កីឡាករក្លឹប Chapecoense ម្នាក់ដែលរួចផុតពីគ្រោះថ្នាក់ធ្លាក់យន្តហោះកាលពីខែមុន មិនទាន់ត្រូវបានគេប្រាប់ពីអ្វីដែលបានកើតឡើងក្នុងឧបទ្ទវហេតុដែលបានសម្លាប់មិត្តរួមក្រុមរបស់គាត់សឹងទាំងអស់នៅឡើយទេ។
យោងតាមរបាយការណ៍បានឱ្យដឹងថា ខ្សែការពារ Helio Hermito Zampier Neto វ័យ ៣១ ឆ្នាំដែលជាអ្នករួចរស់ជីវិតម្នាក់ក្នុងចំណោម ៦ នាក់កំពុងស្ថិតក្នុងមន្ទីរពេទ្យជាមួយរបួសធ្ងន់ធ្ងរ។ គាត់បានសួរអ្នកមកសួរសុខទុក្ខគាត់នៅមន្ទីរពេទ្យអំពីចំណាត់ថ្នាក់ក្រុមរបស់គាត់ក្នុងវគ្គផ្តាច់ព្រ័ត្រ Copa Sudamericana ដែលត្រូវប៉ះជាមួយក្រុម Atletico Nacional របស់កូឡុំប៊ី។
គ្រូពេទ្យបានស្នើឱ្យមនុស្សទាំងអស់កុំប្រាប់ពីជោគវាសនារបស់មិត្តរួមក្រុមឱ្យគាត់ដឹងឱ្យសោះ ព្រោះខ្លាចលាប់មុខរបួសដោយសាររន្ធត់ចិត្តពេក។
មិត្តរួមក្រុមរបស់ Neto ចំនួន ១៩ នាក់និងអ្នកដំណើរ ៥២ នាក់ផ្សេងទៀតបានស្លាប់កាលពីថ្ងៃទី ២៨ ខែវិច្ឆិកា ដោយក្នុងនោះរួមបញ្ចូលទាំងអ្នកកាសែតចំនួន ២០ នាក់។
លោកវេជ្ជបណ្ឌិត Carlos Mendonca បានប្រាប់វេបសាយ Globo ថា "វាជាអនុសាសន៍ពីចិត្តវិទូដោយមិនឱ្យប្រាប់គាត់អំពីគ្រោះថ្នាក់ធ្លាក់យន្តហោះទេ។ គោលបំណងនោះគឺដើម្បីចៀសវាងការរន្ធត់ផ្លូវចិត្តណាមួយ ដែអាចធ្វើឱ្យគាត់មានរបួសរឹតតែធ្ងន់មិនអាចជាសះស្បើយឡើងវិញនៅគ្រានេះ"។
Neto ត្រូវបានដកឧបករណ៍ទ្រទ្រង់ជីវិតកាលពីថ្ងៃសៅរ៍ គឺ៩ថ្ងៃបន្ទាប់ពីស្ថិតសន្លប់ឥតដឹងខ្លួននិងការវះកាត់ជាច្រើន។ ក្រុមគ្រូពេទ្យរំពឹងថា កីឡាកររូបនេះនឹងជាសះស្បើយនាពេលខាងមុខ៕
ប្រភព៖ បរទេស
