រថយន្ត​ធំៗ​​ ៣ ​គ្រឿង​បុក​បន្តបន្ទាប់​គ្នា​កៀប​ជាប់​លើផ្លូវ​ជាតិ​លេខ​៤

    កោះកុង​-​ព្រះសីហនុ ៖ មាន​ករណី​រថយន្ត​ធុន​ធំ ​៣ ​គ្រឿង​ដែល​បុក​បន្ត​គ្នា​នៅ​ផ្លូវជាតិ​លេខ​៤ ចំណុច​ឡើង​ចំណោទ​ទួល​តា​ទិ​ត ចន្លោះ KM ១៤៣-១៤៤​ ម្តុំ​ផ្លូវបំបែក​ស្រែអំបិល​ក្នុងស្រុក​ស្រែអំបិល ​ខេត្តកោះកុង ជាប់​គ្នា​ម្ខាង​ផ្លូវ​ម្នាក់​នឹង​ខេត្ត​ព្រះសីហនុ​កាលពី​ម៉ោង​ជិត​៦​ព្រឹក​ថ្ងៃ​១៣ ​ធ្នូ ២០១៦​ ម្សិលមិញ។​

​    សមត្ថកិច្ច​បានឱ្យដឹង​ថា គ្រោះថ្នាក់​នេះ​មាន​រថយន្ត​ដឹកទំនិញ ​១ ​គ្រឿង រថយន្ត​កុងតឺន័រ ១ ​គ្រឿង​ និង​រថយន្ត​ដឹក​ប្រេង​ក្រុមហ៊ុន​តេ​លា​ ១ ​គ្រឿង​។​

    មន្ត្រី​អាវុធហត្ថ​ស្នាក់ការ​សន្តិសុខ​៤០២​ផ្លូវជាតិ​លេខ​៤​បញ្ជាក់ថា ហេតុការណ៍​នេះ​កើ​ត​ឡើង​ដំបូង​មាន​រថយន្ត​ដឹកទំនិញ​មួយគ្រឿង ម៉ាក​ហ៊ី​យ៉ាន់​ដាយ​ក្បាល​ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ 3C-8352 អ្នកបើកបរ​ឈ្មោះ ង៉ែត សារឿន ភេទ​ប្រុស អាយុ២៥​ឆ្នាំ មាន​ទីលំនៅ​ភូមិ​សំរុង ឃុំ​សំរុង ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ (​ក្រុមហ៊ុន​ភី​អេ​ជ PH) ​ដែលមាន​ទិសដៅ​ពី​ខេត្ត​ព្រះសីហនុ​ទៅ​ភ្នំពេញ។​

    រថយន្ត​នេះ​បាន​ខូច​ហើយក៏បានដោយ​ក្បាល​រថយន្ត​ជ្រុល​ចូល​ហួស​ទៅ​ជាង​ពាក់​កណ្តាលផ្លូវ​ម្ខាង​ទៀត​។​ បន្ទាប់មក​រថយន្ត​ដឹក​ប្រេង​តេ​លា ពាក់​ស្លាក​លេខ ភ្នំពេញ 3B-1284 បើកបរ​ដោយ​ឈ្មោះ យី សុខ ភេទ​ប្រុស អាយុ៥៥​ឆ្នាំ មាន​ទីលំនៅ​ភូមិ២ សង្កាត់​វាលវង់ ខេត្តកំពង់ចាម ដែលមាន​ទិសដៅ​ពី​ភ្នំពេញ​ទៅ​ខេត្ត​ព្រះសីហនុ​បើក​មកដល់ បាន​ជ្រុល​ទៅបុក​ប៉ះ​ក្បាល​រថយន្ត​ដែល​កំពុង​ខូច​នោះ។​

    គាប់​ជួន​មាន​រថយន្ត​កុង​តឺ​ន​រ័​មួយគ្រឿង​ទៀត ម៉ាក​ហ៊ី​ណូ ក្បាល​ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ 3D-0195 បើកបរ​ដោយ​ឈ្មោះ សុំ លី​ណា ភេទ​ប្រុស អាយុ៣៧​ឆ្នាំមាន​ទីលំនៅ​ភូមិ​ទួល​ស្វាយ សង្កាត់​បឹង​ធំ ខណ្ឌ​ពោធិ​សែន​ជ័យ ភ្នំពេញ​ (​ក្រុមហ៊ុន​សិ្ព​ត​)​ ទិសដៅ​ពី​ខេត្ត​ព្រះសីហនុ​ទៅ​ភ្នំពេញ​បើ​ក​មកដល់ ហ្វ្រាំង​មិនទាន់​ក៏បុក​ផ្ទុប​គ្នា​ទាំង​៣​គ្រឿង​នៅ​កន្លែងកើត​ហេតុនេះ​តែម្តង​។​

    ទោះជា​យ៉ាងនេះ​ក្តី​ក្រៅពី​ខូចខាត​រថយន្ត មិនមាន​មនុស្ស​រងគ្រោះថ្នាក់​ធ្ងន់ធ្ងរ​ទេ ក្នុងករណីនេះ​សមត្ថកិច្ច​ដាក់​ការ​សន្និដ្ឋានថា ទី​១​បណ្តាលមកពី​រថយន្ត​ដែល​ខូច​នោះ​ស្ថិតនៅ​ចំណុច​ហួស​គំនូស​ចែក​កណ្តាលផ្លូវ​ទៅ​ហើ​យ និង​ទី​២​អាច​បណ្តាលមកពី​អ្នក​បើ​កបរ​រថយន្ត​ពាក់​ព័​ន្ធបើ​កបរ​លឿន​ពេក។​

    បច្ចុប្បន្ន​សមត្ថកិច្ច​ស្រុក​ស្រែអំបិល​ខេត្តកោះកុង​កំពុង​បន្ត​និតិ​វិធី​តាមផ្លូវ​ច្បាប់​៕

adverise with khmeread