ទីកន្លែង​ទាំង ១០ នេះ​ស្អាតៗ​ណាស់ ប៉ុន្តែ​គួរឱ្យ​ស្តាយ​វា​ជាប់​ជា​កន្លែង​គ្រោះថ្នាក់​បំផុត​លើ​ពិភពលោក​

    ​ផែនដី​របស់​យើង​គឺជា​កន្លែង​រីករាយ ស្រស់ស្អាត និង​គួរឱ្យ​ចាប់អារម្មណ៍ ដែល​ធ្វើឱ្យ​មនុស្ស​ភ្ញាក់ផ្អើល​មិនចេះចប់​មិនចេះហើយ​។​

​    ​ផែនដី​គឺជា​ទីកន្លែង​នៃ​ភ្នំ​ដ៏​អស្ចារ្យ ភ្នំភ្លើង​ដ៏​សម្បើម ទន្លេ​មហាអស្ចារ្យ វាល​ខ្សាច់​គ្មាន​ទីបញ្ចប់ និង​កន្លែង​ជាច្រើន​ទៀត​។ មិនទាន់​អស់​នៅឡើយ​ទេ​! មិន​ថា​ផែនដី​នេះ​ស្អាត​ប៉ុនណា​ទេ កុំ​ភ្លេច​កន្លែង​ធម្មជាតិ​ដ៏​គ្រោះថ្នាក់​បំផុត​នេះ​។​

​    ​ខាងក្រោម​នេះ​គឺជា​កន្លែង​គ្រោះថ្នាក់​បំផុត​ទាំង ១០ លើ​ផែនដី​៖
​    ​១. ជ្រលង​មរណៈ ប្រទេស​អាមេរិក​
​    ​Death Valley (​ជ្រលង​មរណៈ​) គឺជា​វាល​ខ្សាច់​ដ៏​គួរឱ្យភ្ញាក់ផ្អើល​បំផុត ដោយ​វា​បំបែក​កំណត់ត្រា​ក្ដៅ​បំផុត​នៅលើ​ផែនដី​នេះ​។ នៅ​ទីនោះ​មាន​សីតុណ្ហភាព ៥៦,៧ អង្សា ពន្លឺព្រះអាទិត្យ​ដ៏​ក្តៅ និង​ចំហាយ​ក្ដៅ​នៅ​ទីនោះ​នឹងធ្វើ​ឱ្យ​អ្នក​ខ្សោះ​ជាតិ​ទឹក​ភ្លាមៗ​។ ហើយ​ប្រសិនបើ​អ្នក​មិន​មានទឹក​ផឹក​នោះទេ អ្នក​អាច​រស់​បានត្រឹមតែ ១៤ ម៉ោង​ប៉ុណ្ណោះ​នៅ​ទីនោះ​។​

​    ​២. វាល​ខ្សាច់ Danakil ក្នុងប្រទេស Eritrea ទ្វីបអាហ្វ្រិក​
​    ​នៅ​ទីនោះ​មាន​សីតុណ្ហភាព ៥០ អង្សា មាន​ភ្នំភ្លើង​សកម្ម​ជាច្រើន ហើយ​មានទឹក​ក្ដៅ​ពុះ​ដែលមាន​ឧស្ម័ន​ពុល​ទៀតផង​។ មាន​មនុស្ស​ជាច្រើន​បានដាក់​ឈ្មោះ​ទីនោះ​ថា "​ឋាននរក​នៅលើ​ផែនដី​" ប៉ុន្ដែ​កន្លែង​នេះ​នៅតែ​ទាក់ទាញ​អ្នក​ផ្សងព្រេង​ក្លាហាន​ជាច្រើន​នៅ​ជុំវិញ​ពិភពលោក​។​

​    ​៣. ភ្នំ​វ៉ាស៊ីនតោន ប្រទេស​អាមេរិក​
​    ​ភ្នំ​វ៉ាស៊ីនតោន​ជាប់​កំណត់ត្រា​ពិភពលោក​សម្រាប់​ការ​មាន​ខ្យល់​បក់​លឿន​ជាងគេ​នៅលើ​ពិភពលោក​។ ខ្យល់​នៅ​ទីនោះ​មាន​ល្បឿន ៣២៧ គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង​។ យ៉ាងណាមិញ ខ្យល់​ខ្លាំង​នេះ​មិនមែនជា​រឿង​គ្រោះថ្នាក់​អ្វី​នោះទេ គេ​ព្រួយបារម្ភ​អំពី​សីតុណ្ហភាព​នៅ​ទីនោះ​អាច​នឹង​ធ្លាក់​ដល់ -៤០ អង្សា និង​បន្ត​ធ្លាក់​ព្រិល​ខ្លាំង​ធ្វើឱ្យ​ភ្នំ​មួយ​នេះ​ក្លាយជា​កន្លែង​គ្រោះថ្នាក់​។ ដោយឡែក​ភ្នំ​នេះ​មាន​កម្ពស់ ១.៩១៧ ម៉ែត្រ និង​ជា​កន្លែង​ដែលមាន​មនុស្ស​ស្លាប់​ច្រើនជាងគេ​របស់​ពិភពលោក​ផងដែរ​។​

​    ​៤. ភ្នំភ្លើង Sinabung ប្រទេស​ឥណ្ឌូនេស៊ី​
​    ​វា​គឺជា​ភ្នំភ្លើង​សកម្ម​មួយ​នៅលើ​កោះ​ស៊ូ​ម៉ា​ត្រា​ប្រទេស​ឥណ្ឌូនេស៊ី​។ ភ្នំភ្លើង​នេះ​ឧស្សាហ៍​ផ្ទុះ ហើយ​ជារឿយៗ​ធ្វើឱ្យ​មនុស្ស​រាប់ពាន់នាក់​អត់​មាន​ទីលំនៅ​ដោយសារ​វា​។ ភូមិ​និង​ទីក្រុង​នៅក្បែរនោះ​គ្របដណ្ដប់​ទៅដោយ​កម្អែល​ភ្នំភ្លើង និង​ផេះ​ជា​ច្រើនដង​ក្នុង​ឆ្នាំ ២០១០, ២០១៣, ២០១៤ និង​២០១៥​។ ហើយ​វា​ផ្ទុះ​ចុង​ក្រោយនេះ​គឺ​នៅ​ថ្ងៃទី ២៧ ខែកុម្ភៈ ឆ្នាំ ២០១៦​។​

​    ​៥. កោះពស់ lha da Queimada Grande ប្រទេស​ប្រេ​ស៊ី​ល​
​    ​កោះ​នេះ​ត្រូវបាន​គេ​ចាត់ទុកថា​ជា​កន្លែង​គ្រោះ​ថា្នក់​បំផុត​នៅលើ​ផែនដី មូលហេតុ​គឺ​កោះ​នេះ​ធម្មតា​ទេ ប៉ុន្ដែ​វា​មាន​សុទ្ធតែ​ពស់​ពិស​សាហាវ​បំផុត​នៅ​ទីនោះ​។ ហើយ​រដ្ឋាភិបាល​ប្រេ​ស៊ី​ល​បាន​ហាមឃាត់​មិនឱ្យ​មនុស្ស​ទៅលេង​នៅ​ទីនោះ​ដោយ​ជើង​ទទេ​នោះឡើយ​។​

​    ​៦. ឧទ្យាន Madidi National ប្រទេស​បូ​លី​វី​
​    ​យើង​មើលឃើញ​ក្នុង​រូបភាព​នេះ​ឃើញថា​ទេសភាព​ពិតជា​ស្អាត​ណាស់ ប៉ុន្ដែ​វា​ជា​កន្លែង​គ្រោះថ្នាក់​។ ហេតុអ្វី​? គឺ​ដោយសារតែ​នៅ​ទីនោះ​មាន​ជាតិពុល និង​សត្វ​រាតត្បាត​ច្រើន​បំផុត​ទីនោះ​។ អ្នក​ទៅលេង​ទីនោះ​អាច​នឹង​រមាស់​ធ្ងន់ធ្ងរ ឡើង​កន្ទួល និង​វិលមុខ​។ ហើយ​ប្រសិនបើ​មាន​ដាច់រយះ​សាច់ ឬ​ស្នាមរបួស​អ្នកនឹង​ឆ្លង​ប៉ារ៉ាស៊ីត​ត្រូ​ពិ​កនៅ​ទីនោះ​។​

​    ​៧. ជ្រលង​មរណៈ Kamchatka ប្រទេស​រុស្ស៊ី​
​    ​ជ្រលង​មរណៈ Kamchatka មាន​ទីតាំងនៅ​ភាគ​ខាងកើត​ប្រទេស​រុស្ស៊ី ហើយ​វា​នៅ​មិន​ឆ្ងាយ​ពី​ជ្រលង​ភ្នំ​ដ៏​ល្បីល្បាញ Valley of Geysers ប៉ុន្មាន​ទេ​។ កំហាប់​ឧស្ម័ន​ពុល​ខ្ពស់​នៅ​ទីនោះ​ធ្វើឱ្យ​របស់​មានជីវិត​ទាំង​រុក្ខជាតិ និង​សត្វ​ស្លាប់​ភ្លាមៗ ខណៈដែល​មនុស្ស​ចាប់ផ្ដើម​មាន​អារម្មណ៍​មិន​ស្រួល និង​វិលមុខ គ្រុន និង​ញាក់​។​

​    ​៨. កោះ Bikini Atoll
​    ​នៅពេល​វង្វេង​នៅ​កណ្ដាល​សមុទ្រ ស្រាប់តែ​ឃើញ​កោះ​នេះ​ស្អាត​ដូច​ឋានសួគ៌​មែន​ទេ​? ប៉ុន្ដែ​កោះ​នេះ​គឺជា​កន្លែង​ដែល​គេ​ធ្វើតេស្ដ​អាវុធ​នុយក្លេអ៊ែរ ដែល​ធ្វើឱ្យ​កោះ​នេះ​សម្បូរ​ទៅដោយ​វិទ្យុសកម្ម ដែល​អាច​បង្ក​ឱ្យ​មនុស្ស​កើត​មហារីក​បាន​។​

​    ​៩. ភ្នំភ្លើង Erta Ale ក្នុងប្រទេស​អេ​ត្យូ​ពី​
​    ​ភ្នំភ្លើង Erta Ale ដែល​ស្ថិតក្នុង​តំបន់ Afa នៃ​ប្រទេស​អេ​ត្យូ​ពី គឺជា​ភ្នំភ្លើង​ដ៏​គ្រោះថ្នាក់​មួយ​នៅលើ​ផែនដី​។ រញ្ជួយ​ផែនដី​តូចៗ​តែង​អង្រួន​តំបន់​នេះ​ជានិច្ច ហើយ​ពេលខ្លះ​រញ្ជួយ​ខ្លាំង​ទៀតផង​។ ការរញ្ជួយ​បែបនេះ​កើតឡើង​ដោយសារតែ​បឹង​កម្អែល​ភ្នំភ្លើង​ចំនួន​ពីរ​នៅ​ទីនោះ​។ 

​    ​១០. បឹង Natron ប្រទេស​តង់​ហ្សា​នី​ក្នុង​ទ្វីបអាហ្វ្រិក​
​    ​មើល​ទេសភាព​ពីលើ​ពិតជា​អស្ចារ្យ ហើយ​រូបភាព​នេះ​គឺជា​បឹង Natron ក្នុងប្រទេស​ប្រទេស​តង់​ហ្សា​នី​។ កំណក​អំបិល​អាកា​លី​នៅលើ​ផ្ទៃ​បឹង​គឺ​គ្រោះថ្នាក់​ណាស់ ដែល​សត្វមានជីវិត​ពេលមកដល់​ទីនោះ នឹង​ស្លាប់​។ ហើយ​ការ​ហែល​ទឹក​នៅទីនេះ​ត្រូវបាន​ហាមឃាត់ និង​ក្លិន​អ៊ីដ្រូសែន​សូ​ហ្វា​ត​ដ៏​ខ្លាំង​ចេញ​មកពី​ផ្ទៃ​របស់​បឹង ប៉ុន្តែ​គេ​មិនអាច​ប្រកែក​នឹង​សរសើរ​ទេសភាព​ដ៏​ស្រស់ស្អាត​វា​បានទេ​៕

ប្រភព៖បរទេស

1 adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់