ចូលទៅ​ជ្រក​ភ្លៀង​នៅ​ប្លុក​ត្រឡោកបែក ដក​កាបូប​លុយ​ និង​ទូរស័ព្ទ​មកកាន់​ ត្រូវ​ជនសង្ស័យ​មួយក្រុម​វាយ​និង​កាប់​យកលុយ​អស់

    ភ្នំពេញ ៖ បុរស​២​នាក់​បាន​ចូល​ល​ទៅ​ជ្រក​ភ្លៀង​នៅ​ប្លុក​ត្រឡោកបែក ត្រូវ​ជនសង្ស័យ​មួយក្រុម​មាន​គ្នា​ប្រមាណ​ ៥ នាក់មក​វាយ​ប្រតាយប្រតប់​និង​កាប់​មួយ​កាំបិត បណ្តាលឱ្យ​រយះ​ដៃ​ខាងឆ្វេង ព្រមទាំង​បាត់បង់​លុយ​ចំនួន​ ២០០ ​ដុល្លារ​ហើយ​ជនសង្ស័យ​នាំគ្នា​រត់​ចូល​ប្លុក​នោះ​បាត់អស់។​

    អំពើ​កាប់​ប្លន់​ខាងលើនេះ កើតឡើង​នៅវេលា​ម៉ោង ១ និង ៥០ នាទី​រំលង​អា​ធ្រា​ត្រ​ឈានចូល​ថ្ងៃទី១៦ ខែធ្នូ ២០១៦ នៅ​ម្តុំ​ផ្លូវ​រថភ្លើង​ត្រឡោកបែកស្ថិតក្នុង សង្កា​ត​ទឹកល្អក់​ទី​១ ខណ្ឌទួលគោក​។

    ជនរងគ្រោះ​ទី​១.ឈ្មោះ សួស ណា​រិ​ទ្ធ និង​ទី​២-​មានឈ្មោះ ពេជ្រ ទាំង​២​នាក់​ជា​បងប្អូនជីដូន​មួយ​នឹង​គ្នា មាន​មុខរបរ​ជាជាង​ដែក ស្នាក់នៅ​ម្តុំ​សង្កាត់​បឹង​កេងកង​៣ ខណ្ឌចំការមន ​មាន​ស្រុកកំណើត​ខេត្តតាកែវ​។​

    យោងតាម​សម្តី​របស់​ជនរងគ្រោះ​ទាំង​២​នាក់​បានឱ្យដឹងថា ដោយសារ​មេឃ​ភ្លៀង​ខ្លាំង​ពិបាកធ្វើ​ដំណើរ ទើប​ពួកគេ​សម្រេចចិត្ត​ចូល​ជ្រក​នៅ​សំ​យ៉ាប​មុខផ្ទះ​គេ​មួយ ក្បែរផ្លូវ​រថភ្លើង​ត្រឡោកបែក ហើយ​ដក​កាបូប​លុយ​និង​ទូរស័ព្ទ​មកកាន់​នឹង​ដៃ​។​

    ក្រោយមក​ក៏មាន​នារីៗ​ដើរមក​និយាយ​តថ្លៃ​លេង​ជាមួយ ពួកគេ បន្ទាប់មក​ក៏​លេចមុខ​ជនសង្ស័យ មាន​គ្នា​ ៥ នាក់​ស្ទុះ​មក​ប្រតាយប្រតប់​ដណ្តើម​កាបូប​លុយ​និង​ទូរស័ព្ទ។​

    តែ​ជនរងគ្រោះ​បាន​ដណ្តើម​ទូរស័ព្ទ​បានមក​វិញ ក៏ត្រូវ​ជនសង្ស័យ​ម្នាក់​កាប់​មួយ​កាំបិត​បណ្តា​លឱ្យជនរងគ្រោះ​ម្នាក់​រងរបួស​។ ដោយឡែក​កាបូប​លុយ​ត្រូវ​ជនសង្ស័យ​ដណ្តើមបាន​នឹង​នាំគ្នា​រត់​បាត់អស់​ចូលទៅក្នុង​ប្លុក​នោះ​អស់​។​ ក្នុង​កាបូប​លុយ​នោះ​មាន​លុយ​ចំនួន ​២០០ ​ដុល្លារ​ហើយ​ទូរស័ព្ទ​ដែល​ដណ្តើមបាន​មកវិញ​ម៉ាក សាំ​ស៊ុ​ង។​

    ក្រោយពេល​កើតហេតុ ជនរងគ្រោះ​បាននាំគ្នា​មកប្តឹង​នៅ​ប៉ុស្តិ៍នគរបាល​ទឹកល្អក់​ទី​១ តែ​បែរជា​មិនមាន​សមត្ថកិច្ច​ប្រចាំការ​នោះទេ​ទើប​ពួកគេ​សម្រេច​ទៅ​ដេរ​របួស និង​ត្រឡប់​ទៅ​កន្លែង​ស្នាក់នៅ​វិញ​តែម្តង​៕

adverise with khmeread