ទីលាន​ប្រឡង​ដៃចង្កូត​ប័ណ្ណបើកបរ​រថយន្ត​ត្រូវបាន​ផ្អាក និង​ពន្យារពេល​ទៅ​ថ្ងៃ​ចន្ទ​សប្តាហ៍​ក្រោយ ដោយសារ​ទឹក​លិច​

    ភ្នំពេញ​ ៖ ទីតាំង​ប្រឡង​យក​ប័ណ្ណ​បើកបរ​ផ្នែក​ដៃចង្កូត របស់​អង្គភាព​ផ្តល់​ប័ណ្ណបើកបរ​រថយន្ត​នៃ​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​រាជធានី​ភ្នំពេញ ដែលមាន​ទីតាំង​ប្រឡង​ស្ថិតនៅ​ខាងក្រោយ​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន (​ទល់មុខ​ការិយាល័យ​ប៉ូលិស​ចរាចរណ៍​ក្រុង​) តាម​បណ្តោយ​ផ្លូវ​លេខ​៥៩៨ ក្នុង​ខណ្ឌ​ឬ​ស្សី​កែវ ត្រូវបាន​ផ្អាក និង​ពន្យារពេល​ការប្រឡង​រហូតដល់​ថ្ងៃ​ចន្ទ ដើម​សប្តាហ៍​ក្រោយ បន្ទាប់ពី​មាន​ជំនន់​ទឹកភ្លៀង​ប៉ុន្មាន​ថ្ងៃនេះ  បណ្តាលឱ្យ​ទឹក​លិច​ព្រោះ​ទីនោះ​ជា​អតីត​បឹង។​

    មន្ត្រី​អង្គភាព​ផ្តល់ប័ណ្ណបើកបរ​រថយន្ត​បានឱ្យដឹងថា បន្ទាប់ពី​ភ្លៀង​ធ្លាក់​មួយ​មេ​ធំ​កាលពី​យប់​ថ្ងៃទី​១៥​ ធ្នូ ​មកបាន​បង្កឱ្យមាន​ការ​ជន់​លិច​ទីលាន​ប្រឡង​យក​ប័ណ្ណបើកបរ​ផ្នែក​ដៃចង្កូត ដោយសារ​ប្រព័​ន្ធលូ​នៅ​តំបន់​នោះ​តូចៗ និង​រក​ប្រភពទឹក​ហូរ​ចេញ​អត់​បាន។​

    មន្ត្រី​ដដែល​បាន​បន្តថា ដោយសារ​មានទឹក​លិច​បែបនេះ ធ្វើឱ្យ​ការប្រឡង​ផ្នែក​ដៃចង្កូត​ត្រូវបាន​ផ្អាក និង​ពន្យារពេល​ទៅ​ថ្ងៃ​ចន្ទ​ដើម​សប្តាហ៍​ក្រោយ ប៉ុន្តែ​ទោះជា​យ៉ាងណា​សម្រាប់​ការប្រឡង​ទ្រឹស្តី​នៅតែ​បន្ត​ដំណើរការ​ជាធម្មតា​ដដែល។​

    មន្ត្រី​អង្គភាព ផ្តល់​ប័ណ្ណបើកបរ ដដែល​បាន​បញ្ជាក់ថា រាល់ពេល​ភ្លៀង​កន្លងមក​មានការ​ជន់​លិច​ដែរ តែ​ឆាប់​ស្រក់​ទៅវិញ​លឿន ដែល​បង្ក​ការរាំងស្ទះ ក្នុងការ​ប្រឡង​យក​ប័ណ្ណបើកបរ​ផ្នែក​ដៃចង្កូត​នេះ តែ​ក្នុង​រយៈពេល​ខ្លី​ប៉ុណ្ណោះ។ ​ប៉ុន្តែ​សម្រាប់​ពេលនេះ ទឹក​នៅ​ដក់​ត្រាំត្រែង​មិន​ស្រ​កសោះ។

    ពាក់​ព័ន្ធ​ទៅនឹង​ការ​លិច​នេះ អង្គភាព​ផ្តល់​ប័ណ្ណបើកបរ​បានស្នើ​សុំ​ទៅ​ក្រុមហ៊ុន​ដែល​បានទទួល​សិទ្ធិ​រៀបចំ​ការប្រឡង​នេះ រក​ទីតាំង​ថ្មី​ជា​យូរ​មកហើយ តែ​មិនមាន​លទ្ធផល​ទេ រហូតមកដល់​ពេលនេះ៕

Unnamed %281%29
adverise with khmeread
Loading ad ...