ហាង​លក់​អគ្គិសនី​មួយកន្លែង ត្រូវបាន​ឆែកឆេរ​តាម​ពាក្យបណ្ដឹង​របស់​ក្រុមហ៊ុន​​ OMC ​ខេត្តសៀមរាប​

    សៀមរាប ៖ ហាង​លក់​គ្រឿង​អគ្គិសនី​មួយកន្លែង ដែលមាន​យីហោ សេង មាំ​ង ស្ថិតនៅតាម​បណ្តោយ​ផ្លូវជាតិ​លេខ​៦ ផ្ទះ​លេខ​០០៦១ ភូមិ​បន្ទាយ​ចាស់ សង្កាត់​ស្លក្រាម ក្រុង​/​ខេត្តសៀមរាប ត្រូវបាន​ឆែកឆេរ​រក​បទល្មើស កាលពី​វេលា​ម៉ោង០៩ និង៥០​នាទី ព្រឹក​ថ្ងៃទី​១៣ ខែធ្នូ​ ឆ្នាំ​២០១៦។​

    ប៉ូលិស​និយាយថា កម្លាំង​ប៉ូលិស​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច ក្រសួងមហាផ្ទៃ សហការ​ជាមួយ​កម្លាំង​ប៉ូលិស​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ខេត្ត ដឹកនាំ​ដោយ​លោក​ឧ​ត្ត​ម​សេនី​ត្រី ឡុង ស្រេង អនុប្រធាននាយកដ្ឋាន​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ក្រសួងមហាផ្ទៃ និង​លោក​វរៈសេនីយ៍ឯក សឿន សេន នា​ការិយាល័យ​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ខេត្តសៀមរាប ដោយមាន​ការសម្របសម្រួល​ពី​លោក ជួន សុ​បញ្ញា ព្រះរាជអាជ្ញារង​អម​សាលាដំបូង​ខេត្តសៀមរាប បាន​ចុះ​ធ្វើការ​ឆែកឆេរ​ទីតាំង​លក់​គ្រឿង​អគ្គិសនី​ខាងលើ នៅក្នុង​ក្រុង​សៀមរាប។​

    ការឆែកឆេរ​យោងទៅតាម​បណ្តឹង​របស់​ក្រុមហ៊ុន ​OMC រហូត​ឈានដល់​ធ្វើការ​នាំខ្លួន​ម្ចាស់​ទីតាំង យកទៅ​សាកសួរ​នៅ​ស្នងការ​ប៉ូ​លកស​ខេត្ត បន្ទាប់ពី​បាន​រកឃើញ​ផលិតផល​នាំចូល​ឆ្នាំង​ដាំបាយ អគ្គិសនី​ម៉ាក ​(SHARP) រំលោភ​កម្មសិទ្ធិបញ្ញារ​បស់​ក្រុមហ៊ុន​។​

    លោក​វរៈសេនីយ៍ឯក សឿន សេន នាយការិយាល័យ​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ខេត្ត បាន​ប្រាប់​ឱ្យដឹងថា បន្ទាប់ពី​មាន​ពាក្យបណ្តឹង​របស់​ក្រុមហ៊ុន​ OMC ផលិតផល​ម៉ាក ​SHARP ដែល​បាន​ប្តឹងទៅ​សមត្ថកិច្ច​សេដ្ឋកិច្ច​ក្រសួងមហាផ្ទៃ ទើប​កម្លាំង​បាន​ចុះ​ធ្វើការ​ឆែកឆេរ​ទីតាំង​លក់​គ្រឿង​អគ្គិសនី​មួយកន្លែង នៅក្នុង​ក្រុង​សៀមរាប​យីហោ សេង មាំ​ង ដែលមាន​ទីតាំង​ស្ថិតនៅតាម​បណ្តោយ​ផ្លូវជាតិ​លេខ​៦ រហូត​ឈានដល់​ធ្វើការ​នាំខ្លួន​ម្ចាស់​ទីតាំង​យកទៅ​សាកសួរ​នៅ​ស្នងការ​នគរបាល​ខេត្ត បន្ទាប់ពី​បាន​រកឃើញ ផលិតផល នាំចូល ឆ្នាំង​ដាំបាយ អគ្គិសនី​ម៉ាក​ SHARP រំលោភ​កម្មសិទ្ធិបញ្ញា ដែលជា​សិទ្ធ​នាំចូល​ផ្តាច់​របស់​ក្រុមហ៊ុន​ OMC​។​

    តំណាង​ក្រុមហ៊ុន​ផលិតផល​អគ្គីសនី ម៉ាក​ SHARP ​ដែល​បាន​ទៅប្តឹង​សមត្ថកិច្ច​នោះ​មានឈ្មោះ តាំង ស៊ីថា​រិ​ទ្ធ ភេទ​ប្រុស អាយុ៣៥​ឆ្នាំ ស្នាក់នៅ​ក្នុង​សាខា​ក្រុមហ៊ុន ដែលមាន​ទីតាំង​ស្ថិតនៅ​ផ្លូវជាតិ​លេខ​៦ ក្នុងភូមិ​បន្ទាយ​ចាស់ សង្កាត់​ស្លក្រាម ក្រុង​/​ខេត្តសៀមរាប​។​

    លោក​បាន​បន្តទៀតថា ក្នុងពេលដែល​ធ្វើការ​ឆែកឆេរ​នោះ​គឺ​បាន​រកឃើញ​ឆ្នាំង​អគ្គីសនី​ម៉ាក SHARP ចំនួន៣៣​គ្រឿង ក្នុងនោះ​មាន​៖​ ឆ្នាំង​ដាំបាយ​អគ្គិសនី​ម៉ាក SHARP KSH 222 ចំនួន៣​គ្រឿង​,​ ឆ្នាំង​ដាំបាយ​អគ្គិសនី​ម៉ាក SHARP KSH 211 ចំនួន១០​គ្រឿង​, ឆ្នាំង​ដាំបាយ​អគ្គិសនី​ម៉ាក SHARP KSH 218 ចំនួន១៤​គ្រឿង​, ​ឆ្នាំង​ដាំបាយ​អគ្គីសនី​ម៉ាក SHARP KSH 19 H KS23E ចំនួន២​គ្រឿង​ និង​ឆ្នាំង​ដាំបាយ​អគ្គីសនី​ម៉ាក SHARP ESA KS 18 ST ចំនួន០៤​គ្រឿង​។​

    វត្ថុតាង​ទាំងអស់នោះ​ត្រូវបាន​សមត្ថកិច្ច​យកទៅ​កាន់​ស្នងការ​នគរបាល​ខេត្ត ដើម្បី​រងចាំ​ដោះស្រាយ​ទៅតាម​ផ្លូវច្បាប់៕

Unnamed %284%29
adverise with khmeread
Loading ad ...