ទីបំផុត Messi និង​ក្មេង​ពាក់​ថង់​បាន​ជួបគ្នា​ហើយ​

    ​ខាងក្រោម​នេះ​គឺជា​ទិដ្ឋភាព​ក្មេងប្រុស​ជនជាតិ​អា​ហ្វ​ហ្គា​នី​ស្ថាន ដែល​បាន​ទាក់ចិត្ត​មនុស្ស​មួយ​ពិភពលោក​នាពេល​កន្លង​ទៅជា​មួយ​អាវ Messi ធ្វើ​ពី​ស្បោង បាន​ជួប​និមិត្តរូប​របស់ខ្លួន​ហើយ​កាលពី​ថ្ងៃ​អង្គារ​។​

​    ​តារា​ឆ្នើម​ប្រចាំ​ក្លឹប Barcelona រូបនេះ​បាន​បី​ក្មេងប្រុស​អាយុ ៦ ឆ្នាំឈ្មោះ Murtaza Ahmadi នៅក្នុង​ដៃ​របស់គាត់​ក្នុងការ​ជួបជុំ​ពិសេស​មួយ​ក្នុង​ទីក្រុង Doha ប្រទេស​កាតា​កាលពី​ថ្ងៃ​អង្គារ​។​

​    ​Murtaza ត្រូវបាន​ថត​ក្នុង​ខែមករា​ដោយ​ពាក់អាវ​ធ្វើ​ពី​ថង់​ប្លា​ស្ទិ​ក​ជាមួយ​ស្នាម​ឆ្នូត​ខៀវ​និង​ស​ដែល​តំណាងឱ្យ​ប្រទេស​អា​ហ្ស​ង់​ទីន និង​រួមជាមួយ​ឈ្មោះ និង​លេខ ១០ របស់​ម្ចាស់​ពាន Ballon d'Or ប្រាំ​លើក​កីឡាករ Messi​។​

​    ​ក្រោយ​រូបភាព​នោះបាន​ល្បី​រន្ទឺ ក្មេងប្រុស​ម្នាក់នេះ​បានទទួល​អាវ​ពី​ខ្សែប្រយុទ្ធ​ឆ្នើម​រូបនេះ​ជាមួយ​ហត្ថលេខា​។ ប៉ុន្តែ​សុបិន​របស់​កុមារា​ម្នាក់នេះ​ដោយ​ចង់​ជួប​និមិត្តរូប​បាល់ទាត់​របស់ខ្លួន​ផ្ទាល់​បានក្លាយ​ជាការ​ពិត​កាលពី​ថ្ងៃ​អង្គារ​ទី ១៣ ម្សិលមិញ​។​

​    ​កាលពី​ថ្ងៃ​អង្គារ​ផងដែរ ក្រុម Barcelona បាន​ស្ថិតក្នុង​ប្រទេស​កាតា​ដើម្បី​ប្រកួត​មិត្តភាព​ជាមួយ​ក្លឹប Al Ahli ដោយ Barcelona ឈ្នះ​ក្នុង​លទ្ធផល ៥-៣ ហើយ​គេ​អាច​ឃើញ​មិត្ត​រួម​ក្រុម​របស់ Messi មួយចំនួន​ក្នុង​រូបភាព​ផងដែរ​។​

​    ​គួរ​បញ្ជាក់ថា នេះ​មិនមែនជា​លើកទីមួយ​ឡើយ​ដែល Messi បាន​ជួប​ជាមួយ​ក្មេងៗ​ក្នុង​កាលៈទេសៈ​ពិសេស​។ ក្នុង​ឆ្នាំ ២០១១ គាត់​បាន​ជួប​និង​ទាត់​បាល់​ជាមួយ​ក្មេងប្រុស​អាយុ ១០ ឆ្នាំ​ម្នាក់​ដែល​ជើង​ទាំង​គូ​របស់គាត់​ត្រូវបាន​កាត់ចោល​ដោយសារ​រោគសញ្ញា​ជំងឺ Laurin-Sandrow​។​

​    ​មួយឆ្នាំ​ក្រោយមក​គាត់​បានធ្វើ​រឿង​បែបនេះ​ម្តងទៀត​ដោយ​ជួប​ជាមួយ​ក្មេងប្រុស​ប្រេ​ស៊ី​ល​ម្នាក់​ដែល​កើតមក​គ្មាន​ជើង​៕

 

Untitled 1 adverise with khmeread

មតិយោបល់