​ជាន់ខ្ពស់​មកពី​ធនាគារ​បានដឹង​ពី​កំហុស​បច្ចេកទេស​ហើយ​បាន​ហៅ​កញ្ញា Lee ដោយ​ទាមទារ​ឱ្យ​នាង​ពន្យល់​ពី​លុយ​ដែល​បាត់​។​

​    ​ពីមុន​នាង​បាន​អះអាងថា នាង​ជឿថា​លុយ​ទាំងនេះ​ត្រូវបាន​ផ្ញើ​ដោយ​ឪពុកម្តាយ​របស់​នាង ហើយ​នាង​មិនបាន​បោក​បញ្ឆោត​ធនាគារ​បន្តិច​សោះឡើយ​៕

ប្រភព៖ បរទេស

0
adverise with khmeread

អ្នកនឹងចូលចិត្ត