រដ្ឋាភិបាលក្រុងប៉េកាំងបានស្វាគមន៍សំណើរបស់ឧបនាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រីក្រសួងការពារជាតិថៃ លោក Prawit Wongsuwon ដែលសុំឱ្យចិនសង់រោងចក្រផលិត និងជួសជុលអាវុធយុទ្ធភ័ណ្ឌក្នុងប្រទេសថៃ។ នេះបើតាមកាសែតបាងកកប៉ុស្តិ៍ចេញផ្សាយថ្ងៃអង្គារទី ១៣ធ្នូ។
អ្នកនាំពាក្យក្រសួងការពារជាតិ លោក Khongcheep Tantrawanich បាននិយាយកាលពីថ្ងៃអង្គារថា ឧត្តមសេនីយ៍ Wongsuwon បានលើកឡើងនូវសំណើនេះអំឡុងកិច្ចប្រជុំមួយជាមួយរដ្ឋមន្ត្រីក្រសួងការពារជាតិចិន លោក Chang Wanquan អំឡុងទស្សនកិច្ចពីរថ្ងៃរបស់លោក ដែលបញ្ចប់កាលពីថ្ងៃអង្គារ។
ឧត្តមសេនីយ៍ Wongsuwon បានស្នើថា រោងចក្រនេះផលិតនិងជួសជុលគ្រឿងសព្វាវុធ ដែលចិនផ្គត់ផ្គង់ឱ្យថៃនិងប្រទេសផ្សេងៗទៀតនៅក្នុងតំបន់។ រោងចក្រនេះ នឹងជាប្រភពមួយផងដែរនៃគ្រឿងអាវុធនិងការផ្ទេរបច្ចេកវិជ្ជាសម្រាប់ថៃ។
លោក Chang Wanquan បានបង្ហាញការគាំទ្ររបស់លោកសម្រាប់សំណើនេះ ហើយអ្នកនាំពាក្យក្រសួងការពារជាតិថៃនិយាយថា ចិនបានយល់ព្រមបង្កើតក្រុមការងារមួយដើម្បីរៀបចំដំណើរការសង់រោងចក្រឱ្យដំណើរការហើយ។
លោក Khongcheep និយាយថា រដ្ឋមន្ត្រីក្រសួងការពារជាតិចិនក៏ស្នើបង្កើនប្រតិបត្តិការយោធាផងដែរ រួមមានលំហាត់យោធារួម និងការដោះដូរទស្សនកិច្ចគ្នា៕
ប្រភព៖ឞាងកកប៉ុស្ដិ៍
