ស្រវឹងស្រា​បើក​រថយន្ដបុក​ម៉ូតូ​ពេញទំហឹង ត្រង់ចំណុច​ផ្លូវបំបែក​ជា​បួន​របួសធ្ងន់​ម្នាក់​ (​មាន​វីដេអូ​)

    ភ្នំពេញ ៖ បុរស​ម្នាក់​ស្រវឹងស្រា​បើករថយន្ដ​ឡិច​ស៊ីស ​RX330 ​ក្នុង​ល្បឿន​លឿន​មិន​ប្រយ័ត្ន​ត្រង់ចំណុច​ផ្លូវបំបែក​ជា​បួន​ជ្រុល​បុក​ម៉ូតូ​ហុងដា​ឌ្រី​ម​សង់​មួយគ្រឿង​អូស​កៀប​ជាប់​ក្រោម​រថយន្ដ​បណ្ដាលឱ្យ​ម្ចាស់​ម៉ូតូ​រងរបួស​ធ្ងន់ ហើយ​រថយន្ដ​បង្ក​ព្យាយាម​បើក​រត់គេច​តែ​ត្រូវ​កម្លាំង​សមត្ថកិច្ច​និង​ប្រជាពលរដ្ឋ​ដេញតាម​ឃាត់​បាន​។​

    គ្រោះថ្នាក់​នេះ​បាន​កើតឡើង​នៅវេលា​ម៉ោង​១១​ និង​៣០​នាទី​យប់​ថ្ងៃទី​១៤ ខែធ្នូ ឆ្នាំ​២០១៦ នៅ​ចំណុច​ផ្លូវ​លេខ​៥១ កែង​ផ្លូវ​លេខ​២០០ ស្ថិតក្នុង​សង្កាត់​ផ្សា​ថ្មី​៣ ខណ្ឌដូនពេញ ហើយ​រថយន្ដ​បង្ក​បាន​ព្យាយាម​បើក​រត់គេច​រហូតដល់​ផ្លូវ​លេខ​៥៩២ ក្នុង​សង្កាត់​បឹងកក់​ទី​២ ខណ្ឌទួលគោក ទើប​ឃាត់​រថយន្ដ​បាន​។​

    សមត្ថកិច្ច​និយាយថា រថយន្ដ​បង្ក​ម៉ាក​ឡិច​ស៊ី​ស​ RX330​ ព​ណ៌ស ពាក់​ស្លាក​លេខ ព្រះសីហនុ ​2A-0999 បើកបរ​ដោយ​បុរស​ម្នាក់​ក្នុងស្ថានភាព​ស្រវឹង។ ​ចំណែក​ម៉ូតូ​រងគ្រោះ​ម៉ាក​ហុងដា​ឌ្រី​ម​សង់ ពណ៌​ខ្មៅ​ជិះ​ដោយ​បុរស​ម្នាក់​រងរបួស​ធ្ងន់​ត្រូវបាន​រថយន្ដ​សង្គ្រោះបន្ទាន់​ដឹកយក​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​។​

    ប្រភពព័ត៌មាន​ពី​កន្លែងកើតហេតុ​បានឱ្យដឹងថា នៅ​មុនពេល​កើតហេតុ​គេ​បានឃើញ​ជនរងគ្រោះ​ធ្វើដំណើរ​តាម​បណ្ដោយ​ផ្លូវ​លេខ​៥១​ទិសដៅ​ពី​ត្បូង​ទៅ​ជើង (​បញ្ច្រាសទិស​ចរាចរណ៍​)។​

    ពេលមកដល់​ចំណុចកើតហេតុ​ស្រប​ពេលដែល​រថយន្ដ​បង្ក​ធ្វើដំណើរ​តាម​បណ្ដោយ​ផ្លូវ​លេខ​២០០​ទិសដៅ​ពី​កើ​តទៅ​លិច​ឆ្លងផ្លូវ​លេខ​៥១​ក៏​ជ្រុល​បុក​ម៉ូតូ​ចំ​ពេញទំហឹង​បណ្ដាលឱ្យ​ម៉ូតូ​កៀប​ជាប់​ក្រោម​រថយន្ដ​អូស​ប្រហែល​៥​ម៉ែត្រ​រង​ការខូចខាត​។ ចំណែក​ម្ចាស់​ម៉ូតូ​ខ្ទាត​ចេញពី​ម៉ូតូ​រងរបួស​ធ្ងន់​នៅ​មិនទាន់​ស្គាល់ឈ្មោះ​នៅឡើយ។​

    ក្រោយ​កើតហេតុ​ម្ចាស់​រថយន្ដ​បាន​ឈប់​រថយន្ដ​ហើយ​ចុះមក​មើល​ជនរងគ្រោះ​បាន​បន្តិច​ក៏​ឡើង រថយន្ដ​បើក​ថយក្រោយ​ទម្លាក់​ម៉ូតូ​ចេញ​ហើយ​ព្យាយាម​បើក​រត់គេច​រហូតដល់​ផ្លូវ​លេខ​៥៩២​ទើប​សមត្ថកិច្ច​ដេញតាម​ឃាត់​បាន​។​

    បន្ទាប់ពី​ឃាត់​រថយន្ដ​បង្ក​បាន​សមត្ថកិច្ច​បាន​ទំនាក់ទំនង​ទៅ​កម្លាំង​ជំនាញ​មក​យក​រថ​យ​ន្ដ​បង្ក​ទៅ​រក្សាទុក​នៅ​ការិយាល័យ​ចរាចរណ៍​រាជធានី​ភ្នំពេញ​ដោះស្រាយ​តាម​និតិ​វិធី​ច្បាប់​៕

Untitled 1
adverise with khmeread
Loading ad ...