ចាប់​ចោរលួច​ម៉ូតូ​​ ២ ​គ្រឿង​នៅ​អគ្គនាយកដ្ឋាន​ពន្ធដារ បន្ថែម​ម្នាក់ទៀត

    ភ្នំពេញ ៖ កម្លាំង​ត្រួតពិនិត្យ​អាវុធជាតិផ្ទុះ ខណ្ឌទួលគោក បាន​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​បន្ថែមទៀត​នៅ​ថ្ងៃទី​១៤ ខែធ្នូ ឆ្នាំ​២០១៦ វេលា​ម៉ោង១១​ និង​៣០​នាទី​នៅ​ចំណុច​ផ្លូវ​លេខ​១៨២ កែង​ផ្លូវ​លេខ​២៦១ ក្រុមទី​២៤ ភូមិ​៩ សង្កាត់​ទឹកល្អក់​ទី​៣ ខណ្ឌទួលគោក ពីបទ​លួច​ម៉ូតូ​២​គ្រឿង។​

    ជនសង្ស័យ​ម្នាក់​ត្រូ​បាន​ឃាត់ខ្លួន​ភ្លាមៗ បន្ទាប់ពី​បានធ្វើ​សកម្មភាព​លួច​កាលពី​ថ្ងៃទី​០៧ ខែធ្នូ ឆ្នាំ​២០១៦ វេលា ម៉ោង​ប្រហែល១០ ​និង​២៣​នាទី នៅ​ចំណុច​អគ្គនាយកដ្ឋា​ន​ពន្ធដារ​ផ្លូវ​លេខ​១១០ កែង​ផ្លូវ​លេខ​២៤៥ ក្រុមទី​១ ភូមិ​១ សង្កាត់​ទឹកល្អក់​ទី​១ ខណ្ឌទួលគោក រាជធានី​ភ្នំពេញ ហើយ​ជនសង្ស័យ​នោះបាន​បញ្ជូនទៅ​ឃុំខ្លួន​នៅ​គុក​ព្រៃ​ស​រួចហើយ។​

    ប៉ូលិស​និយាយថា ជនសង្ស័យ​ឈ្មោះ ចាន់ សីហា ហៅ រ៉ូ ហៅ មករា ភេទ​ប្រុស អាយុ ២៦​ឆ្នាំ ជនជាតិខ្មែរ មុខរបរ ជាងកាត់សក់ ស្នាក់នៅ​ផ្ទះ​ជួល ភូមិ​ត្រពាំង​ឈូក សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ។​

    វត្ថុតាង​ដែល​បាន​ចាប់យក​រួមមាន ម៉ូតូ​មួយគ្រឿង​ម៉ាក ​Honda C125 ពណ៌​ខ្មៅ ស៊េរី 2016 ពាក់​ស្លាក​លេខ​ភ្នំពេញ 1DM-0430 (លេខ ក្លែងក្លាយ) មាន​លេខ​តួ និង​លេខ​ម៉ាស៊ីន​ 9623452 ជា​ម៉ូតូ​របស់​ជនរ​គ្រោះ​ឈ្មោះ រឿន សុរិន្ទ, ​ដែក​សម្រាប់​កាច់ក​ម៉ូតូ ចំនួន​០២, ​សោ​ទីប​លេខ​8 ចំនួន​០១ និង​កូនសោរ​ម៉ូតូ​រូប​សញ្ញា Honda ចំនួន​០៥។​

    ប៉ូលិស​បន្តថា នៅ​ថ្ងៃទី​០៧ ខែធ្នូ ឆ្នាំ​២០១៦ វេលា​ប្រហែល​៨​ព្រឹក ជនរងគ្រោះ​ទាំងពីរ​បាន​ជិះ​ម៉ូតូ យកទៅ​ចត​ទុក​នៅ​កន្លែង​ចំណត​ម៉ូតូ ដោយ​ពុំបាន​ចាក់ សោក​ទេ ហើយ​បាន​ឡើងទៅ​ធ្វើការ​តាម​បន្ទប់។​

    រហូតដល់​ម៉ោង​ប្រហែល ៣ ​រសៀល បាន​ចេញពី​ធ្វើ ការចុះ​មក​យក​ម៉ូតូ ស្រាប់តែ​បាត់​ម៉ូតូ ទើប​ប្តឹង​ឱ្យ​សមត្ថកិច្ច​ជួយ​ស្រាវជ្រាវ ដោយ​សហការ​ជាមួយ​អគ្គនាយកដ្ឋាន​ពន្ធដារ​បាន​ឆែក​កាមេរ៉ា​សុវត្ថិភាព បានឃើញ សកម្មភាព​ជនសង្ស័យ​ឈ្មោះ ម៉ែន ច័ន្ទ​វាសនា ហៅ ស្នា ជា​អតីត​បុគ្គលិក​ជាប់កិច្ចសន្យា​ធ្វើការ​នៅ​ផ្នែក​រដ្ឋបាល អគ្គនាយកដ្ឋាន​ពន្ធដា​រ​ និង​បក្ខពួក​ម្នាក់ទៀត បាន​ចូលធ្វើ​សកម្មភាព​លួច​ម៉ូតូ​ទាំងពីរ​គ្រឿង​នេះ។​

    លុះដល់​ម៉ោង​ប្រហែល​១០​យប់ ទើប​សមត្ថកិច្ច​បាន សហការ​ជាមួយ​សន្តិសុខ​អគ្គនាយដ្ឋាន​ពន្ធដារ​ចុះ​ឃាត់ ខ្លួន​ជនសង្ស័យ​ឈ្មោះ ម៉ែន ច័ន្ទ​វាសនា ហៅ ស្នា ដល់ កន្លែង​ស្នាក់នៅ​តែម្តង។ ​ចំណែក​បក្ខពួក​ម្នាក់​ទៀត​គេចខ្លួនបាត់។​

    រហូតដល់​ថ្ងៃទី​១៤ ខែធ្នូ ឆ្នាំ​២០១៦ វេលា​ម៉ោង១១ ​និង​៣០​នាទី​ប៉ូលិស​ក៏បាន​ឃាត់ខ្លួន​ជនសង្ស័យ​ឈ្មោះ ចាន់ សីហា ហៅ រ៉ូ ហៅ មករា តែម្តង។​

    បច្ចុប្បន្ន​ជនសង្ស័យ​ឈ្មោះ ម៉ែន ច័ន្ទ​វាសនា ហៅ ស្នា ប៉ូលិស​បាន​បញ្ជូនទៅ​ឃុំខ្លួន​នៅ​ពន្ធ​នា​គារ ​ម​១​ ​រួចហើយ។​ ចំណែក​ជនសង្ស័យ​ឈ្មោះ ចាន់ សីហា ហៅ មករា ហៅ រ៉ូ កំពុង​ឃាត់ខ្លួន​ជា​បណ្តោះអាសន្ន​នៅ​អធិការដ្ឋាន​ប៉ូលិស​ខណ្ឌទួលគោក ដើម្បី​សាកសួរ និង​កសាង​សំណុំរឿង​បញ្ជូនទៅ​តុលាការ ចាត់ការ​តាមច្បាប់៕


 

Unnamed adverise with khmeread
Loading ad ...