ប្រធានគណៈកម្មការសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិបានព្រមានថា ប្រទេសស៊ូដង់ខាងត្បូងកំពុងស្ថិតនៅលើផ្លូវឆ្ពោះទៅរកសង្គ្រាមស៊ីវិលដែលមានគ្រប់ជនជាតិភាគតិចចូលរួមច្បាំង។
លោកស្រី Yasmin Sooka បានប្រាប់ក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិថា សមាគមន៍អន្តរជាតិអាចទប់ស្កាត់អំពើប្រល័យពូជសាសន៍ដូចប្រទេសរ្វ៉ាន់ដា ដោយដាក់ពង្រាយកងរក្សាសន្តិភាពភ្លាមៗចំនួន ៤.០០០ នាក់ដើម្បីការពារជនស៊ីវិល។
លោកស្រីក៏បានអំពាវនាវឱ្យប្រទេសនេះបង្កើតតុលាការមួយដើម្បីកាត់ទោសអំពើឃោរឃៅនៅក្នុងប្រទេសថ្មីបំផុតរបស់ពិភពលោកមួយនេះ។
មនុស្សរាប់ម៉ឺននាក់ត្រូវបានសម្លាប់ក្នុងការប្រយុទ្ធគ្នាក្នុងប្រទេសស៊ូដង់ខាងត្បូងហើយមនុស្សជាងមួយលាននាក់បានជម្លៀសខ្លួន។
ជម្លោះក្នុងប្រទេសនេះបានផ្ទុះឡើងក្នុងខែធ្នូ ឆ្នាំ ២០១៣ បន្ទាប់ពីលោកប្រធានាធិបតី Salva Kiir បានបណ្តេញអនុប្រធានាធិបតី Riek Machar ដោយបង្កឱ្យមានសង្គ្រាមស៊ីវិល។
ខណៈអាជ្ញាធរស៊ូដង់ខាងត្បូងបានបដិសេធថា ជនស៊ីវិលកំពុងក្លាយជាគោលដៅវាយប្រហារ កំណត់ត្រាជនអន្តោប្រវេសន៍បានចង្អុលបង្ហាញថាភាគីទាំងពីរបានផ្តោតគោលដៅមកលើជនស៊ីវិលនៅតាមក្រុមជនជាតិភាគតិច ជាហេតុធ្វើឱ្យលោកស្រី Sooka ព្រមានអំពីការកើតឡើងម្តងទៀតនូវអំពើប្រល័យពូជសាសន៍ដូចនៅរវ៉ាន់ដាឆ្នាំ ១៩៩៤៕
ប្រភព៖ បរទេស
